កីឡាជាតិ
ជាតិ
ក្រុមបាល់ទះវិសាខា នឹងត្រូវជួបក្រសួងមហាផ្ទៃ មុនចេញទៅប្រកួតពាននៅ ម៉ាឡេស៊ី
15, Jun 2023 , 7:59 am        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះវិសាខា(ស) និងក្រសួងមហាផ្ទៃ (ខៀវ)​ នាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះវិសាខា(ស) និងក្រសួងមហាផ្ទៃ (ខៀវ)​ នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពជាតិរវាងក្រុមបាល់ទះវិសាខា និងក្រសួងមហាផ្ទៃ ជាជំនួបកម្តៅសាច់ដុំ មុនក្លិបបាល់ទះវិសាខា ចេញទៅប្រកួតពានរង្វាន់Championship នៅប្រទេសម៉ាឡេស៊ី នាខែមិថុនា ឆ្នាំ២០២៣ នេះ។

 
ការប្រកួតបាល់ទះមិត្តភាពជាតិរវាងម្ចាស់ពានរង្វាន់បាល់ទះ សម្តេច ស ខេង វិសាខា និងម្ចាស់ពានរង្វាន់បាល់ទះកីឡាជាតិលើក៣ ក្រសួងមហាផ្ទៃ នឹងត្រូវជួបប្រកួតគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានបាល់ទះក្នុងសាល នាបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ល្ងាចតទៅ។ ក្នុងការប្រកួតរវាងក្រុមខ្លាំងទាំងពីរនេះដែរមន្រ្តីសហព័ន្ធថាជាការកម្តៅសាច់ដុំមុនក្លិបបាល់ទះវិសាខា ចេញប្រឡោកពានអន្តរជាតិក្រៅស្រុក។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ការប្រកួតនេះធ្វើឡើង គឺដោយមើលឃើញគុណផលរបស់ក្លិបវិសាខា គាត់នឹងត្រូវចេញទៅប្រកួតពានរង្វាន់ Championship នៅម៉ាឡេស៊ី»។ ចំពោះឈ្មោះពេញនៃពានរង្វាន់ក្លិបនោះដែរលោកអគ្គលេខាធិការបញ្ជាក់ថា ខាងម៉ាឡេស៊ីមិនទាន់បានកំណត់ជាក់លាក់នោះទេ។
 
សម្រាប់ក្លិបយក្សក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគឺ វិសាខា និងក្រសួងមហាផ្ទៃ សុទ្ធសឹងតែជាក្រុមខ្លាំងដែលនឹងត្រូវតតាំងគ្នា។ ការប្រកួតចុងក្រោយក្រសួងមហាផ្ទៃ បានត្រឹមជើងឯករងពានរង្វាន់បាល់ទះ សម្តេច ស ខេង ខណៈវិសាខា ជាម្ចាស់ជើងឯក ដែលបញ្ចប់ទាំងបីសិត វិសាខា ឈ្នះក្រសួងមហាផ្ទៃ ៣-០សិត(២៥-២១,២៥-២៣,២៥-២៣)៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com