កីឡាជាតិ
ជាតិ
គួច សុកុម្ភៈ៖ ទោះជា​ប់ ឬមិនជាប់ជម្រើសជាតិ កីឡាករត្រូវតែប្រឹងហ្វឹកហាត់ជាប្រចាំ
14, Jun 2023 , 8:59 pm        
រូបភាព
កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននិយាយថា ការប្រឹងប្រែងហ្វឹកហាត់សម្រាប់កីឡាករម្នាក់ៗ គឺមានសារៈសំខាន់ណាស់ ហើយការហ្វឹកហាត់ទាំងនោះ មិនមែនតែដើម្បីជាប់ជាជម្រើសជាតិតែម្យ៉ាងទេ តែដើម្បីសមត្ថភាពក្នុងជាអាជីព ឬជាការងារ។ ប្រសិនជាហ្វឹកហាត់មិនល្អ ឬមិនប្រឹងប្រែងទេ នោះមានន័យថា ការងាររបស់កីឡាករទាំងនោះ ក៏មិនល្អដែរ។



គួច សុកុម្ភៈ ដែលជារប្រធានក្រុមណាហ្គាវើលដ៍ បានខកខានប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជា ១ ឆ្នាំគឺពាក់កណ្ដាលឆ្នាំ២០២២ ដល់ពាក់កណ្ដាលឆ្នាំ២០២៣។ ដោយឡែក ប្រធានក្រុមរូបនេះ នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិសាជាថ្មី ក្នុងជំនួបមិត្តភាពកម្ពុជា និងបង់ក្លាដេស ក្នុងថ្ងៃ FIFA (FIFA’s Days) នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


គួច សុកុម្ភៈ ឈរនៅខាងមុខគេ កំពុងហាត់ជាមួយក្រុមជម្រើសជាតិ រូបពី Cambodian Premier League

ចំពោះការបង្ហាញខ្លួនសារជាថ្មីនេះ ប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះ បានប្រាប់អ្នកសារព័ត៌មានថា សប្បាយជាខ្លាំង ព្រោះមិននឹកស្មានថា ក្រុមជម្រើសជាតិ នៅតែត្រូវការរូបលោក។ លោក គួច សុកុម្ភៈ ដែលត្រូវបានអ្នកគាំទ្រកម្ពុជា ឲ្យឈ្មោះថាផ្ការីកគ្រប់រដូវ បានប្រាប់បន្ដទៀតថា ការប្រឹងប្រែងហ្វឹកហាត់ និងការគោរពវិន័យ តួនាទីរបស់ខ្លួនជាកីឡាករ ធ្វើឲ្យរូបលោក បានជាប់ជាជម្រើសជាតិ ហើយនេះ មិនមែនជាការគាប់ជួនទេ ប៉ុន្ដែ គឺជាការប្រឹងប្រែង ដោយមានឆន្ទៈ និងស្មារតី ក្នុងនាមជាកីឡាករបាល់ទាត់។
 
«ខ្ញុំ មិនដែលគិតអីច្រើននោះទេ។ កត្តាសំខាន់បំផុត គឺយើងផ្ដោតទៅលើ ការខិតខំប្រឹងប្រែងរបស់យើង ទាំងការសម្រាក និងការហ្វឹកហាត់ ព្រោះកីឡានេះ ដូចជាអាជីពរបស់យើងមួយ ដូចជាការងាររបស់យើងមួយ។ អ៊ីចឹង ពេលខ្ញុំធ្វើអ្វី ក៏ដោយគឺយើងគិតពីវា។ ប្រសិនយើង មិនជាប់ជម្រើសជាតិ សំខាន់បំផុត គឺខ្ញុំខំប្រឹង។ ដោយសារតែហេតុនេះហើយ បានជាខ្ញុំ មិនទាន់លាឈប់ពីក្រុមជម្រើសជាតិ ព្រោះ ខ្ញុំ នៅបន្ដការខំប្រឹងរបស់ខ្ញុំ។»។ ប្រធានក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន មុនប្រកួតដូច្នេះ។
 
ដោយឡែក ចំពោះការប្រកួត នាថ្ងៃទី១៥ ខែមិថុនា លោក គួច សុកុម្ភៈ មិនអាចប្រាប់ ឬក៏ដាក់ការរំពឹងទុកខ្ពស់ថា ត្រូវឈ្នះ ១០០ភាគរយទេ ដោយគ្រាន់តែបញ្ជាក់ថា រូបលោក និងសមាជិកក្រុមជម្រើសជាតិ នឹងប្រឹងប្រកួតអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្រទាំងអស់ពេញចិត្ត។
 
កីឡាករផ្ការីកគ្រប់រដូវនេះ បាននិយាយថាការវិលត្រឡប់មកទីលានបាល់ទាត់ជាមួយក្រុមជម្រើសជាតិ ការហ្វឹកហាត់ជាមួយកីឡាករផ្សេងទៀត មិនមានបញ្ហាទេ ព្រោះអ្នកទាំងនោះ មានស្មារតីសាមគ្គីជាក្រុម។ ប្រធានក្រុម មានអាយុ ៣៦ឆ្នាំរូបនេះ ប្រាប់ដូច្នេះថា៖« ខ្ញុំ មិនមានបញ្ហានោះទេ ព្រោះកីឡាករទាំងអស់ ដែលគ្រូបង្វឹកកោះហៅមក ភាគច្រើនសុទ្ធតែធ្លាប់ ហាត់ជាមួយគ្នាពីមុនមក ប៉ុន្ដែសម្រាប់កីឡាករ ខ្លះ គាត់អត់បានជាប់មួយរយៈក្រោយនេះ។ ប៉ុន្ដែ ខ្ញុំ គិតថាវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំ ហ្វឹកហាត់ជាក្រុមនោះទេ។»។
 

ជាប់ជម្រើសជាតិជាថ្មី កុម្ភៈក៏បង្ហាញក្តីរីករាយផងដែរក្រោមការដឹកនាំរបស់លោក Felix G.Dalmas ដែលជំនួសពីលោក ហុងដា។ «ខ្ញុំសប្បាយចិត្តដែលបានលេងជាថ្មីម្តងទៀត។ ខ្ញុំសង្ឃឹមថាការប្រកួតថ្ងៃស្អែកនឹងធ្វើឱ្យបានល្អ»។ 
 
គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាព កម្ពុជា និងបង់ក្លាដេស នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០ យប់៕
 

Tag:
 គួច សុកុម្ភៈ
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com