កីឡាជាតិ
ជាតិ
គ្រូបង្វឹកបង់ក្លាដែស៖ យើង មានជម្រើសប្រកួតទល់ក្រុមផ្សេង ប៉ុន្ដែចង់ជួបកម្ពុជា ព្រោះសម្បូរកីឡាករ មានគុណភាព
15, Jun 2023 , 3:03 pm        
រូបភាព
លោក Javier Cabera គ្រូបង្វឹកជម្រើសជាតិបង់ក្លាដេស រូបពី Cambodian Premier League
លោក Javier Cabera គ្រូបង្វឹកជម្រើសជាតិបង់ក្លាដេស រូបពី Cambodian Premier League
លោក Javier Fernandez Cabera គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដែស បាននិយាយដូច្នេះថា អំឡុងថ្ងៃ FIFA’s Days បង់ក្លាដែស មានជម្រើសទៅប្រកួតមិត្តភាពជាមួយប្រទេសផ្សេងទៀត ប៉ុន្ដែគ្រូបង្វឹកនេះ បែជាសម្លឹងឃើញ កម្ពុជាមុនគេ។ លោក Cabera មើលឃើញក្រុមកម្ពុជា សម្បូរទៅដោយកីឡាករ មានបច្ចេកទេស និងគុណភាពខ្ពស់។



លោក Javier Cabera បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតមិត្តភាព កម្ពុជា និងបង់ក្លាដែស ដូច្នេះថា កីឡាករឆ្នើមមួយចំនួនរបស់កម្ពុជា ដូចជា ចាន់ វឌ្ឍនាកា លឹម ពិសុទ្ធ ឬគួច សុកុម្ភៈ ក៏ដោយមិនមែនជារឿងសំខាន់សម្រាប់ការប្រកួតនេះទេ។ ប៉ុន្ដែ អ្វី ដែលសំខាន់នោះ គឺគុណភាពរបស់ក្រុមជម្រើសជាតិកម្ពុជាទាំងមូល។ 
  
កីឡាករ Jamal Bhuyan ប្រធានក្រុមបង់ក្លាដេស រូបពី Cambodian Premier League
 
«គ្រូបង្វឹកបង់ក្លាដែស ការប្រកួត មិនស្ថិតលើបុគ្គលម្នាក់ៗទេ បើទោះជាមាន ចាន់ វឌ្ឍនាកា ឬ លឹម ពិសុទ្ធ ក៏ដោយ។ ប៉ុន្ដែ អ្វី ដែលសំខាន់សម្រាប់ប្រកួតនីមួយៗ គឺជាគុណភាពរបស់ក្រុម។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។ 
 
លោក Javier Cabera និយាយដូច្នេះ ដូចជាចង់សម្ដៅថា កីឡាករមានសមត្ថភាព និងបច្ចេកទេសល្អ គឺជារឿងសំខាន់ហើយ ប៉ុន្ដែ បើគ្មានស្មារតីក្រុមទេ នោះប្រកដជាមិនអាចយកជ័យជម្នះបានឡើយ។
 
កម្ពុជា ធ្លាប់ជួបគ្នា ជាមួយបង់ក្លាដែស ចំនួន ៤លើករួចមកហើយ ក្នុងចំណោម ៤លើកនោះ កម្ពុជា ចាញ់ ៣លើក និងស្មើ ១ប្រកួត។ ការប្រកួតមិត្តភាពនាអំឡុង ឆ្នាំ២០០៧ បង់ក្លាដែស ស្មើជាមួយកម្ពុជា ក្នុងលទ្ធផល ១-១។ លុះចូលមកដល់ឆ្នាំ ២០០៩ ក្នុងការប្រកួត ពានរង្វាន់ AFC កម្ពុជា ចាញ់ក្នុងលទ្ធផល ១-០ និងប្រកួតចុងក្រោយបំផុត នៅឆ្នាំ២០២២ ខែកញ្ញា កម្ពុជា ចាញ់ក្នុងលទ្ធផល ១-០។ 
 
លទ្ធផលឈ្នះទាំងត្រដាប់ត្រដួសនេះ ធ្វើឲ្យលោក Javier Cabera ចាត់ទុកថាកម្ពុជា មិនមែនជាក្រុម ដែលស្រួលយកឈ្នះនោះទេ។ ហេតុនេះ បានជាគ្រូបង្វឹករូបនេះ សម្រេចជ្រើសយកកម្ពុជា ជាជម្រើសទី១ ក្នុងការប្រកួតមិត្តភាពនាអំឡុងថ្ងៃ FIFA’s Days។
 
ក្រៅអំពីនេះ គ្រូបង្វឹកនេះ ក៏ចាត់ទុកថាទឹកដីកម្ពុជា គឺជាកន្លែងស្រួលបោះជំរុំហ្វឹកហាត់ ព្រោះអាកាសធាតុ និងទីលានបាល់ទាត់មានគុណភាពល្អ។ គ្រូបង្វឹកបង់ក្លាដែស បាននិយាយដូច្នេះថា៖«យើង ចាត់ថាការប្រកួតជាមួយកម្ពុជា គឺរឿងសំខាន់ ព្រោះ ខ្ញុំ យល់ថា គុណភាពកីឡាករកម្ពុជា គឺខ្ពស់ណាស់។ សម្រាប់យើង ប្រកួតនៅទីនេះ យើងមានអារម្មណ៍ថា ងាយស្រួល ដោយសារតែអាកាសធាតុ និងគុណភាពនៃទីលានហ្វឹកហាត់។ ហើយការជួបជាមួយកម្ពុជា ក៏ជាការត្រៀមខ្លួនសម្រាប់យើង ក្នុងការប្រកួតប្រជែងក្នុងការដណ្ដើមកៅអី ទៅ FIFAលើកក្រោយទៀតផងដែរ។»។
 
ក្នុងពេលជាមួយគ្នានេះផងដែរ កីឡាករ Jamal Bhuyan ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស ក៏បាននិយាយដូចគ្នាទៅនិងលោក Javier Cabera ផងដែរ។ ប្រធានក្រុមរូបនេះ មានបទពិសោធន៍ប្រកួតជាមួយក្រុមកម្ពុជា ចំនួន ៣លើករួចមកហើយ។ កីឡាករ Jamal Bhuyan បាននិយាយដូច្នេះថា៖«កីឡាករកម្ពុជា មានបច្ចេកទេសល្អ ពួកគេពូកែគ្រប់គ្រងបាល់។ សម្រាប់ខ្ញុំ ចាប់អារម្មណ៍ជាខ្លាំងចំពោះសមត្ថភាពកីឡាករកម្ពុជា។»។
 
គួរបញ្ជាក់ផងដែរ ការប្រកួតមិត្តភាព កម្ពុជា និងបង់ក្លាដែស នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០ យប់៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com