កីឡាជាតិ
ជាតិ
កម្ពុជា បញ្ជូនអត្តពលិកចំបាប់៤រូប ទៅប្រជែងពាន U-23 Asain Championship នៅកៀហ្ស៊ីស៊ីស្ថាន
15, Jun 2023 , 9:59 pm        
រូបភាព
កីឡាករចំបាប់កម្ពុជា ម៉ូ សារី (ស្តាំ) ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
កីឡាករចំបាប់កម្ពុជា ម៉ូ សារី (ស្តាំ) ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ដោយ:
សហព័ន្ធកីឡាចំបាប់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ៦រូបទៅប្រកួតពានរង្វាន់ U23-U17 Asian Championship 2023 នៅក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រទេសចំនួន ៤៥ចូលរួមប្រកួតប្រជែង។

 
ការចេញដំណើរនេះដែរដឹកនាំដោយប្រតិភូគ្រូបង្វឹកលោក Komeil Ghasemi និងគ្រូជំនួយអ្នកស្រី ចូវ សុធារ៉ា។ ជាលើកដំបូងសម្រាប់ការប្រកួតប្រជែងកម្រិតអាស៊ី អ្នកគ្រូ ចូវ សុធារ៉ា ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក នៅថ្ងៃទី១៥ ខែមិថុនា នេះថា សម្រាប់ការប្រកួតកម្រិតធំបែបនេះជាឱកាសល្អមួយសម្រាប់អត្តពលិកវ័យក្មេងកម្ពុជា ដើម្បីបង្កើនសមត្ថភាព និងគុណភាព។
 

អ្នកគ្រូ ចូវ សុធារ៉ា (ក្រោយ) ជាមួយកីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា នាពេលកំពុងធ្វើដំណើរ។ រូបពី ចូវ សុធារ៉ា
 
អ្នកស្រី ចូវ សុធារ៉ា និយាយថា៖«នេះជាលើកទីមួយ។ សម្រាប់ការប្រកួតនេះវាសំខាន់ណាស់សម្រាប់កីឡាការិនីយើង វានឹងធ្វើឱ្យពួកគាត់កាន់តែទទួលបានបទពិសោធន៍ថ្មីៗ ព្រោះការប្រកួតនេះមាន ៤៥ប្រទេសចូលរួម ហើយសុទ្ធតែជើងខ្លាំងមកពីប្រទេសផ្សេងគ្នា»។ បន្ថែមពីលើនេះទៀត អ្នកគ្រូ សុធារ៉ា លើកឡើងថាការដឹកនាំប្រកួតកម្រិតធំលើកដំបូង​នឹងនាំឱ្យអត្តពលិកវ័យក្មេងកម្ពុជាទទួលបាននូវអ្វីដែលថ្មី។
 
អ្នកគ្រូ ចូវ សុធារ៉ា សង្កត់ធ្ងន់ថា៖«សម្រាប់ខ្ញុំ ការដឹកនាំលើកនេះនឹងនាំឱ្យពួកគាត់ស្គាល់នូវអ្វីដែលថ្មី ហើយអោយពួកគាត់យល់ដឹងកាន់តែច្បាស់ពី ចំបាប់(wrestling) ដើម្បីឱ្យពួកគាត់ខិតខំបន្ថែមទៀត»។ យ៉ាងណាការចេញទៅប្រកួតនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន នឹងបន្ថែមល្បោយសម្រាប់កីឡាការិនីថ្មីសន្លាងរបស់កម្ពុជា។
 
គួបញ្ជាក់ថា ការប្រកួតកីឡាចំបាប់កម្រិតអាស៊ី U23-U17 Asian Championship 2023 នៅក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលដឹកនាំដោយប្រធានប្រតិភូគ្រូបង្វឹក លោក Komeil Ghasemi និងគ្រូជំនួយអ្នកស្រី ចូវ សុធារ៉ា មាន កីឡាករ ស៊ូ បាលី លេងលើវិញ្ញាសា Frestyle ១២៥គីឡូក្រាម, កីឡាករ ម៉ូ សារី លេងលើវិញ្ញាសា Frestyle ៩៧គីឡូក្រាម, កីឡាការិនី ជា កញ្ញា លេងលើវិញ្ញាសា Women’s Wrestling ៦៥គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន លេងលើវិញ្ញាសា Women’s Wrestling ៦២គីឡូក្រាម៕
 

Tag:
 កីឡាចំបាប់
 ចូវ សុធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com