អន្តរជាតិ
ចង់មានឈ្មោះជាបញ្ញវន្ត សេដ្ឋីចិនម្នាក់ព្យាយាមប្រឡងចូលមហាវិទ្យាល័យ​លើកទី២៧
15, Jun 2023 , 8:29 pm        
រូបភាព
ដោយ: រួបរួម
ជាមនុស្សជោគជ័យ​ក្នុងអាជីព ដោយ​ចាប់ផ្តើម​ការងារជាបុគ្គលិក​រោងចក្រ រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​គ្រឿង​សំណង់​ដ៏រីកចម្រើន លោក Liang Shi មិនសមប្រកបនឹងការរៀន​សូត្រនោះឡើយ។ ដោយពឹងលើ​សមត្ថភាពផ្ទាល់ខ្លួន សេដ្ឋីចិន​រូបនេះ មិន​បោះ​បង់​ការតស៊ូរបស់ខ្លួន​ក្នុងការ​ប្រឡងចូលមហាវិទ្យាល័យចាប់តាំងពីឆ្នាំ១៩៨៣មក។ លោក​បន្ត​ព្យាយាម​លើកទី២៧ ដោយរំពឹងថា​សម្រេច​ដោយជោគជ័យ។

 
Gaokao ជាការ​ប្រឡងពិសេស និង​តឹង​រ៉ឹងមួយដើម្បីទទួលបាន​លំដាប់ពិន្ទុ និងមានឱកាស​ចូលរៀនមហាវិទ្យាល័យ​ល្បីៗនៅប្រទេសចិន។ វ័យ​៥៦​ឆ្នាំ មានឈ្មោះជានិស្សិតមហាវិទ្យាល័យ Sichuan គឺជាក្តីសុបិន​របស់​លោក Liang Shi ចាប់តាំងពីការព្យាយាម​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨៣មក។
 


ក្នុង​បទសម្ភាសជាមួយ​សារព័ត៌មាន​រដ្ឋចិន China News កាលពីឆ្នាំ​២០២២ លោក Liang Shi ដែលជា​អ្នក​ជំនួញដ៏ជោគជ័យម្នាក់ បានអះអាងថា ពិន្ទុ​ដែល​ទទួលបាន​កន្លងមក នៅមាន​កម្រិតទាប ប៉ុន្តែការតាំងចិត្ត​របស់លោក​ខ្ពស់ ដោយបន្ត​ការព្យាយាម​រហូតទាល់តែជាប់។
 
លោកបាន​ព្យាយាម​ប្រឡង Gaokao ជាបន្តបន្ទាប់​លើកឡើង​កាលពី​ឆ្នាំ១៩៩២ ដែលកាលណោះ​មាន​ការ​កំណត់អាយុបេក្ខជន​ត្រឹម​អាយុ​២៥​ឆ្នាំ។ ប៉ុន្តែ​ក្រោយ​ការ​លុបលក្ខខណ្ឌនេះចោល លោក Liang Shi បានបន្ត​ព្យាយាម​ចាប់ពី​ឆ្នាំ​២០០១មក ដែលមាន​រហូត​ដល់ទៅ២៧លើក។
 


លោក​បាន​ប្រឡងជាប់​ក្នុង​ចំណោម​បេក្ខជន​សរុប​ប្រមាណ​១៣លាននាក់។ «មិន​អាចទៅ​រួចនោះឡើយ ដែលគិត​ថា ខ្ញុំ​មិន​អាច​ប្រឡង​ជាប់បន្ត​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ។ លោក​បានថ្លែងប្រាប់ AFP យ៉ាងដូច្នេះ ដោយបន្ថែមថា៖ «ខ្ញុំពិត​ជា​ចង់​រៀន​នៅ​មហាវិទ្យាល័យ និង​ដើម្បី​ក្លាយជាបញ្ញវន្ត​មួយរូប»។
 
បើប្រឡង​ជាប់​លោក Liang Shi នឹងបន្ត​ផ្តោតលើ​ការសិក្សា ហើយ​នឹងលំហែរខួរក្បាល​តាមរយៈ​ការលេងម៉ាជាំង​៣យប់​៣ថ្ងៃជាមួយមិត្តភក្តិរបស់ខ្លួន៕
 
ប្រភពរូបថត៖ AFP
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com