កីឡាជាតិ
ជាតិ
លោក Felix ​៖ បើមាន VAR ខ្ញុំជឿថាកីឡាករបង់ក្លាដែសសល់គ្នា៨នាក់ប៉ុណ្ណោះ ទល់កម្ពុជា
16, Jun 2023 , 12:14 pm        
រូបភាព
លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ព្រួយបារម្ភចំពោះសុខភាព និងរបួសកីឡាករ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានចាញ់ បង់ក្លាដែស ក្នុងលទ្ធផល១-០ នៃការប្រកួតមិត្តភាពអន្ដរជាតិ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ទោះចាញ់ តែគ្រូបង្វឹកថ្មីរូបនេះ ពេញចិត្តចំពោះទម្រង់លេងរបស់កីឡាករខ្លួន តាមរយៈការប្រឹងអស់ពីសមត្ថភាព រួមទាំងស្មារតីជាក្រុម ស្របពេលជំនួបមិត្តភាពនេះ មានការប៉ះទង្គិចគ្នាជាច្រើន។



លោក Felix បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយប្រកួតរវាងកម្ពុជា និងបង់ក្លាដែស ដូច្នេះថា ការប្រកួតប៉ះទង្គិចគ្នាច្រើន ដែលជាហេតុធ្វើឲ្យគ្រូបង្វឹករូបនេះ បារម្ភ ចំពោះសុខភាពរបស់កីឡាករ។ បើទោះជាចាញ់ក្រុមភ្ញៀវ ក្នុងលទ្ធផល ១-០ ប៉ុន្ដែ គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ មិនបានខកចិត្តខ្លាំងប៉ុន្មានទេ ហើយមានសុទិដ្ឋិនិយមថា កីឡាកររបស់កម្ពុជា បានប្រឹងអស់ពីសមត្ថភាព បូករួមជាមួយស្មារតីប្រកួតប្រជែងផងដែរ។ លោក Felix និយាយដូច្នេះថា៖ «ខ្ញុំ គិតថាកីឡាករ លេងបានល្អ ពួកគេការពារល្អ ប្រយុទ្ធល្អ និងចែកបាល់បានល្អ។ នេះ គឺជាការចាប់ផ្ដើមយ៉ាងល្អ។»។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ ជឿថា ប្រសិនជាមាន VAR កីឡាករ បង់ក្លាដែស ចំនួន៣នាក់ នឹងត្រូវបានកាតក្រហម ព្រោះមានការប៉ះទង្គិចគ្នាខ្លះជាចេតនា។ ចំពោះបញ្ហាពិន័យកាតផ្សេងៗ ទាំងច្បាស់លាស់ និងមិនច្បាស់លាស់ លោក Felix មិនបានដាក់កំហុសទៅលើផ្នែកណាមួយទេ ដោយគ្រាន់តែនិយាយថា ការប្រកួតបាល់ទាត់ពេលខ្លះ គឺមិនស្មើភាពគ្នា។
ក្រៅតែអំពីផ្ដោតលើការប្រកួត លោក Felix ក៏យកចិត្តទុកដាក់ចំពោះបញ្ហារបួសកីឡាករផងដែរ បើទោះជាមិនមានអ្នកប៉ះទង្គិចធ្ងន់ធ្ង ក៏ដោយ។ «រឿងដំបូង ខ្ញុំព្រួយបារម្ភ ចំពោះកីឡាករ ការដាក់សម្ពាធទៅលើពួកគេ ប្រសិនជាមាន VAR ច្បាស់ណាស់ បង់ក្លាដែស នឹងត្រូវមានចំនួន ក្នុងតារាង តែ៨នាក់ទេ។ ខ្ញុំ បារម្ភពីសុខភាពរបស់កីឡាករ ព្រោះគ្រប់ពេល ដែលលេងបាល់តែងប៉ះទង្គិចគ្នា។ ដូច្នេះ ខ្ញុំ នឹងមើលថាតើកីឡាករ និងកើតអ្វីទេ ទៅលើរាងកាយរបស់ពួកគេ។»។ គ្រូជម្រើសជាតិកម្ពុជា បាននិយាយដូច្នេះ។
 
ចំពោះការត្រៀមខ្លួន និងហ្វឹកហាត់ត្រៀមសម្រាប់ប្រកួតអន្ដរជាតិ ក្រុមបង់ក្លាដែស មានពេលហ្វឹកហាត់ ជា ១ឆ្នាំកន្លះ ចំណែកកម្ពុជា លោក Felix បញ្ជាក់ថាមានពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។ នេះ ដែលជាហេតុធ្វើឲ្យ គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ ពេញចិត្តលើការបង្ហាញខ្លួនយ៉ាងល្អ លើទីលានរបស់កីឡាករ។
គ្រូបង្វឹកក្រុមកម្ពុជារូបនេះ ក៏សង្ឃឹមថា ប្រជាជនកម្ពុជា នឹងបន្ដគាំទ្រក្រុមជម្រើសជាតិ ចេញពីបេះដូង។ លោក Felix ចាត់ទុកថាការស្រឡាញ់ និងគាំទ្ររបស់ប្រជាជន គឺជាផ្នែកមួយនៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក Felix G. Dalmas បាននិយាយដូច្នេះថា៖«ខ្ញុំ សង្ឃឹមថាប្រជាជន កម្ពុជា និងរីករាយ គាំទ្រចេញពីបេះដូង ហើយនេះ គឺផ្នែកមួយនៃកីឡាបាល់ទាត់ ដែលត្រូវប្រកួត។ យើងទាំងអស់គ្នា ប្រឹងធ្វើការជួយបាល់ទាត់​ ដូចជាគ្រួសារតែមួយ។»។
គួរបញ្ជាក់ផងដែរថា បង់ក្លាដែស បានយកឈ្នះ លើក្រុមកម្ពុជា ក្នុងលទ្ធផល ១-០ នៃការប្រកួតមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ នេះ គឺជាការប្រកួតដំបូង ដែលដឹកនាំដោយលោក Felix G. Dalmas បន្ទាប់ពីលោក Keisuke Honda សម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕
 

Tag:
 Felix G. Dalmas
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com