កីឡាជាតិ
ជាតិ
សូហ្វតិន្នីស៖ មន្រ្តីសហព័ន្ធថាការប្រកួតពាន NBI នៅកូរ៉េខាងត្បូងអស្ចារ្យ
16, Jun 2023 , 7:59 pm        
រូបភាព
គ្រូបង្វឹក និងអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា នាពេលហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង។ រូបពី ឃនសាត សាន្នីតា
គ្រូបង្វឹក និងអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា នាពេលហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង។ រូបពី ឃនសាត សាន្នីតា
ដោយ:
អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា កញ្ញា ឃនសាត សាន្នីតា បញ្ជាក់ថា ការប្រកួតពានរង្វាន់ 2023 Nonghyup Bank Incheon Korea Cup International Soft Tennis Tournament (NBI) នៅក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ជាការប្រកួតដ៏ស្វិតស្វាញ ព្រោះមានអត្តពលិកពេញសមត្ថភាព មកពីបណ្តាប្រទេសខ្លាំងៗជាច្រើនប្រកួតប្រជែង។

 
ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកតេលេក្រាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កញ្ញា ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកឡើងថា ការចូលរួមប្រកួតពានរង្វាន់ Korea Cup2023 ជាការប្រកួតអន្តរជាតិមួយដែលមានអត្តពលិកពោរពេញដោយសមត្ថភាព។


កញ្ញា ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។ រូបពី ឃនសាត សាន្នីតា
 
កញ្ញា ឃនសាត សាន្នីតា និយាយថា៖«មិនត្រឹមតែមានការចូលរួមពីអាស៊ីប៉ុណ្ណោះទេ ក៏មានមកពីអ៊ឺរ៉ុបផងដែរ ដែលខុសពីការប្រកួតកន្លងមកមានត្រឹមតែការចូលរួមពីអាស៊ី។ ដូចនេះ ធ្វើឱ្យការប្រកួតនេះមានភាពស្វិតស្វាញ និងប្រកួតប្រជែងខ្លាំងណាស់»។ 
 
កញ្ញា សាន្នីតា បន្តថា ទោះបីការប្រកួតមិនមានលក្ខណៈពានរង្វាន់លំដាប់ពិភពលោកតែ ការប្រកួតនេះផ្តល់គុណប្រយោជន៍ច្រើនសម្រាប់អត្តពលិកកម្ពុជាក្នុងការដុសខាត់បច្ចេកទេសថ្មីៗ។
 
អគ្គលេខាធិការរងបន្ថែមថា៖«ទោះបីការប្រកួតនេះ មិនមែនជាការប្រកួតលក្ខណៈផ្លូវការជាជើងឯកអាស៊ី ឬពិភពលោកក៏ដោយ តែការចូលរួមរបស់កីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសទាំងអស់នោះ សុទ្ធសឹងតែជើងខ្លាំងទាំងអស់ដូច កូរ៉េខាងត្បូង ជប៉ុន ចិន និងឆាយនីសតៃប៉ិ (៣ប្រទេសនេះច្រើនក្រុមចូលរួម)»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីស ពានរង្វាន់ NBI នៅប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ទី២១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រទេសចំនួ​ន១៤ ចូលរួម។ ក្នុងនោះរួមមាន កម្ពុជា, ចិន ប៉ូឡូញ ឆែក ម៉ុងហ្គោលី ប៉ាគីស្ថាន ឥណ្ឌា ថៃ ហ្វីលីពីន វៀតណាម ទីម័រខាងកើត ម្ចាស់ផ្ទះកូរ៉េខាងត្បូង ជប៉ុន និងឆាយនីសតៃប៉ិ។ 
 
កម្ពុជា បានបញ្ជូនប្រតិភូដឹកនាំដោយកញ្ញា ឃនសាត សាន្នីតា អគ្គលេខាធិការរង, លោក Kim Gun Jung គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង, កីឡាករ ឌឹម សំសុជាភារុណ, កីឡាករ ចន ម៉ាដា, កីឡាករ សាយ សុចិត្រ្តាកីឡាករ សំ ចាន់កាប៊ី, កីឡាករ សយ សុធន់, កីឡាការិនី ឃី ម៉េងជួង, កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាការិនី ហូ ស្រីណុច៕
 
 

Tag:
 កីឡាសូហ្វតិន្នីស
 NBI
© រក្សាសិទ្ធិដោយ thmeythmey.com