កីឡាជាតិ
ជាតិ
ទទួលបានមេដាយប្រាក់ពីការចោលរបស់កីឡាករថៃ ឆាយ សិត្យា មិនលក់មេដាយនេះដាច់ខាត
17, Jun 2023 , 9:29 am        
រូបភាព
យុវជន ឆាយ សិត្យា ខាំមេដាយប្រាក់ ថតជាមួយមិត្តភក្ដិ រូបពី ឆាយ សិត្យា
យុវជន ឆាយ សិត្យា ខាំមេដាយប្រាក់ ថតជាមួយមិត្តភក្ដិ រូបពី ឆាយ សិត្យា
យុវជន ឆាយ សិត្យា ដែលជាអ្នកទទួលបានមេដាយប្រាក់ស៊ីហ្គេម ពីការចោលរបស់កីឡាករបាល់ទាត់ថៃ Jonathan Khemdee អំឡុងពេលស៊ីហ្គេមលើកទី៣២ បង្ហាញគោលជំហរមិនលក់មេដាយនេះឡើយ បើទោះមានការចរចាផ្តល់ប្រាក់ទិញយកមេដាយនេះក្តី។ សិត្យា ចាត់ទុកមេដាយប្រាក់ស៊ីហ្គេមនេះ ជាវត្ថុអនុស្សាវរីយ៍ ដែលអ្នកគាំទ្រផ្សេងទៀត មិនអាចរកបានដូចខ្លួន។



យុវជន ឆាយ សិត្យា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បន្ទាប់ពីរូបខ្លួន បង្ហោះរូបជាមួយមេដាយប្រាក់ ដែលកីឡាករថៃ បានគប់មកលើអ្នកគាំទ្រនោះ មានអ្នកជំនួយ និងអ្នកបើកអាជីវកម្មលក់ដូរមួយចំនួន ទាក់ទងរកទិញមេដាយនេះ។ ចំពោះទំហំសាច់ប្រាក់ និងអត្ដសញ្ញាណអ្នកទំនាក់ទំនងទាំងនោះ យុវជន សិត្យា សុំមិនបញ្ចេញនោះទេ។
 
ដោយឡែក សិស្សថ្នាក់ទី១២រូបនេះ បានបង្ហាញគោលជំហររបស់ខ្លួនថា នឹងមិនលក់ដាច់ខាតនូវមេដាយនេះ បើទោះជាទំហំសាច់ប្រាក់ច្រើន ក៏ដោយ។ សត្យា និយាយថា មូលហេតុ ដែលប្រកាន់គោលជំហរបែបនេះ ព្រោះតែមេដាយនេះ មិនមែនត្រឹមតែជាវត្ថុអនុស្សាវរីយ៍ បង្ហាញពីជ័យជម្នះតែម្យ៉ាងទេ ប៉ុន្ដែ បានបង្កប់អត្ថន័យជាច្រើន ដោយមានរូប​និមិត្តសញ្ញាផ្សេងៗ បង្ហាញពីកម្ពុជា។
 
អ្នកទាក់ទងមករកទិញភាគច្រើន ជាជនជាតិកម្ពុជា ដែលមានអាជីវកម្មហាងលក់ដូធំៗ។ អ្នកទាំងនោះ ចង់បានមេដាយនេះ ដើម្បីដាក់តាំងក្នុងហាងធ្វើជាអនុស្សាវរីយ៍។ យុវជន សិត្យា បាននិយាយថា៖« មានពូម្នាក់ចង់ទិញ មេដាយដាក់ហាងគាត់ ដើម្បីឲ្យភ្ញៀវចូលក្នុងហាង បានឃើញមេដាយនេះ។ ខ្លះទៀត ចង់ទិញមេដាយខ្ញុំតាំងក្នុងរម្មណីយដ្ឋានរបស់គេ។ ខ្មែរ យើងរង់ចាំ ៦៤ឆ្នាំហើយបានធ្វើម្ចាស់ផ្ទះស៊ីហ្គេម។ ដូច្នេះ ខ្ញុំ មិនចង់លក់វាទេ ខ្ញុំទុកឲ្យគ្រួសារ បងប្អូនខ្ញុំ មើល ទុកឲ្យអ្នកក្រោយៗទៀត បានឃើញ ហើយនឹកដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។»។
 
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសរវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក យុវជន ឆាយ សិត្យា បានទៅទស្សនាក្នុងនាមជាអ្នកគាំទ្រធម្មតាប៉ុណ្ណោះ។ បន្ទាប់ពីពិធីប្រគល់មេដាយដល់អត្ដពលិកលើវិញ្ញាសាកីឡាបាល់ទាត់បុរស Jonathan Khemdee បានយករូបតុក្កតាបុរី និងមេដាយប្រាក់ចោល មកកន្លែងអ្នកគាំទ្រ នៅកន្លែងកៅអីភ្ញៀវពិសេស ហើយ យុវជន ឆាយ សិត្យា ជាអ្នកចាប់បានមេដាយប្រាក់នោះ៕
 

Tag:
 ឆាយ សិត្យា
  ស៊ីហ្គេម
  Jonathan Khemdee
© រក្សាសិទ្ធិដោយ thmeythmey.com