កីឡាជាតិ
ជាតិ
គ្រូជម្រើសជាតិកម្ពុជា៖ ខ្ញុំ គិតថា គួច សុកុម្ភៈ ជាកីឡាករ សក្តិសមតំណាងឲ្យវិស័យបាល់ទាត់នៅកម្ពុជា
17, Jun 2023 , 11:59 am        
រូបភាព
កីឡាករ គួច សុកុម្ភៈ បញ្ជូនបាល់ឲ្យមិត្តរួមក្រុម រូបពី Cambodian Premier League
កីឡាករ គួច សុកុម្ភៈ បញ្ជូនបាល់ឲ្យមិត្តរួមក្រុម រូបពី Cambodian Premier League
លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសរសើរ កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជម្រើសជាតិ ថាទាំងអត្ដចរិក និងសមត្ថភាព នៃការលេង គឺសក្តិសមបំផុតក្នុងការតំណាងឲ្យវិស័យបាល់ទាត់កម្ពុជា។ បើតាមគ្រូជម្រើសជាតិរូបនេះ កីឡាករ គួច សុកុម្ភៈ ទោះជាមានវ័យជ្រេបន្ដិច ប៉ុន្ដែ ការបង្ហាញខ្លួននៅលើទីលាន គឺនៅតែល្អ  និងជាគំរូ ដល់កីឡាករជំនាន់ក្រោយ គួរអនុវត្តតាម។


 
បន្ទាប់ពីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិសារជាថ្មី ក្នុងជំនួបមិត្តភាពកម្ពុជា និងបង់ក្លាដេស នៅថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជ្រើសជាតិកម្ពុជា ត្រូវបានលោក Felix ពោលសរសើរ ថាជាកីឡាករ ដែលសាកសមជាគំរូ ដល់កីឡាករក្មេងជំនាន់ក្រោយ។  
 
ប្រធានក្រុមរូបនេះ បានខកខានការប្រកួតក្នុងក្រុមជម្រើសជាតិ ប្រមាណជិត១ឆ្នាំ ប៉ុន្ដែ ការលេង និងបង្ហាញខ្លួននៅលើទីលាន គឺនៅតែរក្សាទម្រង់បានល្អ ទាំងការបញ្ជូន ការប៉ះ និងការដឹកនាំសមាជិកឲ្យមានស្មារតីជាក្រុម។ មិនត្រឹមតែប៉ុណ្ណោះ កីឡាកររូបនេះ ក៏ដើរតួនាទីសំខាន់ ជាអ្នកសម្របសម្រួលមិត្តរួមក្រុម នៅពេលមានការប៉ះទង្គិចគ្នា ជាមួយគូប្រកួត ក្នុងទីលានប្រកួត។

កីឡាករ គួច សុកុម្ភៈ ពាក់អាវលេខ ១០ លើកដៃមិត្តរួមក្រុម បន្ទាប់ដួល
 
លោក Felix G. Dalmas បាននិយាយដូច្នេះថា៖«ខ្ញុំ គិតថា កុម្ភៈ ជាកីឡាករតំណាងឲ្យវិស័យបាល់ទាត់កម្ពុជា។ ខ្ញុំ ឃើញគ្រប់យ៉ាង ដែលបានកើតឡើងនៅក្នុងវិស័យបាល់ទាត់កម្ពុជា តែប្រហែលជាគាត់ មិនធ្លាប់មានឱកាសហ្វឹកហាត់ក្នុងសាលាកីឡាបានត្រឹមត្រូវ ហើយប្រែលជាកាលនោះ មិនទាន់សម្បូរ សាលាបណ្ដុះបណ្ដាលផង ប៉ុន្ដែ គាត់ជាគំរូ សម្រាប់កីឡាករថ្នាល់របស់កម្ពុជា។»។ 
 
គ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ ក៏សម្លឹងឃើញពីបុគ្គលិកលក្ខណៈ របស់ គួច សុកុម្ភៈ ផងដែរ ។ «គាត់បានបង្ហាញចំណុចវិជ្ជាមានគ្រប់យ៉ាង។ ខ្ញុំ សង្ឃឹមថា គាត់ជាការ គឺផ្នែកមួយនៃការជំរុញ និងលើកទឹកចិត្តឲ្យដល់ពួកយើង និងអនុវត្តនៅអ្វីល្អៗ ទាំងនេះ។ គាត់ជាកីឡាករ តែម្នាក់ធ្វើឲ្យខ្ញុំមោទកភាព ហើយសប្បាយចិត្ត នឹងនៅជាមួយអ្នកទាំងអស់គ្នា។»។ លោក Felix បាននិយាយប្រាប់ដូច្នេះ។
 
បើក្រឡេកទៅមើលពីអាយុរបស់កីឡាករ គួច សុកុម្ភៈ ឆ្នាំ២០២៣នេះ គឺស្ថិតក្នុងវ័យ ៣៦ឆ្នាំ ជាវ័យជ្រេបន្ដិច ក្នុងវិស័យកីឡាបាល់ទាត់។ ដោយឡែក លោក Felix បានប្រាប់ថា អាយុច្រើន មិនមែនជាបញ្ហានោះទេ ឲ្យតែមានបេះដូង ស្មារតីប្រកួត ដើម្បីក្រុម និងជាតិរបស់ខ្លួន។
 
គួរបញ្ជាក់ថា លោក គួរ សុកុម្ភៈ ក្នុងវ័យ ៣៦ឆ្នាំនេះ កំពុងបន្ដអាជីព នៅក្នុងក្លិបណាហ្គាវើលដ៍។ កីឡាកររូបនេះ បានឈានជើងចូលក្នុងវិស័យកីឡាបាល់ទាត់ ដំបូងនៅឆ្នាំ២០០៣ ដោយលេងជាឈុតយុវជន ឲ្យក្រុម Army Youth FC និងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិដំបូង នៅក្នុងឆ្នាំ២០០៦៕
 
 

Tag:
 បាល់ទាត់
  គួច សុកុម្ភៈ
  Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com