ជាតិ
កម្ពុជា-ហ្វីលីពីន ជំរុញឱ្យមានជើងហោះហើរត្រង់ ពីទីក្រុងម៉ានីល មកសៀមរាប
17, Jun 2023 , 1:59 pm        
រូបភាព
ជំនួបពិភាក្សាការងារផ្លូវការរវាងលោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ ។
ជំនួបពិភាក្សាការងារផ្លូវការរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ ។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានប្តេជ្ញាពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែម ពីរដ្ឋធានីម៉ានីល និងសេប៊ូ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ។


 
ការឯកភាពពង្រឹងសហប្រតិបត្តិការទ្វេរភាគីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន កាលថ្ងៃទី១៥ ខែមិថុនា ។  
 
លោក ថោង ខុន មន្ត្រីក្រសួងទេសចរណ៍ បានពិចារណាសំណើហ្វីលីពីនលើការបន្តសុពលភាពនៃ ការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ដើម្បីរៀបចំកិច្ចព្រមព្រៀងគ្នាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញ។ តែយ៉ាងណា ភាគីទាំងពីរបានឯកភាព នឹងរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពិភាក្សាគ្នាពីការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា។ 

លោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួបពិភាក្សាជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
 
ជាមួយគ្នានេះ លោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ក៏ស្នើឱ្យកម្ពុជាជំរុញទេសចរណ៍វេជ្ជសាស្ត្រពីកម្ពុជាទៅកាន់ហ្វីលីពីន ដោយសារតែពលរដ្ឋកម្ពុជាជាច្រើន បានចេញទៅរកសេវាសុខាភិបាលនៅក្រៅប្រទេស។ 
 
សូមបញ្ជាក់ដែរថា រយៈពេល៥ខែ កម្ពុជាទទួលបានជើងហោះហើរសរុបចំនួន ៨ ៨៨៤ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៦ ៦២៤ ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន ២ ០៤៩ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ២១១ជើង៕
 

Tag:
 ទេសចរណ៍
 កម្ពុជា-ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com