កីឡាជាតិ
ជាតិ
ក្រុម Burn X Flash របស់កម្ពុជាមិនអាចបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយប្រកួតចាញ់ Blacklist International
17, Jun 2023 , 2:07 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក Burn X Flash ដែលតំណាងកម្ពុជាប្រកួតនៅក្នុងពានរង្វាន់ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) មិនអាចបន្តដំណើរខ្លួននៅក្នុងការប្រជែងដណ្តើមពានរង្វាន់អន្តរជាតិលើកដំបូងសម្រាប់កម្ពុជា ក្រោយប្រកួតចាញ់ក្រុម Blacklist International មកពីប្រទេសហ្វីលីពីនលទ្ធផលវគ្គ ៣-១។



បើទោះជារងបរាជ័យក្នុងការប្រកួតទល់នឹងក្រុមខ្លាំង Blacklist International ប៉ុន្តែក្រុមតំណាងឱ្យកម្ពុជា Burn X Flash នៅតែធ្វើបានល្អក្នុងការប្រកួត ដោយការប្រកួតនៅពីរវគ្គដំបូង ពួកគេបានធ្វើឱ្យគូប្រជែងមានភាពពិបាកក្នុងការដណ្តើមយកបានជ័យជម្នះ ព្រមទាំងនៅវគ្គទីពីរទៀតសោតពួកគេបានយកឈ្នះលើក្រុម Blacklist International វិញថែមទៀត។
 
ឆ្លងកាត់ការប្រកួតចំនួន ៤វគ្គ​ ក្រុម ​Blacklist International យកឈ្នះការប្រកួតនៅវគ្គទី១ ទី៣ និងទី៤ ចំណែក Burn X Flash ឈ្នះការប្រកួតវគ្គទី២។
 
យ៉ាងណាការបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ មិនមែនជាដែលងាយស្រួលក្នុងការយកឈ្នះបានដោយងាយឡើយ ក្រុម Burn X Flash សម្រេចបានសមិទ្ធិផលថ្មីក្នុងនាមជាក្រុមតំណាងឱ្យកម្ពុជាប្រកួតនៅលើប្រភេទកីឡាអេឡិចត្រូនិក ​Mobile Legends។ Burn X Flash ក្លាយជាក្រុមដំបូងដែលឡើងមកប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ MSC Serie។
 
បើទោះជាខកខានមិនអាចប្រជែងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ប៉ុន្តែក្រុម Burn X Flash នឹងត្រូវបន្តការប្រកួតប្រជែងចំណាត់ថ្នាក់លេខ ៣ ទល់ក្រុមដែលរងបរាជ័យការប្រកួតរវាងក្រុម ECHO របស់ហ្វីលីពីនទល់ក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី។ 
 
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ធ្វើឡើងក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរបានបញ្ចប់៕

Tag:
 (កីឡាអេឡិចត្រូនិក)
© រក្សាសិទ្ធិដោយ thmeythmey.com