ជាតិ
កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,១លាននាក់ ក្នុងរយៈពេល៥ខែ
17, Jun 2023 , 6:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើងជាង ៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។


 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ថារយៈពេល ៥ខែនេះ កម្ពុជាបានទទួលទេសចរជាតិមានប្រមាណ ១០លាននាក់ និងភ្ញៀវអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង៥៣០,៥ភាគរយ។ ទេសចរអន្តរជាតិ ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺថៃ វៀតណាម និងចិន។ 

ភ្ញៀវទេសចរកម្សាន្តនៅរមណីដ្ឋានអង្គរវត្ត
 
ជាមួយគ្នានេះ តាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិ រហូតដល់២,១លាននាក់ត្រឹមរយៈពេល ៥ខែនេះ ធ្វើឱ្យក្រសួងទេសចរណ៍មានក្ដីរំពឹងថា ទេសចរអន្តរជាតិនឹងអាចកើនដល់ ៤លាននាក់ រហូតដល់ដាច់ឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ រៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
 
បន្ថែមពីនេះ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានយុទ្ធសាស្រ្តសំខាន់ៗ ចំនួន០៥ រួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ,  ការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍, ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេស-ចរណ៍, និងការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍៕

Tag:
 ទេសចរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com