ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារបានជាង ១ ៨០០លានដុល្លារ នារយៈពេល៥ខែមកនេះ
17, Jun 2023 , 8:59 pm        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ពីខែមករា ដល់ឧសភា អគ្គនាយកដ្ឋានពន្ធដារ(GDT)ប្រមូលចំណូលចូលជាតិបានសរុប១ ៨២៦.៦៩លានដុល្លារ។ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង ៥១,១៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។

 
ផ្អែកលើស្ថានភាពចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល៥ខែមកនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ នឹងសម្រេចបានគ្រប់តាមផែនការ ដែលមានទំហំប្រមាណ ៣ ៥៧១.៦៩ លានដុល្លារ។
 
បើតាមលោកអគ្គនាយកពន្ធដារ កាលពីខែមីនា ចំណូលពន្ធបានហក់ខ្ពស់ដែលសម្រេចបានដល់ ៨០៤.៤៥ លានដុល្លារ ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន៧៥០.៧១ លានដុល្លារ ប៉ុណ្ណោះ។
 
ដើម្បីសម្រេចបាននូវផែនការចំណូលជាតិនេះលោក គង់ វិបុល បានលើកទឹកចិត្ត និងជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ឱ្យបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter)។ លោក បានបញ្ជាក់ថា ករណីរកឃើញភាពមិនប្រក្រតីណាមួយ ហើយមានការគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារបន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុល ហើយមិនព្រមបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ពន្ធដារ ក៏ពង្រឹងការងារពាក់ព័ន្ធនឹងពន្ធអចលនទ្រព្យ និងយកចិត្តទុកដាក់ចំពោះការស្នើសុំបិទរោងសហគ្រាសជាស្ថាពរ និងពង្រឹងលើការងារសវនកម្មសម្រាប់សហគ្រាសស្នើសុំបិទ ផងដែរ៕ 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com