ជាតិ
អង្គការទេសចរណ៍ពិភពលោក បានបង្កើត«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដើម្បីផ្ដល់ទំនុកចិត្តជូនភ្ញៀវ
17, Jun 2023 , 5:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះ ។ រូបភាពពី៖ ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះ ។ រូបភាពពី៖ ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក បានបង្កើត«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដើម្បឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ ក្រោយមានប្រទេសមួយចំនួន មិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០។


 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលអនុវត្តក្រមអន្តរជាតិការពារទេសចរណ៍នេះ ដោយសារតែកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍នេះសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ លើសពីនោះ កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ធានាបានទាំងសុខសុវត្ថិភាព និងសុខភាពល្អ ដល់ភ្ញៀវ។

លោក ហ្សូរ៉ាប  អគ្គលេខាធិការអង្គការទសចរណ៍ពិភពលោកក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀល​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
 
ទន្ទឹមនឹងនោះ អង្គការទេសចរណ៍ពិភពលោក ក៏មានជំនឿលើកម្ពុជា សម្រាប់វិស័យទេសចរណ៍។  កម្ពុជានឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យបានយ៉ាងល្អ នូវក្រមការពារទេសចរណ៍នេះ ។ 
 
ដោយឡែក លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទសចរណ៍ពិភពលោក សន្យាបន្តគាំទ្រ និងជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញ។ ក្រៅពីនេះ អគ្គលេខាធិការអង្គការទសចរណ៍ពិភពលោក បន្តថាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលកម្ពុជាបានឱ្យចូលចតធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»៕
 

Tag:
 អង្គការទេសចរណ៍ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com