កីឡាជាតិ
ជាតិ
ម្ចាស់មេដាយស៊ីហ្គេម ទូច ដេវីត៖ ក្លាយជាកីឡាករប្រដាល់ ជាការសម្រេចក្ដីស្រមៃ
18, Jun 2023 , 9:29 am        
រូបភាព
ទូច ដេវីត ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
ទូច ដេវីត ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
កីឡាករ ទូច ដេវីត ម្ចាស់មេដាយសំរឹទ្ធកីឡាប្រដាល់សកល ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ចាត់ទុកក្តីស្រមៃក្លាយជាការពិត ក្នុងនាមជាកីឡាករប្រដាល់អាជីព។


 
កីឡាករ ទូច ដេវីត បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា រូបខ្លួន តែងតែប្រាថ្នាចង់ក្លាយជាកីឡាករប្រដាល់អាជីពម្នាក់។ មុនឈានដល់អាយុ ១៨ឆ្នាំ ដេវីត តែង តែមើលការប្រកួតរបស់កីឡាប្រដាល់ផ្សេងៗ ទាំងជាតិ និងអន្ដរជាតិ។ ព្រោះតែចិត្តស្រឡាញ់វិស័យកីឡាប្រដាល់ខ្លាំងពេក កីឡាកររូបនេះ បានសុំឪពុកខ្លួន ទិញសម្ភារដើម្បីហាត់ប្រដាល់។ លុះចូលដល់អាយុ ១៨ឆ្នាំ ដេវីត ចាប់ផ្ដើមហាត់ប្រដាល់ ដោយមានឪពុកជាអ្នកជួយបង្ហាត់បង្ហាញខ្លះ។ ដោយសារតែការហាត់នោះ មិនមានគ្រូ ហាត់តាមការមើលវីឌីអូតាម Youtube ផងនោះ មានពេលខ្លះ ដេវីត ឈឺដៃ និងឈឺជើងជាដើម។ សម្រាប់ការហាត់នេះ កីឡាកររូបនេះ ទទួលបានការគាំទ្រពីលោក អ៊ី ទូច ជាឪពុករបស់ខ្លួន ដោយតែងតែសន្សំលុយទិញនៅសម្ភារៈហ្វឹកហាត់ដូចជា ស្រោមដៃប្រដាល់ និងប៉ាវសាក់។ 
 
កីឡាកររូបនេះ បានដំណាលរឿងប្រាប់បន្ដទៀតថា ក្រោយពេលហាត់បានមួយឆ្នាំ ដេវីត ក៏បានសម្រេចបានសុំឪពុករបស់ខ្លួនចូលទៅហាត់នៅក្លិបអរុណរះ របស់លោកគ្រូ អាត សំរិទ្ធ។ នេះ គឺជាឱកាសដំបូងសម្រាប់ ដេវីត ឈានចូលក្នុងវិស័យកីឡាប្រដាល់។ «ក្រោយពេលហាត់ដោយខ្លួនឯង ប្រហែលបានមួយឆ្នាំ ខ្ញុំ បានសុំប៉ាទៅហាត់នៅក្លិបតែម្ដង ព្រោះចង់វៃពេក។ ខ្ញុំ ចង់យូហើយ ប៉ុន្ដែ មិនមានឱកាសដោយសារ មិនដឹងថាហាត់នៅទីណា។»។ កីឡាកររូបនេះ បានប្រាប់ដូច្នេះ។
 
ដោយឡែក ការហ្វឹកហាត់ដំបូង មានការលំបាកសម្រាប់ ដេវីត ប៉ុន្ដែ កីឡាកររូបនេះ មិនដែលគិតថាបោះបង់នោះទេ។ ម្យ៉ាងវិញទៀត ពេលដែលរូបយុវជននេះ ឡើងប្រកួតជាលើកដំបូង បានជ័យជម្នះ ជាហេតុធ្វើឲ្យគេ ចង់ហ្វឹកហាត់ និងប្រកួតកាន់តែខ្លាំង។ 
 
«ពេលហាត់ដំបូង មិនដែលចង់បោះបង់ទេ ម្យ៉ាងវិញទៀត ពេលឡើងវាយដំបូងៗ ចេះតែឈ្នះ  ដូច្នេះ មិនមានអីទេ។ ក្រោយមកទៀត ប្រកួតប៉ះ ជាមួយគូខ្លាំងៗ ខ្ញុំចេះ តែមានរបួសខ្លះៗទៅ ប៉ុន្ដែ ខ្ញុំ មិនដែលគិតថាបោះបង់ទេ ព្រោះខំហាត់មកជាច្រើនណាស់ មកហើយ។»។ កីឡាករ ទូច ដេវីត បានដំណាលប្រាប់ដូច្នេះ។ 
 
គួរបញ្ជាក់ផងដែរថា កីឡាករ ទូច ដេវីត បានឈ្នះ មេដាយសំរឹទ្ធ លើវិញ្ញាសាកីឡាប្រដាល់សកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ហើយធ្លាប់ឈ្នះមេដាយផ្សេងនៅក្នុងព្រឹត្តិការណ៍អន្ដរជាតិផងដែរ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម និង ពានរង្វាន់ Thailand Open ឆ្នាំ២០២២៕
 

Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com