ជាតិ
កម្ពុជា-ម៉ាល់ឌីវ ឯកភាពកញ្ចប់ទស្សនកិច្ចរួមគ្នា
17, Jun 2023 , 3:19 pm        
រូបភាព
រូបភាពពី៖ ក្រសួងទេសចរណ៍
រូបភាពពី៖ ក្រសួងទេសចរណ៍
ដោយ៖ គិត បុប្ផា
 
កម្ពុជា-ម៉ាល់ឌីវ បានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនរួមគ្នា បន្ទាប់ពីកិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងប្រទេសទាំងពីរ បានចូលជាធរមានកាលពីខែឧសភាកន្លងទៅ។ ការបន្ដវឌ្ឍភាពវិស័យទេសចររួមគ្នានេះ ក្នុងទិសដៅជំរុញរំហូរទេសចរប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។


 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ បានពិភាក្សាគ្នា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរ ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ(Working Group) ដើម្បីអនុវត្តផែនការនានា ដែលមានបញ្ជាក់ក្នុងអនុស្សរណៈទ្វេភាគី សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ប្រទេសទាំងពីរ។
 
ការឯកភាពនេះ អាចឱ្យភ្ញៀវទេសចរកម្ពុជានិងម៉ាឌីវ ធ្វើដំណើរទៅមកប្រទេសទាំងពីរ បានដោយមិនបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ។ លើសពីនេះ កិច្ចសហការរវាងប្រទេសទាំងពីរ នឹងធ្វើឱ្យមានភាពងាយស្រួល ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ប្រទេសទាំងពីរ អ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម (Influencers)។ 
 
ក្នុងឱកាសនេះ កម្ពុជា-ម៉ាល់ឌីវក៏បានឯកភាពបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា ស្របតាមទស្សនទាន «ប្រទេសពីរគោលដៅតែមួយ» ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិផងដែរ។ ការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នានេះ ក្នុងន័យទាក់ទាញទេសចរអន្តរជាតិឱ្យមានការស្នាក់នៅយូរ  ដូចជាភ្ញៀវទេសចរអាចស្នាក់នៅកម្សាន្តនៅកម្ពុជា៣ថ្ងៃ និង៣ថ្ងៃទៀតនៅម៉ាល់ឌីវ។
 
ទន្ទឹមនឹងនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ប្រទេសទាំងពីរបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ។ បច្ចុប្បន្នភ្ញៀវទេសចរដែលចង់ទៅមកប្រទេសទាំងពីរ អាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៊ី។ 
 
គួរបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយ ។ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ជើងហោះហើរត្រង់ទៅមក បានយ៉ាងងាយស្រួល៕
 

Tag:
 កម្ពុជា-ម៉ាល់ឌីវ
  វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com