ជាតិ
លោកយាយ ពុំ ឡយ វ័យ៨១ឆ្នាំ នៅតែអាចជិះកង់លក់«ជាលរពាក់»ខ្មែរ
18, Jun 2023 , 11:10 am        
រូបភាព
លោកយាយ ពុំ ឡយ អង្គុយលក់ជាលរំពាក់នៅមុខសាលាឯកជនមួយក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកយាយ ពុំ ឡយ អង្គុយលក់ជាលរំពាក់នៅមុខសាលាឯកជនមួយក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ លោកយាយ ពុំ ឡយ មានវ័យ៨១ឆ្នាំហើយ តែមើលទៅលោកយាយនៅមានកម្លាំង ដោយអាចជិះកង់លក់ «ជាលរពាក់»ខ្មែរ នៅតំបន់ប្រជុំជនក្នុងក្រុងសៀមរាបបាននៅឡើយ។

 
ទោះសុខភាពមិនសូវអំណោយផល អាយុកាន់តែច្រើនយ៉ាងណាក៏ដោយ តែលោកយាយ ពុំ ឡយ នៅតែអាចជិះកង់លក់ជាល និងប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗដែលធ្វើអំពីវល្លិ៍រពាក់បាន។ ជាមុខរបរដែលមិនប៉ះពាល់ដល់អ្នកដទៃ និងអាចជួយខ្លួនឯងឱ្យរួចស្រឡះពីកម្មពារវៀរាទៅថ្ងៃមុខបាន នេះគឺជាការលើកឡើងរបស់លោកយាយ ពុំ ឡយ ដែលកំពុងអង្គុយលក់ជាលវល្លិ៍រពាក់ខ្មែរនៅក្រោមដើមឈើ លើជញ្ចើមផ្លូវទល់មុខសាលាហ្គោគ្លូប៊ល ខាងលិចសាកលវិទ្យាល័យបៀលប្រាយប្រមាណ១០០ម៉ែត្រ។   
 
លោកយាយមានប្រសាសន៍ថា រាល់ថ្ងៃលោកយាយតែងជិះកង់ចម្ងាយប្រហែល២គីឡូម៉ែត ពីកន្លែងស្នាក់នៅមកដល់ទីតាំងលក់។ លោកយាយ មានដាក់លក់ជាលមួយចំនួនដូចជា ជាលសំប៉ែត ជាលប្រហុក ជាលសម្បុកមាន់ រង្វេលឆ្នាំង កញ្ច្រែងដាក់បន្លែផ្លែឈើជាដើម។ 
 
នៅពេលលក់ជាលអស់ម្តងៗ លោកយាយត្រូវត្រលប់ទៅផ្ទះវិញនៅភូមិគោកបេង សង្កាត់គោកចក ជាយក្រុងសៀមរាប ហើយសម្ភារទាំងនោះ ប្រមូលទិញពីអ្នកភូមិជុំវិញនោះតាមថវិកាដែលមាន។ លោកយាយរៀបរាប់ថា កាលនៅមានកម្លាំងនៅអាចជិះកង់ដឹកជាលខ្លួនឯងយកមកបាន ប៉ុន្តែសព្វថ្ងៃម្លាំងកាន់តែថយហើយ មិនអាចជិះកង់ឆ្ងាយបានទៀតទេ មានតែជួលរ៉ឺម៉កគេដឹកជញ្ជូនយកមកឱ្យដល់ផ្ទះបងប្អូនដែលលោកយាយស្នាក់នៅជាមួយក្នុងភូមិថ្មី សង្កាត់សា្វយដង្គំ ក្រុងសៀមរាប។  


 
លោកយាយបន្តថា កាលពីមុនធ្លាប់បានដាក់លក់ជាល និងមានបន្លែខ្លះដែរ នៅមុខផ្សាក្រោម ហើយមានអតិថិជនជួយទិញជាហូហែ ប៉ុន្តែពិបាកក្នុងដាក់លក់បន្តិច ព្រោះកន្លែងចង្អៀតនិងមានមនុស្សច្រើន មិនស្រួលក្នុងការដឹកជាលទៅវិញទៅមក ទើបប្តូរទីតាំងមកដាក់លក់នៅទល់មុខសាលាហ្គោគ្លូប៊លនេះវិញ ប៉ុន្តែមិនសូវលក់ដាច់ប៉ុន្មាននោះទេ។ ម្យ៉ាងទៀតនេះជារដូវវស្សាផង ធ្វើឱ្យលោកយាយពិបាកលក់ដូរជាខ្លាំង ព្រោះថា ជាលរពាក់មិនអាចត្រូវទឹកសើមបានយូរនោះទេ វាងាយនឹងឡើងខ្មៅ ឬដុះផ្សិត ហើយអតិថិជនខ្លះ អាចនឹងរិះគន់ថា ជាលមិនល្អ ឬជាលលក់សល់យូរក៏មានដែរ។ 
 
ទោះមានភាពលំបាក វ័យកាន់តែចាស់ តែលោកយាយ ព្រំ ឡយ អះអាងថា នៅតែបន្តលក់ជាលដដែល ព្រោះជាមុខរបរដែលលោកយាយស្រឡាញ់ពេញចិត្ត និងមិនចង់រំខានដល់កូនចៅក្នុងការចិញ្ចឹមថែរក្សានោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com