ជាតិ
ក្រុមជ័យលាភីលេខ១ «Thnot d’Or» ចង់នាំប្រហុកខ្មែរ ទៅកាន់អន្តរជាតិ
18, Jun 2023 , 11:47 am        
រូបភាព
ក្រុមនិស្សិតមកពី វិទ្យាល័យភូមិន្ទកសិកម្ម ជាប់លេខ១ លើការ​ប្រកួតកែច្នៃប្រហុក សម្រាប់ពានរង្វាន់ «Thnot d’Or» ឆ្នាំ ២០២៣។ រូបភាព៖ ឈុំ ចន្ថា
ក្រុមនិស្សិតមកពី វិទ្យាល័យភូមិន្ទកសិកម្ម ជាប់លេខ១ លើការ​ប្រកួតកែច្នៃប្រហុក សម្រាប់ពានរង្វាន់ «Thnot d’Or» ឆ្នាំ ២០២៣។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ ក្រោយទទួលបានជ័យលាភីលេខ១ ពានរង្វាន់ «Thnot d’Or» ឬហៅថា ពានរង្វាន់ត្នោតមាស ដែលជាកម្មវិធីប្រកួតកែច្នៃប្រហុក ក្រុមនិស្សិតមកពី សាកលវិទ្យាល័យភូមិន្ទកសិកម្ម មានបំណងប្រែក្លាយប្រហុក ទៅជាមុខម្ហូបដែលគេនិយមបរិភោគជាសកល នាពេលអនាគត។ ជានិស្សិតផ្នែកកសិ-ចំណីអាហារ ពួកគេបានចំណាយពេលកែច្នៃប្រហុក ទៅជាដុំស្ងួត និងមាន៣រសជាតិ ដែលអាចរក្សាទុកបានរយៈពេល ៦ខែ។


 
កញ្ញា លី ស្រីសាន្ត តំណាងក្រុមលេខ១ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា សម្រាប់ពានរង្វាន់ «Thnot d’Or» នេះ ក្រុមរបស់នាងបានចំណាយពេលប្រហែល ៣ទៅ៤ខែ ដើម្បីស្រាជ្រាវ និងរកវិធីសាស្រ្តកែច្នៃប្រហុកឱ្យទៅជាផលិតផលមួយទំនើប ហើយមានគុណភាព។ នេះជាផ្នែកមួយចូលរួមលើកកម្ពស់គុណតម្លៃ នៃប្រហុកខ្មែរ ជាពិសេស គឺធ្វើឱ្យផលិតផលប្រហុកនេះ ក្លាយជាទៅជាផលិតផលនាំចេញ។ 
 
ក្រុមឆ្នើមមួយនេះ បានកែច្នៃប្រហុកទៅជាដុំស្ងួត ដែលមាន៣ រសជាតិ ដូចជា ក្រសាំង អំពិលទុំ និងរសជាតិដើម ដោយអាចរក្សាទុកបានរយៈពេល ៦ខែ។ សម្រាប់ រសជាតិក្រសាំង និងអំពិលទុំ មានលក្ខណៈពិសេសជាងគេ ព្រោះវាមានរសជាតិប្លែក ហើយក្លិនមិនសូវខ្លាំង ដែលអាចឱ្យបរទេសបរិភោគបាន។
 
កញ្ញា លី ស្រីសាន្ត រំពឹងថា ផលិតផលប្រហុកដែលកែច្នៃបាននៅពេលនេះ នឹងទទួលការគាំទ្រពីប្រជាជនខ្មែរ និងបរទេស។ ក្រុមនាងទាំងមូល នៅតែបន្តអភិវឌ្ឍផលិតផលប្រហុកបន្ថែមទៀត ជាពិសេស បំពេញរាល់ចំណុចខ្វះខាត ធ្វើឱ្យយ៉ាងណាស្របតាមស្តងដារទាំងគុណភាព រសជាតិ និងអនាម័យ មុនឈានដល់ការបញ្ចេញប្រហុក ទៅកាន់ទីផ្សារអន្តរជាតិ។  
 
កញ្ញា លី ស្រីសាន្ត បន្ថែមដូច្នេះថា៖«មុននឹងយកមកប្រកួតខ្ញុំបានតេស្តរួចអស់ហើយ គឺប្រហុករបស់ខ្ញុំអត់សូវមានក្លិនខ្លាំងពេលទេ ហើយរសជាតិ ក៏ល្មមដែរ អ៊ីចឹង! អ្នកអត់ចេះញាំ ក៏អាចញាំបានដែរ។ ជាគោលដៅ យើងចង់បង្ហាញមុខម្ហូបមួយ ដែលតំណាងជាតិយើង ហើយកែច្នៃវាឱ្យកាន់តែទំនើប ដើម្បីឱ្យជនបរទេសអាចទទួលយកបាន ព្រមទាំង ជនជាតិខ្មែរផងដែរ»។ 


 
លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ជាមោទកភាពដែលដូនតាខ្មែរបានបន្សល់ទុកនូវវិធីធ្វើម្ហូបបែបប្រពៃណី និងត្រូវបានប្រជាជនខ្មែរបរិភោគប្រចាំថ្ងៃ។ ដូច្នេះ មានតែការងារស្រាវជ្រាវ និងគំនិតច្នៃប្រឌិតថ្មីៗទេ ដែលអាចធ្វើឲ្យប្រហុកក្លាយជាមុខម្ហូបដែលគេបរិភោគនៅលើសកលលោកបានទៅថ្ងៃអនាគត។
 
លោក ថ្លែងដូច្នេះថា៖« នេះជាការផ្សារភ្ជាប់ចំណេះធ្វើបែបប្រពៃណីបុរាណទៅនឹងគំនិតច្នៃប្រឌិត មិនមែនត្រឹមតែជារឿងសេដ្ឋកិច្ចតែម្យ៉ាងប៉ុណ្ណោះទេ តែក៏ជាការអភិរក្សវប្បធម៌ខ្មែរផងដែរ។ ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈពានរង្វាន់ ត្នោតមាស  មូលនិធិគីណាល់ដឹកនាំយុវជនកាន់តែច្រើនឡើងៗឲ្យដើរលើគន្លងមួយនេះ»។ 
 
សូមជម្រាបថា ពានរង្វាន់«Thnot d’Or» ត្រូវបានបង្កើតឡើងដោយមូលនិធិគីណាល់ កាលពីឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹម ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវនិស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារឲ្យធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតគំនិត ច្នៃប្រឌិត ដើម្បីចូលរួមអភិវឌ្ឍជនបទ តាមរយៈការផ្តល់ ដល់អ្នកប្រើប្រាស់នូវផលិតផលខ្មែរសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងដែលអាចឈរជើងនៅលើទីផ្សារអន្តរជាតិ។ ក្រៅពី ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចហើយ មូលនិធិគីណាល់ក៏មានបំណងអភិរក្ស និងផ្ទេរមរតកដូនតាយើងដែលបានបន្សល់ទុកឲ្យនេះទៅមនុស្សជំនាន់ក្រោយផងដែរ៕ 


 
 

Tag:
 កសិកម្ម
  សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  ការកែច្នៃប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com