ជាតិ
BURN X FLASH របស់កម្ពុជា ធ្វើឱ្យអន្តរជាតិភ្ញាក់ផ្អើលក្នុងការព្រឹត្តិការណ៍ MSC 2023
18, Jun 2023 , 2:04 pm        
រូបភាព
ភ្នំពេញ៖ ក្រុមខ្លាំងចំនួន១២ មកពី១០ប្រទេស បានធ្វើដំណើរមកដណ្តើមជើងឯក នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ MSC 2023 ដែលរៀបចំនៅកម្ពុជាលើកដំបូង។ ការប្រកួតដ៏ស្វិតស្វាញជាច្រើនថ្ងៃមកនេះ ក្រុមតំណាងកម្ពុជា BURN X FLASH ធ្វើបានយ៉ាងល្អ និងបានបង្កើតប្រវត្តិសាស្រ្តថ្មី លើឆាកអន្តរជាតិមួយនេះ។ ទោះមិនអាចដណ្តើមបានពាន MSC2023 តែក្រុមកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ និងបានធ្វើឱ្យអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 
ទោះមិនអាចដណ្តើមបានលេខ៣ ប៉ុន្តែក្រុមកម្ពុជា BURN X FLASH បានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ជាតិ ក្នុងវិស័យកីឡាអេឡាអេឡិចត្រូនិក។ BURN X FLASH ជាក្រុមដំបូង ដែលនាំកម្ពុជាឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ហើយលទ្ធផលនេះ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អន្តរជាតិ។ លើសពីនេះ ក្នុងការប្រកួតជាមួយ ក្រុមហ្វីលីពីន ECHO ដែលជាម្ចាស់ជើងឯកពានរង្វាន់ M4 World Championship ក្រុមតំណាងកម្ពុជា បានវាយបកចំនួន២ប្រកួត តែជាអកុសលបញ្ចប់ដោយលទ្ធផល ៣-២។ 
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ OhMyV33NUS និង Edward សមាជិកនៃក្រុម BlACKLIST INTERNATIONAL បានលើកឡើងស្រដៀងគ្នាថា ក្រុមកម្ពុជា មានទម្រង់លេងយ៉ាងល្អ ជាពិសេសកីឡាករនីមួយៗ ដឹងតួនាទីរបស់ខ្លួន។ 
 
លទ្ធផលនេះ ក៏បានធ្វើឱ្យសារព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា។ ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននៃប្រទេសឥណ្ឌូណេស៊ី ដែលសួរពីការត្រៀមខ្លួនរបស់ BXF សម្រាប់ការប្រកួត M5 World Championship នៅប្រទេសហ្វីលីពីន នាខែធ្នូ ឆ្នាំ២០២៣នេះ លោក តែ តេកហេង ឬ Lee Xin អ្នកគ្រប់គ្រងក្រុម BXF បានលើកឡើងថា លោកនឹងមិនឱ្យក្រុមបង្កើតកំហុស ដែលមានក្នុង MSC2023 នេះ កើតមានម្ដងទៀត ក្នុងការប្រកួតនោះឡើយ។ 
 
ទន្ទឹមនឹងការប្រកួតត្រូវបានបញ្ចប់ លោក Lee Xin និងកីឡាករគ្រប់រូប នៃ BXF បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះទឹកចិត្តរបស់អ្នកគាំទ្រ ដែលតែងតែផ្តល់ក្តីស្រលាញ់ និងចំណាយពេលវេលាមកគាំទ្រ ការប្រកួតរបស់ BXF មករហូតនេះ។ ការណ៍នេះ ធ្វើឱ្យលោកជឿជាក់ថា វិស័យកីឡាអេឡិចត្រូនិក នឹងកាន់តែរីកដុះដាលនៅថ្ងៃមុខ៕
 

Tag:
 កីឡាអេឡិចត្រូនិក
  MSC2023
  កម្ពុជា
  BURN X FLASH
© រក្សាសិទ្ធិដោយ thmeythmey.com