ជាតិ
លទ្ធផលប្រឡងសិស្សពូកែ៖ សិស្សស្រីជាប់២៥នាក់ ក្នុងចំណោមបេក្ខភាពប្រឡង៦០នាក់
18, Jun 2023 , 4:39 pm        
រូបភាព
រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា
រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា
ការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ បានប្រកាសលទ្ធផលហើយ នៅថ្ងៃទី១៨ ខែមិថុនានេះ។ ក្នុងនោះសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ មានសិស្សស្រីជាប់តែ១នាក់ប៉ុណ្ណោះ ឈ្មោះ លឹម ស៊ូហ័ង ពីសាលាប៊ែលធីទី១៤ រាជធានីភ្នំពេញ ខណៈសិស្សថ្នាក់ទី៩ មានសិស្សស្រីជាប់តែ២នាក់ប៉ុណ្ណោះ ឈ្មោះ ឃឿន ម៉ានី ពីអនុវិទ្យាល័យពពេល ខេត្តត្បូងឃ្មុំ និងឈ្មោះ ជីម ឆាយយី ពីវិទ្យាល័យព្រែកដំបូក ខេត្តកំពង់ចាម។

 
ក្នុងតារាងលទ្ធផលរបស់ក្រសួងអប់រំ សិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៣ មានសិស្សស្រីជាប់២៥នាក់ប៉ុណ្ណោះ សរុបទាំងសិស្សថ្នាក់ទី៩ និងទី១២ ខណៈសិស្សប្រុសជាប់៣៥នាក់ ក្នុងការប្រឡងមុខវិជ្ជាចំនួន៣ មានអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ 
 
សិស្សពូកែគណិតវិទ្យាទាំងថ្នាក់ទី៩ និងទី១២ ភាគច្រើនជាសិស្សប្រុស ខណៈសិស្សស្រីមានតែ៣នាក់ប៉ុណ្ណោះ។ ក្នុងនោះម្ចាស់ជ័យលាភីលេខ១ ឈ្មោះ សុន បុរីនរិន្ទ មកពីវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង,ជ័យលាភីលេខ២ ឈ្មោះ ធីដេត ដាវីដ មកពីអនុវិទ្យាល័យអនុវត្ត ខេត្តព្រៃវែង និងជ័យលាភីលេខ៣ ឈ្មោះ នី លីហួរ មកពីសាលាអន្តរជាតិយូអេសអេ ខេត្តបាត់ដំបង ជាសិស្សថ្នាក់ទី៩។ 


រូបភាពសិស្សចូលរួមពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៣
 
ចំណែកឯសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ជ័យលាភីលេខ១ ឈ្មោះ រិទ្ធ និវិសាលស្ណុ មកពីវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ,ជ័យលាភីលេខ២ ឈ្មោះ គាវ សំណាង មកពីវិទ្យាល័យព្រះនរោត្តមរណាឫទ្ធិ ខេត្តកំពត និងជ័យលាភីលេខ៣ ឈ្មោះ សុក ចាន់ត្រា មកពីវិទ្យាល័យពាមកោះស្នា ខេត្តកំពង់ចាម។
 
ក្រៅពីគណិតវិទ្យា មុខវិជ្ជារូបវិទ្យា ក៏មានចំនួនសិស្សស្រីជាប់តិចផងដែរ។ ក្នុងនោះថ្នាក់ទី១២ មានសិស្សស្រីជាប់តែ២នាក់ប៉ុណ្ណោះ គឺឈ្មោះ វីរៈ រង្សី មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង និងឈ្មោះ សយ ពិសី ពីសាលាវេស្ទលែនដ៍ ខេត្តកណ្ដាល។ ចំណែកឯថ្នាក់ទី៩ មានសិស្សស្រីជាប់៥នាក់ ក្នុងចំណោមបេក្ខជនជ័យលាភី១០នាក់ ដែលជាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសមុខវិជ្ជារូបវិទ្យានេះ។
 
ចំពោះមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសទាំងសិស្សថ្នាក់ទី៩ និងទី១២។ ក្នុងនោះ ម្ចាស់ជ័យលាភីលេខ១ ដល់លេខ៣ ឈ្មោះ ឡៃ កន្និកា,លី ម៉ូនីកា និងសុភ័ក្ត សុម៉ារីតា មកពីវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែងដូចគ្នា។ ចំណែកសិស្សថ្នាក់ទី១២ ជាប់ជ័យលាភីលេខ១ និងលេខ២ ឈ្មោះ ហ៊ី ហុងអ៊ី និងហាន តុលា មកពីវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែងដូចគ្នា និងជ័យលាភីលេខ៣ ឈ្មោះ គិន សាន់នីកា មកពីវិទ្យាល័យអង្គរនាប ខេត្តតាកែវ។
 
សូមបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នឹងជ្រើសរើសជ័យលាភីចំនួន ១០រូប ក្នុងមួយមុខវិជ្ជា។ សិស្សពូកែជាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកា៣លាន៥សែនរៀល, មេដាយមាសមួយគ្រឿង, លេខ២ ទទួលបានថវិកា ៣លាន២សែនរៀល, មេដាយប្រាក់មួយគ្រឿង និងលេខ៣ ទទួលបានថវិកា ២លាន៩សែនរៀល, មេដាយសំរិទ្ធមួយគ្រឿង រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកជ័យលាភីលេខ៤-១០ នឹងទទួលបានថវិកាមួយចំនួន រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕


រូបភាពសិស្សចូលរួមពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៣

Tag:
 ប្រឡងសិស្សពូកែឆ្នាំ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com