សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វិបត្តិអចលនទ្រព្យនៅចិន បន្តធ្លាក់ចុះក្នុងរយៈពេលយូរ
18, Jun 2023 , 8:59 pm        
រូបភាព
ក្មេងៗ​លេង​បាល់បោះ​នៅ​មុខ​អគារ​លំនៅឋាន​មួយ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Evergrande ក្នុង​ទីក្រុង​ប៉េកាំង។ រូបភាពពី AFP ។
ក្មេងៗ​លេង​បាល់បោះ​នៅ​មុខ​អគារ​លំនៅឋាន​មួយ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Evergrande ក្នុង​ទីក្រុង​ប៉េកាំង។ រូបភាពពី AFP ។
ធនាគារលំដាប់កំពូលពិភពលោកជាច្រើនបានវាយតម្លៃពីវិស័យអចលនទ្រព្យចិន នឹងងើបឡើងវិញក្នុងទម្រង់ជាអក្សរ L ដែលបង្កជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចចិន។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគាទាំងនោះ អ្នកបង្កើតគោលនយោបាយចិនហាក់ដូចជាមិនចង់ប្រើប្រាស់វិស័យអចលនទ្រព្យជាការជំរុញរយៈពេលខ្លីនោះទេ។ ផ្ទុយទៅវិញពួកគេចង់កាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើវិស័យនេះថែមទៀត។



តម្រូវការលំនៅឋាននៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក នឹងបន្តធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការផ្លាស់ប្តូរប្រជាសាស្រ្ត លទ្ធភាពចំណាយរបស់ប្រជាជន ក៏ដូចជាការផ្លាស់ប្តូរជំហរនយោបាយក្នុងការគាំទ្រវិស័យនេះ។
 
ហេតុផលទាំងនេះនាំឱ្យវិស័យអចលនទ្រព្យត្រូវព្យាករថា នឹងមានការងើបឡើងវិញរាងអក្សរ L ពោលគឺនិន្នាការធ្លាក់ចុះមិនងាយត្រឡប់ទៅរកកំណើនវិញ។
 
« ផ្អែកលើការប៉ាន់ប្រមាណរបស់យើង ភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យទំនងជាមានការអូសទាញកំណើនរយៈពេលជាច្រើនឆ្នាំសម្រាប់ចិន »។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់ធនាគារ  Goldman Sachs ។ 
 
ជាមួយគ្នានេះ កំណើននៃការលក់ផ្ទះនៅចិនបានធ្លាក់ចុះក្នុងខែឧសភានេះមកត្រឹម ៦,៧ភាគរយ បើធៀបនឹងខែមីនាអត្រាលក់ផ្ទះកើនដល់២៩ភាគរយ។ ធនាគារ Citigroup ក៏បានទម្លាក់ការព្យាករប្រាក់ចំណូល និងតម្លៃភាគហ៊ុនអចលនទ្រព្យមួយចំនួននៅចិនដោយលើកឡើងពីស្ថានភាពទីផ្សារលំបាក និងលំហូរសាច់ប្រាក់។ 
 
 
បន្ថែមពីនេះ ធនាគារ Goldman Sachs សន្មតដែរថាភាពទន់ខ្សោយនៃការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងវិស័យនេះ ដោយសារទីផ្សារនៅតាមបណ្តាទីក្រុងតូចៗមានភាពចង្អៀត ហើយធនធានហិរញ្ញវត្ថុនៅមានកម្រិត បណ្តាលឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យពិបាកក្នុងស្រោចស្រង់ស្ថានភាពត្រលប់មកវិញ។ 
 
ចំណែកនៅក្នុងទស្សនវិស័យពាក់កណ្តាលឆ្នាំរបស់ធនាគារ Morgan Stanley ក៏បានព្រមានថា ភាពទន់ខ្សោយផ្សេងទៀតនៅក្នុងវិស័យអចលនទ្រព្យទំនងជានឹងបង្កជាឧបសគ្គបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចចិន។
 
លោក Chetan Ahya ប្រធានសេដ្ឋវិទូនៅធនាគារ Morgan Stanley បាននិយាយថា ៖« ប្រសិនបើបញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យដុនដាបទៅ និងបង្កឱ្យមានហានិភ័យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន វានឹងធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែធ្លាក់ចុះខ្លាំង»។
 
វិស័យអចលនទ្រព្យបានរួមចំណែកប្រមាណ២៥ភាគរយនៃសេដ្ឋកិច្ចរបស់ចិន។ វិស័យនេះបានចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែគោលនយោបាយបន្ទាត់ក្រហមចំនួនបី ដែលជះឥទ្ធិពលលើសលប់ទៅដល់អ្នកវិនិយោគ រួមជាមួយនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ ការលក់ចេញនៃទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុនកំពូលៗទាំង១០០ ក្នុងឆ្នាំ ២០២២ មានត្រឹមតែប្រមាណ៦៤ភាគរយនៃអត្រាលក់កាលពីឆ្នាំ ២០១៩។
 
ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ ៦,២ភាគរយធៀបនឹងឆ្នាំមុន។ ចំណែកចំនួននៃការសាងសង់ផ្ទះថ្មីបានធ្លាក់ចុះ ២១ភាគរយ។ ទីក្រុងប៉េកាំងកំពុងបង្កើតវិធានការថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ក្រោយពីគោលនយោបាយបច្ចុប្បន្នបានបរាជ័យក្នុងការធ្វើឱ្យរស់ឡើងវិញនៅវិស័យនេះ ។ បើយោងតាមប្រភព Bloomberg ។
 
បើតាមធនាគារ Goldman Sachs ចិននឹងជំរុញតម្រូវការកើនឡើង តាមរយៈការបន្ធូរបន្ថយឥណទានសម្រាប់អ្នកទិញផ្ទះ កាត់បន្ថយអត្រាការប្រាក់ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះថ្មីបន្ថែមទៀត។ យ៉ាងហោចណាស់មានទីក្រុងចំនួនប្រាំបួន ដែលភាគច្រើនជាទីក្រុងលំដាប់ទី២ និងទី៣ រួមទាំងទីក្រុង Qingdao និង Suzhou ថ្មីៗនេះសុទ្ធតែបានបន្ធូរបន្ថយការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងការទិញផ្ទះ។
 
ដោយឡែក ធនាគារវិនិយោគរបស់អាម៉េរិកកត់សម្គាល់ថា ទីក្រុងប៉េកាំងមិនមានចេតនាចង់ឱ្យវិស័យនេះរីកចម្រើនសារជាថ្មីនោះទេ។ យោងតាមអ្នកសេដ្ឋកិច្ច ប្រសិនបើវិធានការបន្ធូរបន្ថយរូបិយវត្ថុមិនអាចគាំទ្រដល់វិស័យអចលនទ្រព្យនេះបាន នោះផលប៉ះពាល់អវិជ្ជមានអាចរីករាលដាលដល់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត។ 
 
បើតាមលោក Chetan Ahya ហានិភ័យធ្លាក់ថ្លៃនឹងអាចកើតមាន ប្រសិនបើវិស័យអចលនទ្រព្យចិនមិនមានស្ថិរភាព បើទោះបីជាទីក្រុងប៉េកាំងបន្ធូរបន្ថយរូបិយប័ណ្ណរបស់ខ្លួនក៏ដោយ៕
 

Tag:
 ចិន
  អចលនទ្រព្យ
  Goldman Sachs
  Citigroup
  Morgan Stanley
© រក្សាសិទ្ធិដោយ thmeythmey.com