ជាតិ
​បន្ទប់បំបៅកូននៅកន្លែងធ្វើការ ជួយបង្កើនភាពកក់ក្ដៅរវាងម្ដាយនិងកូន
20, Jun 2023 , 7:59 am        
រូបភាព
ដោយ:
​បន្ទប់បំបៅកូននៅកន្លែងធ្វើការ បានជួយបង្កើនភាពកក់ក្ដៅរវាងម្ដាយនិងកូន ឱ្យមានភាពជិតស្និទគ្នា ជាពិសេសផ្ដល់សារធាតុចិញ្ចឹមច្រើន និងជួយឱ្យកុមារមានសុខភាព។ ស្ត្រី២រូប ដែលបម្រើការងារនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សប្បាយចិត្ត ដែលកន្លែងការងារ មានបន្ទប់សម្រាប់បំបៅទឹកដោះកូន។



អ្នកស្រី ហួន ចិន្ដា ពលរដ្ឋរស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន និងជាអ្នកធ្វើការនៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្ដាយ ជួយឱ្យកូនមានសុខភាពល្អ ជាពិសេសជួយឱ្យម្ដាយនិងកូនមានភាពស្និតស្នាល និងមានទំនាក់ទំនងល្អ។ 
  

អ្នកស្រី ហួន ចិន្ដា ពលរដ្ឋរស់នៅភូមិដំរីជាន់ខ្លា។ រូបភាព៖ ញឹក សំអូន
 
ទោះបីមានការផ្សព្វផ្សាយពីទឹកដោះគោច្រើន តែអ្នកស្រី ចិន្តា បានបេ្ដជ្ញាចិត្តបំបៅកូនដោយទឹកដោះរបស់ខ្លួន យ៉ាងហោចណាស់ឱ្យបាន ៦ខែ។ អ្នកស្រី ចិន្ដា បានអះអាងថា៖ «បើខ្ញុំឱ្យគាត់បៅទឹកដោះគោធ្វើឱ្យកូនខ្ញុំនៅឆ្ងាយ។ គាត់អត់មានភាពស្និតស្នាលជាមួយខ្ញុំ ហើយខ្ញុំខ្លាចគាត់អត់ស្គាល់មុខខ្ញុំ ព្រោះខ្ញុំមកធ្វើការបាត់ៗពីផ្ទះ។ ពេលកន្លែងធ្វើការខ្ញុំមានបន្ទប់បំបៅកូនអ៊ឹចឹង ខ្ញុំត្រេតអរមែនទែន ព្រោះខ្ញុំមានពេលមើលកូនដោយខ្លួនឯង ហើយអាចធ្វើការងារបានទៀត»។
 
ធ្វើការនៅមន្ទីរកិច្ចការនារីដូចគ្នា អ្នកស្រី គីម ចាន់នីន និយាយថា មានបន្ទប់បំបៅកូននៅកន្លែងធ្វើការ ពិតជាល្អសម្រាប់ស្រ្តីជាម្ដាយ ព្រោះវាមិនធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងារ។
អ្នកស្រី ចាន់នីន ជ្រើសរើសបំបៅដោះកូន ព្រោះមានសារធាតុចិញ្ចឹមនៅក្នុងទឹកដោះម្ដាយច្រើន។ អ្នកស្រី ចាន់នីន បានបញ្ជាក់ថា៖ «ទឹកដោះម្ដាយមានវីតាមីនច្រើន ធ្វើឱ្យកូនលូតលាស់បានល្អ មានអាយឃ្យូខ្ពស់ និងមានភាពស្និតស្នាលជាមួយកូន។ ពេលយើងបំបៅកូនគឺលើកកូនដាក់លើទ្រូង ឱបកូនឱ្យបៅ ធ្វើឱ្យកូនមានភាពកក់ក្ដៅ តែបើឱ្យកូនបៅម្សៅទឹកដោះគោ មិនបានឱបកូនស្និតស្នាលទេ»។


អ្នកស្រី គីម ចាន់នីន បុគ្កលិកនៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ រូបភាព៖ ញឹក សំអូន

 
មាតាបិតាគ្រប់រូប យ៉ាងហោចណាស់បំបៅដោះកូនឱ្យបាន ៦ខែ ដើម្បីឱ្យកូនមានសុខភាពល្អ និងចៀសវាងពីជំងឺផ្សេងៗ ដែលកើតមានជាយថាហេតុ។ ការបំបៅកូនដោយទឹកដោះ ជួយកាត់បន្ថយជំងឺរាគរូស ជំងឺរលាកពោះវៀន រលាកបំពង់ក និងបង្កជំងឺផ្សេងៗទៀត។ អ្នកស្រី គីម ចាន់នីន បានលើកឡើងបែបនេះ បន្ទាប់ពីបានបំបៅកូនដោយទឹកដោះ ហើយតាមដានឃើញថា សុខភាពរបស់កូន មានភាពរឹងមាំ។
 
លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឱ្យស្ត្រីជាម្ដាយគ្រប់រូបបំបៅកូនដោយទឹកដោះ ព្រោះទឹកដោះម្ដាយជាអាហារសម្បូរដោយសារធាតុចិញ្ចឹម ដោយធម្មជាតិ និងធានាសុវត្ថិភាព។
 
លោកស្រី សោភ័ណនារី បានបន្ថែមថា ម្ដាយក៏ទទួលបានអត្ថប្រយោន៍ច្រើនដែរ គឺមានសុខភាពល្អ មិនចំណាយថវិកាទៅលើការទិញទឹកដោះគោឱ្យកូន និងជួយកាត់បន្ថយជំងឺផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ដូចជាមហារីកសុដន់ និងមហារីកដៃស្បូនជាដើម។
  

បន្ទប់បំបៅដោះកូន នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ
 
លោកស្រី សោភ័ណនារី លើកឡើងថា ទោះម្ដាយមានការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬឯកជន តែសូមបំបៅកូនដោយទឹកដោះ កុំមានគំនិតថាមិនអាចឱ្យកូនបៅបានព្រោះរវល់ការងារ។ 
 
អ្នកស្រីបន្តថា បច្ចុប្បន្នក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាល បានសហការជាមួយរោងចក្រមួយចំនួន ធ្វើបន្ទប់បំបៅដោះកូននៅក្នុងរោងចក្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកម្ដាយ។ លោកស្រី បានបញ្ជាក់ថា៖«ឱ្យកូនបៅកាន់តែច្រើន ទឹកដោះផលិតមានកាន់តែច្រើន។ ទឹកដោះម្ដាយប្រៀបដូចអណ្ដូងស្នប់អ៊ីចឹង កាន់តែសប់កាន់តែចេញច្រើន ទារកដូចគ្នាបើកាន់ប៊ឺតជញ្ជក់ទឹកដោះកាន់តែចេញច្រើនមិនចេះរីកស្ងួនទេ»។
 
លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា បានលើកឡើងថា ក្រោយសម្រេចផែនការទី១រួច អង្គការ នឹងបន្តគម្រោងពង្រីកទៅតាមបណ្ដាខេត្តផ្សេងៗទៀត នៅឆ្នាំ២០២៤ខាងមុខ។ បើតាមលោក ក្រើន បច្ចុប្បន្នអង្គការ សម្រេចជោគជ័យបាន ៨០ភាគរយនៃផែនការគ្រោងទុក។ 
  


នាយកអង្គការ ហេឡែន ខេលល័ររូបនេះ បានបញ្ជាក់ថា៖«ម្ដាយភាគច្រើនទុកកូនរបស់គាត់នៅខេត្ត ពេលផ្សព្វផ្សាយបានត្រឹមការយល់ដឹង តែទាក់ទងរឿងកូនមិនអាចយកមកបានទេ។ តែខ្ញុំរំពឹងថា និងមានការកើនឡើងចំពោះការបំបៅកូនដោយទឹកដោះម្ដាយ»។
 
លោក ក្រើន បានបន្ថែមថា ការបង្កើតបន្ទប់បំបៅកូនដោយទឹកដោះម្ដាយ នៅតាមរោងចក្រ សហគ្រា មានចំនួន ២៨កន្លែង ក្នុងនោះមានការបណ្ដុះបណ្ដាលបុគ្គលិកកម្មកររោងចក្រមានជាង ២ម៉ឺននាក់ ទៅតាមទីតាំងគោលដៅរួមមាន ខេត្តកំពត កំពង់ធំ កណ្ដាល និងរាជធានីភ្នំពេញ៕
 

Tag:
 បំបៅកូនដោយទឹកដោះ
  បន្ទប់បំបៅកូន
© រក្សាសិទ្ធិដោយ thmeythmey.com