អន្តរជាតិ
លោក ស៊ី ប្រាប់លោកប្លីងខិន៖ អាម៉េរិកមិនត្រូវប៉ះពាល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់​របស់ចិន
20, Jun 2023 , 9:59 am        
រូបភាព
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នាថ្ងៃទី១៩ ខែមិថុនា បាន​ព្រមព្រៀងគ្នា​រក្សាស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគីដែលកំពុងប្រជែងគ្នាខ្លាំងសំដៅជៀសវាងការ​ឈានទៅរកជម្លោះ។ លោក ស៊ី ក៏ទទូចឱ្យអាម៉េរិកកុំប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។

 
នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចនៅចិន លោក អាន់តូនី ប្លីងខិន ក៏ជួបប្រធានាធិបតី ស៊ី ជិនភីង ដែលបានសាទរចំពោះវឌ្ឍនភាពក្នុងការចរចារវាងលោកជាមួយមន្រ្តីចិន។ បន្ទាប់ពីចាប់ដៃគ្នា លោក ស៊ី និងលោក ប្លីងខិន ជួបគ្នានៅមហាសាលប្រជាជនប្រហែល៣០នាទី។ ក្រោយជំនួបនេះ ភាគីទាំងពីរ​មិន​បាន​បញ្ជាក់អ្វីនោះឡើយ។
 
លោក ស៊ី បានប្រាប់លោកប្លីងខិនថា ចិនសង្ឃឹមនឹងឃើញទំនាក់ទំនងចិន-អាម៉េរិករឹងមាំ ហើយ​លោកក៏ជឿជាក់ថា ប្រទេសទាំងពីរអាចយកឈ្នះលើការលំបាកផ្សេងៗ។ នេះបើការផ្សាយរបស់ចិន។
 
«ភាគីទាំងពីរក៏បានដំណើរការទៅមុខ និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួន។ នេះ​គឺ​ល្អ​ខ្លាំង​ណាស់»។ លោក ស៊ី លើកឡើងបែបនេះក្នុងជំនួបខាងលើរួចបាន​ជំរុញឱ្យអាម៉េរិ​ក​កុំ​ប៉ះ​ពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែលលោកទំនងចង់សំដៅលើបញ្ហ​កោះ​តៃវ៉ាន់តែម្ដង។
 
លោក ប្លីងខិន បានតបវិញថា ប្រទេសទាំងពីរមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង​ទំនាក់ទំនងរបស់ពួកគេ ហើយអាម៉េរិកបានប្តេជ្ញាចិត្តដើម្បីធ្វើដូច្នេះផងដែរ។ លោកបានបន្ថែមថា កិច្ច​ប្រជុំរបស់លោកនៅទីក្រុងប៉េកាំងរួមទាំងការពិភាក្សាជាមួយមន្ត្រីការទូតកំពូល វ៉ាង យី និង​រដ្ឋមន្ត្រីកា​រ​បរទេស ឈីន កាង មានភាពស្មោះត្រង់ និងការស្ថាបនា។
 
ក្នុងជំនួបលើកដំបូងតាំងពីឆ្នាំ២០១៨ នេះផងដែរ រដ្ឋមន្ត្រីការបរទេសរូបនេះអះអាងថា លោកបាន​លើកឡើងពីបញ្ហានៅកោះតៃវ៉ាន់ដែរ។ ប្រមុខការទូតអាម៉េរិកក៏បាននិយាយដល់ការជាប់គាំងក្នុងទំនាក់ទំនងផ្នែកយោធាជាទៀងទាត់ដែលនេះជាក្តីកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក។ លោក​រំពឹងថា​មន្ត្រីជាន់ខ្ពស់អាម៉េរិកនឹងធ្វើទស្សនកិច្ចទៅកាន់ចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com