កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ សរសើរអាជ្ញាកណ្តាលបាល់ទះកម្ពុជា កាត់ក្តីមិនលម្អៀង
20, Jun 2023 , 11:58 am        
រូបភាព
កីឡាករ សួន ចាន់ណារ៉ូ(ឆ្វេង) និងកីឡាករ មួន និមល(ស្តាំ)។
កីឡាករ សួន ចាន់ណារ៉ូ(ឆ្វេង) និងកីឡាករ មួន និមល(ស្តាំ)។
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា សរសើរចំពោះការកាត់សេចក្តីនៅលើទីលានរបស់មន្រ្តីអាជ្ញាកណ្តាលកម្ពុជា ដែលបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ សុក្រឹត្យ ត្រឹមត្រូវ និងយុត្តិធម៌ មិនលម្អៀង មិនប្រកាន់ពូជសាសន៍។

 
ថ្លែងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតកីឡាបាល់ទះមិត្តភាពជាតិរវាងក្រុមបាល់ទះវិសាខា និងក្រសួងមហាផ្ទៃ លោក អាំង សិរីពិសិដ្ឋ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា លើកឡើងថា ការសិក្សាឈ្វេងយល់ និងចូលរួមរៀនវគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាលផ្តល់នូវគុណសម្បត្តិខ្ពស់ សម្រាប់មន្រ្តីបាល់ទះកម្ពុជា ក៏ដូចជាអត្តពលិកបាល់ទះផងដែរ។
 

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ រូបពី អាំង សិរីពិសិដ្ឋ
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«មួយឆ្នាំចុងក្រោយខ្ញុំមិនដែលឃើញភាសាអសុរសទៅលើអាជ្ញាកណ្តាលមួយម៉ាត់ទេ បន្ទាប់ពីយើងធ្វើកំនែទម្រង់ថ្មីជាជំហានៗ។ បងប្អូនជនរួមជាតិអាចវាយតម្លៃបានហើយនូវការប្រកួតរវាងកម្ពុជា និងថៃ នាស៊ីហ្គេមលើកទី៣២ ខ្ញុំលើកមេដាយជូនអាជ្ញាកណ្តាលខ្សែបន្ទាត់យើងគឺល្អពេកហើយ»។ ជាមួយគ្នានោះដែរមន្រ្តីសហព័ន្ធបញ្ជាក់ថានូវពេលកីឡាករកម្ពុជាមានកម្រិតគុណភាពខ្ពស់នោះតម្លៃខ្លួននឹងកាន់តែថ្លៃ។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ដូចខ្ញុំលើកឡើងម្តងរួចមកហើយ ចង់ឱ្យគេទិញយើងមិនមែនឱ្យគេទិញតែម្តង ហើយគេឈប់ទិញទេ ចង់ថាគេទិញហើយត្រូវទិញទៀត ហើយកីឡាករដែលបញ្ជូនទៅត្រូវតែមានគុណភាពដែលអាចជួយក្លិបគេបាន»។ លោក សិរីពិសិដ្ឋ រំលឹកថាប្រសិនយើងខ្លាំងមិនខ្វះទីផ្សារនោះឡើយ ហើយលោកសុំឱ្យកីឡាករដុសខាត់សមត្ថភាពឱ្យខ្លាំង ដើម្បីទាញទីផ្សាររហូតដល់កីឡាករជំនាន់ក្រោយយើងទៀត៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com