ជាតិ
កំណាត់ផ្លូវជាតិលេខ២៣ ប្រើថវិកា ២១,៦៨លានដុល្លារ ដើម្បីលើកគុណភាពឡើងវិញ
20, Jun 2023 , 3:49 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលប្រើថវិកាសម្បទានឥទានរបស់ធនាគាអភិវឌ្ឍអាស៊ី ២១,៦៨លានដុល្លារអាម៉េរិក ដើម្បីស្ដារកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ២៣ ត្រង់ចំណុចស្ពានកោះធំ ឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៅព្រឹកថ្ងៃទី២០ មិថុនា។



លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំណតផ្លូវជាតិលេខ២៣ ជាផ្នែកមួយដែលតភ្ជាប់រវាងខេត្តកណ្ដាល និងតាកែវ។ បើពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ នឹងឆ្លងកាត់ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកលើដែក។ បច្ចុប្បន្នកំណត់ផ្លូវនេះ មានសភាពខូចខាត ទ្រុឌទ្រោមដោយផ្នែក ដែលចាំបាច់ត្រូវលើកកម្រិតគុណភាពផ្លូវឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ 
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៅព្រឹកថ្ងៃទី២០ មិថុនា។ រូបភាព៖ ក្រសួងសាធារណការ
 
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះ កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨គីឡូម៉ែត្រ គិតចាប់ពីស្ពានកោះធំ ឃុំជ្រោយតាកែវ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ការសាងសង់លើកគុណភាពផ្លូវនេះ នឹងពង្រីកទទឹងតួផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូ AC ដែលមានកម្រាស់ ៨សង់ទីមែត្រ រួមទាំងលើកទទឹងតួផ្លូវ ១០ម៉ែត្រ ដែលមានគន្លងសម្រាប់រថយន្តនិងទោចក្រយាន្ត ២គន្លងទៅមក។ 
 
លោក ស៊ុន ចាន់ថុល បានបន្តថា គម្រោងនេះ នឹងត្រូវស្ថាបនាស្ពានចំនួន ៤កន្លែង, លូមូលកាត់ទន្ទឹងផ្លូវ ៣៣កន្លែង, លូប្រអប់ ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១៥៥៨ម៉ែត្រ។ បន្ថែមពីនេះ ក៏មានការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមបច្ចេកទេសផ្លូវថ្នល់ផងដែរ។
 
កំណាត់ផ្លូវជាតិលេខ២៣នេះ ត្រូវបានអនុវត្តន៍សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ ខូអិលធីឌី ដោយប្រើពេលសាងសង់ ២៤ខែ និងរយៈពេលថែទាំ ៣៦ខែ ប្រើថវិកាសម្បទានឥទានរបស់ធនាគាអភិវឌ្ឍអាស៊ី ២១,៦៨លានដុល្លារអាម៉េរិក។ 
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖« នេះជាសមិទ្ធផលថ្មីមួយទៀត បានផ្ដល់ការអភិវឌ្ឍយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សុខមាភាពសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ផ្លូវនេះ នឹងជួយបម្រើដល់សេដ្ឋកិច្ចសង្គម ជំរុញការដឹកជញ្ជូនទំនិញ កសិផល និងជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋកាន់តែងាយស្រួលបន្ថែមទៀត»។
 
លោក ស៊ុន ចាន់ថុល បានបន្ថែមថា កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដែលមានសក្ដានុពល ប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវខេត្តលេខ១១០ និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំប្រទល់កម្ពុជា-វៀតណាម។ តភ្ជាប់ផ្លូវជាតិលេខ១៤ ទិសដៅឆ្ពោះទៅអ្នកលឿង ខេត្តព្រៃវែង និងតភ្ជាប់បណ្ដាញខ្សែផ្លូវផ្សេងៗទៀតនៅក្នុងតំបន់៕
 

Tag:
 ផ្លូវជាតិលេខ២៣
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com