អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្លីងខិន ៖ ចិនត្រូវប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនខ្លួន ជុំវិញការផ្តល់បច្ចេកវិទ្យាទៅឱ្យរុស្ស៊ី ដើម្បីឈ្លានពានអ៊ុយក្រែន
20, Jun 2023 , 8:29 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន ។ រូបភាពពី AFP ។
លោក អាន់តូនី ប្លីងខិន ។ រូបភាពពី AFP ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បាននិយាយកាលពីថ្ងៃទី១៩ ខែមិថុនា ថា លោកបានស្នើឱ្យរដ្ឋាភិបាលចិន មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនឯកជន ដែលអាចនឹងផ្តល់ឱ្យរុស្ស៊ីនូវបច្ចេកវិទ្យាប្រឆាំងនឹងអ៊ុយក្រែន ។ 

 
« អ្វីដែលយើងនៅតែបន្តមានការព្រួយបារម្ភនោះ គឺក្រុមហ៊ុនចិនអាចនឹងផ្តល់បច្ចេកវិទ្យាដល់រុស្ស៊ី ដែលអាចប្រើដើម្បីជំរុញការឈ្លានពានបន្ថែមទៅលើអ៊ុយក្រែន។ ហើយយើងបានស្នើឱ្យរដ្ឋាភិបាលចិនមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហានេះ»។  លោក ប្លីងខិន បានលើកឡើងបែបនេះនៅស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ទោះបីជាលោកមិនទាន់ឃើញមានភ័ស្តុតាងណាមួយជុំវិញរឿងនេះក៏ដោយ ។ 
 
លោក ប្លីងខិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប៉េកាំង នៅអំឡុងពេលដែលចិន និងអាម៉េរិកបានប្តេជ្ញាព្រមព្រៀងគ្នា ដើម្បីធ្វើឱ្យមានស្ថិរភាពនៃការ ប្រជែងដ៏ខ្លាំងក្លាណាមួយ ដែលឈានដល់ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ ខណៈដំណើរទស្សនកិច្ចនេះ ពុំសូវមានផ្លែផ្កាក៏ដោយ។
 
រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ បាន​ជួប​ប្រជុំជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន កាលពី​នៅ​ថ្ងៃ​ទី ១៩ ខែមិថុនា ដែលជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកទៅកាន់ទីក្រុងប៉េកាំង។ 
 ​
មហាអំណាចលោកខាងលិចបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពាន កាលពីខែកុម្ភៈឆ្នាំ ២០២២។ ចិនបានប្រឈមមុខនឹងការចោទប្រកាន់ជុំវិញរឿងនេះ តែខ្លួនបដិសេធមិនបានផ្តល់អាវុធដល់ទីក្រុងម៉ូស្គូនោះទេ​។ ចិន​និង​រុស្ស៊ី​បាន​ប្រកាសរួមគ្នា​ ពី​ភាព​ជា​ដៃគូគ្មាន​ដែន​កំណត់ តាំងពី​មុនពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។
 
ជុំវិញការផ្តល់អាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ឈ្លានពានលើអ៊ុយក្រែន លោក ប្លីងខិន បានលើកឡើងថា  អាម៉េរិក​ និងប្រទេសផ្សេងទៀតបានទទួលការធានាពីចិនថា នឹងមិនផ្តល់ជំនួយអាវុធទៅឱ្យរុស្ស៊ីសម្រាប់ឈ្លានពានអ៊ុយក្រែនទេ។ លោកបន្ត ៖ « យើង​ពេញចិត្ត​ចំពោះ​រឿង​នេះ ហើយ​យើង​សង្ឃឹមថា មិន​បាន​ឃើញ​ភ័ស្តុតាង​ណាមួយ​ដែល​ផ្ទុយ​ពី​រឿង​នេះ​ទៅចុះ​»​។
 
ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោក ប្លិងខិន នោះទេ។ នេះបើតាមទូរទស្សន៍ CNA៕
 
 

Tag:
 ចិន
  អាម៉េរិក
  រុស្ស៊ី
  ប្លីងខិន
© រក្សាសិទ្ធិដោយ thmeythmey.com