សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីគោលមកត្រឹម ៣,៥៥ភាគរយ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ
20, Jun 2023 , 9:29 pm        
រូបភាព
ទីស្នាក់ការកណ្តាលរបស់ធនាគារប្រជាជនចិន  PBOC ។ រូបថត ៖ AFP ។
ទីស្នាក់ការកណ្តាលរបស់ធនាគារប្រជាជនចិន PBOC ។ រូបថត ៖ AFP ។
ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចមិនដូចការរំពឹងទុក អ្នកជំនាញបានជំរុញឱ្យធនាគារចិន បន្តកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ លើសហគ្រាសឯកជនខ្នាតតូច និងមធ្យម។ ធនាគារកណ្តាលចិន បានទម្លាក់អត្រាការប្រាក់កម្ចីបឋមមកត្រឹម ៣,៥៥ភាគរយ។

 
ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ពីរបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ អត្រាការប្រាក់កម្ចីបឋម (Loan Prime Rates -LPR) រយៈពេល ១ឆ្នាំ ត្រូវបានកែសម្រួលទម្លាក់ពីអត្រា ៣,៦៥ភាគរយមក ៣,៥៥ភាគរយ នៅថ្ងៃទី២០ ខែមិថុនា។ 
 
ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចុង​ក្រោយ​នេះ បានធ្វើឡើង​បន្ទាប់​ពី​ការ​បន្ធូរ​បន្ថយ​រូបិយវត្ថុ​ពីរ​លើក​កាល​ពី​សប្តាហ៍​មុន។ កាលពីថ្ងៃទី១៥ ខែមិថុនា ធនាគារ PBOC បានកាត់បន្ថយការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម ១ឆ្នាំរបស់ខ្លួនពី ២,៧៥ភាគរយទៅ ២,៦៥ភាគរយ។ 
 
បើតាមវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិចិន ការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ នឹងកាត់បន្ថយអត្រាការប្រាក់កម្ចីពិតប្រាកដ ជាពិសេសជំរុញតម្រូវការឥណទាន និងពង្រឹងសន្ទុះនៃវិស័យប្រើប្រាស់ និងការវិនិយោគ។
 
ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ​បង្ហាញ​ថា ​ការ​ស្ទុះ​ងើបសេដ្ឋកិច្ច​របស់​ចិនមិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។
 
កាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋបាលគយរបស់ចិន (GACC) បានប្រកាសថា ការនាំចូល និងនាំចេញសរុបរយៈពេល ៥ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៤,៧ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ អត្រានេះបានធ្វើឱ្យទំហំពាណិជ្ជកម្មកើនដល់ ១៦,៧៧០ ពាន់លានយន់ (២,៣៥២ ពាន់លានដុល្លារ)។ .
 
ប៉ុន្តែអត្រាអត់ការងារធ្វើក្នុងខែឧសភា បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ២០,៨ភាគរយ។ ប្រឈមមុខនឹងស្ថានភាពនេះ អ្នកជំនាញបានអំពាវនាវឱ្យធនាគារបន្តកាត់បន្ថយ អត្រាការប្រាក់កម្ចី ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើសហគ្រាសឯកជនខ្នាតតូច និងមធ្យម។
 
ធនាគារពាណិជ្ជរបស់រដ្ឋធំៗមួយចំនួនរបស់ចិន បានកាត់បន្ថយអត្រាការប្រាក់សន្សំក្នុងខែមិថុនានេះ ដើម្បីជំរុញការចំណាយតាមការស្នើសុំរបស់ PBOC។  នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua​៕
 

Tag:
 ចិន
  PBOC
© រក្សាសិទ្ធិដោយ thmeythmey.com