កីឡាជាតិ
ជាតិ
ប្រធានក្លិបដង្កោសែនជ័យ៖ យើង មកក្រោយគេ ប៉ុន្ដែយើងចង់អភិវឌ្ឍឲ្យបានលឿនជាងគេ
20, Jun 2023 , 5:29 pm        
រូបភាព
លោក កាំង សេង ប្រធានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ (ស្តាំ)។ រូបភាព CPL
លោក កាំង សេង ប្រធានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ (ស្តាំ)។ រូបភាព CPL
លោក កាំង សេង ប្រធានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យដែលទើបឡើងពីលីគកម្រិតទី២ នឹងអភិវឌ្ឈក្រុមឱ្យកាន់តែប្រសើរជាងនេះ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗក្នុងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មីខាងមុខ។ ប្រធានក្លិបដង្កោសែនជ័យរូបនេះ នឹងព្យាយាមពង្រឹងក្រុមឱ្យបានលឿនជាងក្រុមដែលនៅលីគកំពូលស្រាប់។

 
ក្រោយប្រឡូកក្នុងវិស័យបាល់ទាត់ រយៈពេល៣ឆ្នាំ ដោយគិតចាប់តាំងពីការឈានជើងចូលលីគ២ លោក កាំង សេង យល់ឃើញថាការក្លាយជាបេក្ខភាពប្រកួតក្នុងលីគកំពូលកម្ពុជារបស់ អាយ អេស អាយ ដង្កោសែនជ័យ ជាជោគជ័យមួយ ដែលធ្វើឲ្យសមាជិកក្លិបទាំងអស់រំភើបចិត្ត។ ប៉ុន្ដែ ប្រធានក្លិបរូបនេះ ក៏បានចាត់ទុកថា ក្លិប ដែលមានវត្តមានក្នុងលីគកំពូល បានឈានជើងទៅមុនច្រើនជំហាន ដូច្នេះក្រុមលោកត្រូវអភិវឌ្ឍឲ្យបានលឿនជាងនេះ ដើម្បីអាចប្រកួតប្រជែងជាមួយគេបាន។
 
យោងទៅលើ VDO សម្ភាសរបស់ក្រុមហ៊ុន Cambodian Premier League លោក កាំង សេង បានប្រាប់ពីអារម្មណ៍សប្បាយ និងរំភើបរបស់ខ្លួនថា សមាជិកក្រុម និងកីឡាករទាំងអស់មានមោទកភាព ដែលក្លិប បានក្លាយជាបេក្ខភាពប្រកួតក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីបានចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជា បានរយៈ៣ឆ្នាំ។ ប្រធានក្លិបរូបនេះ ជឿថារដូវកាលនេះ គឺជាពេលវេលា ដែលប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ក្លិប។ 
 
«នៅពេល ដែលយើងបានជាបេក្ខភាព ប្រកួតក្នុងលីគកំពូល គឺកាន់តែមានន័យខ្លាំងសម្រាប់ក្លិប។ ខ្ញុំ គិតថាពីរដូវកាលមុនមករដូវកាលនេះ គឺជាការដើរមួយជំហានម្ដង មួយជំហានម្ដង។ ប៉ុន្ដែ ការអភិវឌ្ឍរបស់យើង យើងចង់ធ្វើឲ្យលឿនបន្ដិច ព្រោះយើង មកក្រោយគេ។»។ លោក កាំង សេង បាននិយាយក្នុងបទសម្ភាសនោះ ដូច្នេះ។
 
ប្រធានក្លិបរូបនេះ បានដាក់គោលដៅត្រឹម តែអាចយកចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ។ ប៉ុន្ដែ នោះ មិនមែនមានន័យថា លោក កាំង សេង មិនចង់ប្រកួតប្រជែងយកជើងឯកលីគកំពូលនោះទេ។ នេះ ប្រហែលជា ប្រធានក្លិប ISI ដង្កោសែនជ័យ យល់ថាក្លិបនៅលីគកំពូល សុទ្ធតែមានកម្រិតខ្លាំង និងប្រហាក់ប្រហែលគ្នា ដែលជាហេតុ មានការពិបាកក្នុងការដណ្ដើមយកជើងឯក។ 
 
លោក កាំង សេង បាននិយាយបែបនេះ៖«ឡើង មកដល់លីគកំពូល ខ្ញុំ និងក្រុមការងារទាំងអស់ នឹងដាក់គោលដៅខ្ពស់ក្នុងការប្រកួតប្រជែង ធ្វើយ៉ាងមិចឲ្យជាប់ Top ៤ បាន។ ខ្ញុំ គិតថាមានការលំបាកខ្លាំង ដើម្បីប្រកួតប្រជែង ប៉ុន្ដែអ្វី ដែលសំខាន់ យើង មានការអភិវឌ្ឍ។ ប្រសិន យើងអាចប្រកួតប្រជែង ជាប់ត្រឹម Top ៤ នោះចាត់ទុកថាជាការជោគជ័យ។ ជើងឯកយើងតែងតែគិត ប៉ុន្ដែ ប្រកួតប្រជែង បាន Top ៤ គឺជាគោលដៅចំបង។»។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Cambodian Premier League 2023-2024 មាន១០ ក្លិបចូលរួម មានដូចជា៖ ក្លិបបឹងកេត, ភ្នំពេញក្រោន, ព្រះខ័ន្ធរាជ ស្វាយរៀង, វិសាខា, អង្គរថាយហ្គឺ, កងយោធពលខេមរភូមិន្ទ, អាយ អេស អាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ និងព្រៃវែង។ ការប្រកួតរដូវកាលនេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com