សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ចុះ​​កិច្ច​ព្រម​ព្រៀង​តម្លៃជិត ៥ពាន់​លាន​ដុល្លារ​ សង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ឱ្យប៉ាគីស្ថាន​
21, Jun 2023 , 7:29 pm        
រូបភាព
រោងចក្រនុយក្លេអ៊ែរនៅប៉ាគីស្ថាន ។ រូបភាពពី AFP ។
រោងចក្រនុយក្លេអ៊ែរនៅប៉ាគីស្ថាន ។ រូបភាពពី AFP ។
ចិនបានចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅប៉ាគីស្ថាន។ នេះមិនមែនលើកទីមួយទេ ដោយចិនធ្លាប់បានសន្យាផ្តល់ថវិកា៦៥ពាន់លានដុល្លារ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប៉ាគីស្ថាន។

 
ក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានអានុភាព ១២០០មេហ្គាវ៉ាត់ កាលពីថ្ងៃទី ២០ ខែមិថុនា​។
 
ថ្លែងតាមរយៈទូរទស្សន៍ជាតិប៉ាគីស្ថាន (PTV)នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា ការសាងសង់រោងចក្រថាមពលនេះ ស្ថិតក្រោមគម្រោង Chashma 5 នឹងចាប់ផ្តើមប្រតិបត្តិការភ្លាមៗនៅក្នុងខេត្ត Punjab ភាគកណ្តាលប៉ាគីស្ថាន។
 
​ចិន​កំពុង​ជួយ​ប៉ាគីស្ថាន ក្នុងការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើឥន្ធនៈ​ហ្វូស៊ីល ​ដោយប្រែក្លាយប្រទេសមួយនេះ ទៅជាពណ៌បៃតង។ ចិនធ្លាប់បានសន្យាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យប៉ាគីស្ថាន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ។
 
កាលពី២ឆ្នាំមុន រោងចក្រថាមពលនុយក្លេអ៊ែរទី៦ របស់ប៉ាគីស្ថានបានដំណើរការនៅក្នុងទីក្រុងកំពង់ផែ Karachi ដោយសារការគាំទ្រពីចិនដូចគ្នា​។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន។
 
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីខែមេសា ឆ្នាំ ២០២៣ រវាងនាយករដ្ឋមន្ត្រីចិន លី ឈាំង និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបង្ហាញពីឆន្ទៈក្នុងការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ៕
 

Tag:
 ចិន
  ប៉ាគីស្ថាន​
  ថាមពលនុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com