កីឡាជាតិ
ជាតិ
គុនខ្មែរ៖ កីឡាករកម្ពុជា៤រូប ចេញទៅប្រកួតនៅទឹកដីបារាំង
21, Jun 2023 , 9:59 pm        
រូបភាព
កីឡាករគុនខ្មែរទាំងបួនរូប ទៅប្រកួតនៅទឹកដីបារាំង។ រូបពី ស៊ន អេលីត
កីឡាករគុនខ្មែរទាំងបួនរូប ទៅប្រកួតនៅទឹកដីបារាំង។ រូបពី ស៊ន អេលីត
ដោយ:
កីឡាករប្រដាល់គុនខ្មែរកម្ពុជា៤រូប បានចេញដំណើរទៅដល់ទឹកដីប្រទេសបារាំងហើយ ដើម្បីត្រៀមប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ ក្នុងកម្មវិធី Kunkhmer All Star នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងក្រុងប៉ារីស។



កីឡាករគុនខ្មែរបួនរូបដែលបានទៅដល់ក្រុងប៉ារីស រួមមានពេជ្រ សម្បត្តិ មឿន សុខហុច អេលីត សាន់ និង វី សម្ផស្ស។ ក្របីព្រៃកំណាច ពេជ្រ សម្បត្តិ តទល់កីឡាករបារាំង Bahroumi Faycal លើប្រភេទទម្ងន់ ៦០គីឡូក្រាម អ្នកលេងជើងរន្ទះ មឿន សុខហុច ប៉ះម្ចាស់ផ្ទះបារាំង Kasem Yanis វាយលើប្រភេទទម្ងន់ ៦៧គីឡូក្រាម  គីងកុងពិឃាដ អេលីត សាន់ នឹងត្រូវចរចារកណ្តាប់ដៃជាមួយកីឡាករបារាំង Moundo Hamza លើប្រភេទទម្ងន់ ៦០គីឡូក្រាម និងអ្នកលេងកណ្តាប់ដៃគ្មានមេត្តា វី សម្ផស្ស ជួបម្ចាស់ផ្ទះបារាំង Barach Ghilas លើប្រភេទទម្ងន់ ៦៧គីឡូក្រាម។
  
កីឡាករកម្ពុជាទាំងបួនរូប នាទឹកដីបារាំង ត្រៀមប្រកួតគុនខ្មែរ។ រូបពី ស៊ន អេលីត

ចំណែកកីឡាការិនីបារាំងវាយតំណាងគុនខ្មែរ Chatenet Alexandra នឹងត្រូវចរចាកែងពិឃាដជាមួយមិត្តរួមជាតិ Ladjali Sarah លើប្រភេទទម្ងន់ ៥៤គីឡូក្រាម រីឯកីឡាករបារាំងវាយតំណាងគុនខ្មែរ Alexendre Hun Kun ដែលត្រូវតតាំងជាមួយមិត្តរួមប្រទេស Kotbi Hakim ត្រូវបានរំសាយវិញបន្ទាប់ពីមានបញ្ហារបួសនាពេលហ្វឹកហាត់ នេះបើតាមលោក ស៊ន អេលីត ប្រាប់សារព័ត៌មានថ្មីៗតាមសារតេលេក្រាមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
 
ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ១១យប់តទៅ(ម៉ោងនៅកម្ពុជា) នាទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតនេះដែរដឹកនាំដោយលោក ស៊ន អេលីត គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 KLS
© រក្សាសិទ្ធិដោយ thmeythmey.com