អន្តរជាតិ
កូរ៉េ​ខាង​ជើង ​រិះគន់​ទស្សនកិច្ច​លោក ប្លីងខិន នៅចិន ជាការអង្វរដើម្បីបន្ធូរភាពតានតឹង
22, Jun 2023 , 1:59 pm        
រូបភាព
កូរ៉េខាងជើង រិះគន់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ទៅកាន់ទីក្រុងប៉េកាំងជាដំណើរសុំអង្វរចិនដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទីក្រុងព្យុងយ៉ាងអះអាងថា នេះជាបរាជ័យគោលនយោបាយរបស់អាម៉េរិកដើម្បីដាក់សម្ពាធលើចិន។

 
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ទើបបញ្ចប់ទស្សនកិច្ចនៅចិនកាលពីថ្ងៃទី១៩ ខែមិថុនា។ លោក ប្លីងខិន និងប្រធានាធិបតី ចិន លោកស៊ី ជីនភីង បានជួបគ្នា ហើយបានយល់ព្រមដើម្បីរក្សា​ស្ថិរភាពក្នុងទំនាក់ទំនងដើម្បីកុំឱ្យឈានទៅដល់ជម្លោះ។ លើសពីនេះ លោក ប្លីងខិន អះអាងបន្ទាប់​ពី​កិច្ចប្រជុំខាងលើថា លោកបានជំរុញឱ្យចិនលើកទឹកចិត្តកូរ៉េខាងជើងឱ្យបញ្ឈប់ការ​បាញ់​មីស៊ីល​ដែរ។
 
នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង អ្នកវិភាគកិច្ចការ​អន្តរជាតិរបស់កូរ៉េខាងជើងឈ្មោះ Jong Yong Hak បាននិយាយថា ដំណើរទស្សនកិច្ចដ៏កម្រនេះ មាន​គោលបំណងសុំឱ្យមានការបន្ធូរបន្ថយភាពតានតឹង ខណៈដែលការប៉ុនប៉ងដើម្បីសង្កត់ និងរារាំង​ចិន​អាចក្លាយជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាម៉េរិកវិញ។
 
«ជាពាក្យមួយមាត់ ឧបាយកលថ្មីៗនេះរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក មិនអាចត្រូវបានវិនិច្ឆ័យក្រៅ​ពីដំណើរសុំអង្វរដ៏អាម៉ាស់មុខរបស់អ្នកបង្កហេតុដែលទទួលស្គាល់ការបរាជ័យនៃគោលនយោបាយ​ដាក់សម្ពាធលើចិនឡើយ»។ KCNA រាយការណ៍បែបនេះរួចបន្តថា អាម៉េរិកទ​ទួ​ល​ខុសត្រូវ​ចំពោះ​ការ​បង្កើនភាពតានតឹងក្នុងតំបន់ជាមួយនឹងភាពស្មុគស្មាញប្រឆាំងចិនដូចជា ដៃគូ​សន្តិសុខ​ចតុ​ភាគី (Quad)  និងដៃគូសម្ព័ន្ធភាព AUKUS ជាដើម។
 
កូរ៉េខាងជើងសង្កត់ធ្ងន់បន្ថែមថា អាម៉េរិកបានបង្ករឿងជាមុន ហើយបន្ទាប់មកបែរទៅជាលើកឡើងអំពី​ការគ្រប់គ្រងជម្លោះប្រកបដោយការទទួលខុសត្រូវទៅវិញ៕
 
 

Tag:
 កូរ៉េខាងជើង
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com