ជាតិ
តារាល្បីៗ
៣០ឆ្នាំនេះ ជប៉ុនបានផ្ដល់ជំនួយដល់កម្ពុជាជាង ២០០លានដុល្លារ សម្រាប់បោសសម្អាតមីន
22, Jun 2023 , 6:59 pm        
រូបភាព
ដោយ:
អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជាក្នុងវិស័យសម្អាតមីនជាង ២០០លានដុល្លារអាម៉េរិក ដោយគិតចាប់ពីឆ្នាំ១៩៩៤។ ឆ្លៀតក្នុងឱកាសនោះ លោក លី ធុជ ក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។

លោក លី ធុជ បានបន្តថា ការសម្រេចបាននូវសមិទ្ធផលការងារបោសសម្អាតមីន រយៈពេល ៣០ឆ្នាំនៅកម្ពុជា គឺមិនអាចខ្វះបាននោះទេ ពីការចូលរួមគាំទ្រយ៉ាងសកម្មរបស់ជប៉ុន ដែលជាដៃគូមួយដ៏លេចធ្លោ។ គិតចាប់តាំងពីឆ្នាំ១៩៩៤ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនជាង ២០០លាន​ដុល្លារអាម៉េរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ក្នុងនោះរួមមាន គម្រោងសមាហរណកម្មបោសសម្អាតមីន ជួយរងគ្រោះដោយសារមីន ជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីន កិច្ចសហប្រតិបត្តិការបច្ចេកទេស កម្មវិធីហ្វឹកហ្វឺន South-South Cooperation និងគម្រោងហ្វឹកហ្វឺនមន្រ្តីជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែនផងដែរ។
 
អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ថា៖« ខ្ញុំនិងប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបានទេ នូវគុណបការៈដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា រួមទាំងការពលីជីវិតរបស់កុលបុត្រជប៉ុនចំនួនពីររូប ដើម្បីបុព្វហេតុជាតិកម្ពុជា»។
 
ជាមួយគ្នានេះ លោក Ueno Atsushi បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ឯកអគ្គរាជទូតជប៉ុនរូបនេះ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។ 
 
លោក Ueno Atsushi បានបញ្ជាក់ថា៖« រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់គម្រោងកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ជាមួយអង្គភាពស៊ីម៉ាក់ តាមរយៈ JICA ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសដទៃទៀត»។
 
បើតាមលោក លី ធុជ កាលពីសម័យអ៊ុនតាក់ ឆ្នាំ១៩៩០-១៩៩៣ កងកម្លាំងការពារសន្តិសុខ នៃអង្គការសហប្រជាជាតិ គឺលោក Haruyuki អតីតមន្ត្រីប៉ូលីសជប៉ុន បានស្លាប់នៅខេត្តឧត្តរមានជ័យ និងលោក Atsuhito Nakata បានស្លាប់នៅខេត្តកំពង់ធំ ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា៕
 
ចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ ហើយជប៉ុនបានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃ។ លោក លី ធុជ បានថ្លែងបែបនេះ ក្នុងជួបពិភាក្សាការងារជាមួយ លោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣៕
 
 

Tag:
 បោសសម្អាតមីន ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com