ជាតិ
លោក យ៉ង សាំងកុមារ រំឭកឱ្យកសិករបង្កើនការសន្សំទឹកភ្លៀងសម្រាប់រដូវប្រាំងមកដល់
22, Jun 2023 , 7:59 pm        
រូបភាព
រូបតំណាង។ រូបភាពពី​ហ្វេសប៊ុក​លោក យ៉ង សាំងកុមារ
រូបតំណាង។ រូបភាពពី​ហ្វេសប៊ុក​លោក យ៉ង សាំងកុមារ
ភ្នំពេញ៖ កូនរដូវប្រាំង នឹងកើតឡើងចាប់ពីដើមខែកក្កដា ដល់សីហាខាងមុខនេះ។ កូនរដូវប្រាំងនេះ នឹងធ្វើឱ្យខ្សត់ទឹកភ្លៀងនៅដំណាច់ឆ្នាំ ដែលទាមទារឱ្យមានការត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។



លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់ឱ្យប្រជាកសិករត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ពីភាពរាំងស្ងួតឬកូនរដូវប្រាំងនាពេលខាងមុខ។ លោក លើកឡើងថា កសិករត្រូវបង្កើនការសន្សំទឹកភ្លៀង នាដើមរដូវវស្សា ដោយស្តារ រក្សាទឹកតាមប្រឡាយ និងស្រះ។ លើសពីនេះ ត្រូវបង្កើនការសន្សំទឹកភ្លៀងតាមពាងទឹក ឬអាងទឹកតាមគ្រួសារ។ 
  

 រូបភាពពី​ហ្វេសប៊ុក​លោក យ៉ង សាំងកុមារ
 
បើតាមរដ្ឋលេខាធិការរូបនេះ កសិករគួរពន្យារពេលធ្វើស្រែដោយរង់ចាំដល់ផុតកូនរដូវប្រាំង និងត្រូវត្រៀមខ្លួនឱ្យបានទាន់ពេលដូចជា ត្រៀមជីធម្មជាតិ, ត្រៀមពូជ, ពង្រាបដី និងលើកភ្លឺឱ្យបានល្អ បើមិនមានប្រភពទឹកសម្រាប់ស្រោចស្រពបន្ថែម។ លោក យ៉ង សាំងកុមារ បន្តថា កសិករ គួរប្រើជីធម្មជាតិទ្រាប់បាតឱ្យបានច្រើនដែលអាចជួយដល់ការរក្សាសំណើមក្នុងដីបានយូរ។ 
 
គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ជាពិសេសស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់កសិករដែលរងផលប៉ះពាល់៕
 

Tag:
 កសិកម្ម
  កូនរដូវប្រាំង
  ទឹក​ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com