កីឡាជាតិ
ជាតិ
AFC Futsal៖ កម្ពុជា ស្ថិតនៅក្នុងពូល G រួមជាមួយអ៊ូសបេគីស្ថាន ម៉ាឡេស៊ី និងអ៊ីរ៉ាក់
22, Jun 2023 , 6:29 pm        
រូបភាព
ការប្រកួតបាល់ទាត់ក្នុងសាលរវាងក្រុមកម្ពុជា (ខៀវ) និងម៉ាឡេស៊ី (លឿង) នាពេលកន្លងមក។ រូបពី CF
ការប្រកួតបាល់ទាត់ក្នុងសាលរវាងក្រុមកម្ពុជា (ខៀវ) និងម៉ាឡេស៊ី (លឿង) នាពេលកន្លងមក។ រូបពី CF
ដោយ:
ក្រុមកីឡាបាល់ទាត់ក្នុងសាលកម្ពុជា ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ផ្ទះតាមពូល អ៊ូសបេគីស្ថាន ម៉ាឡេស៊ី និងអ៊ីរ៉ាក់ បន្ទាប់ពីចាប់ឆ្នោតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Futsal Asian Cup2023 នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានក្រុមតំបន់អាស៊ីចំនួន៣១ ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែកក្កដា ឆ្នាំ២០២៣។

 
សម្រាប់វគ្គសន្សំពិន្ទុក្នុងពូល ក្នុងពូល A ថៃជាម្ចាស់ផ្ទះ ដោយរួមមាន តួកម៉េនីស្ថាន ចិនហុងកុង និងចិន ពូល B មានឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ ជាមួយអារ៉ាប៊ីសាអូឌីត អាហ្វហ្គានីស្ថាន និងម៉ាកាវ ពូល C មានសាធារណរដ្ឋអ៊ីរ៉ង់ លីបង់ កៀហ្ស៊ីស៊ីស្ថាន ជាម្ចាស់ផ្ទះ និងម៉ាល់ឌីវ។
 
ចំណែកពូល D មានវៀតណាម កូរ៉េខាងត្បូង នេប៉ាល់ និងម៉ុងហ្គោលី ជាម្ចាស់ផ្ទះ ពូល E តាជីគីស្ថាន ជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ប៉ាឡេស្ទីន និងឥណ្ឌា រីឯពូល F រួមមានគុយវ៉ែត បារ៉ែន ជាម្ចាស់ផ្ទះ ទីម័រខាងកើត និងព្រុយណេ។ ដោយឡែកពូល G រួមមាន កម្ពុជា ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ម៉ាឡេស៊ី និងអ៊ីរ៉ាក់ និងពូល H មានបីប្រទេសប៉ុណ្ណោះ ដោយមានឆាយនីស តៃប៉ិ ជាម្ចាស់ផ្ទះ រួមជាមួយម្ចាស់ជើងឯកឆ្នាំ២០២២ ជប៉ុន និងអូស្ត្រាលី។
 
ជប៉ុន ជាក្រុមម្ចាស់ការពារជើងឯក AFC Futsal Asian Cup និងជាម្ចាស់ពាន៤សម័យកាល ស្របពេលអ៊ីរ៉ង់ឈ្នះពាននេះច្រើនជាងគេចំនួន១២លើក។ ថៃ ជាប្រទេសតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ឈានដល់វគ្គផ្តាច់ព្រ័ត្រ តែបានត្រឹមរងជើងឯកទាំងពីរលើក៕
 
 
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com