ជាតិ
៦ខែ កម្ពុជាទទួលគម្រោង២វិនិយោគលើវិស័យទេសចរណ៍លើកោះ ក្នុងទឹកប្រាក់សរុប ៣៧,៧លានដុល្លារ
23, Jun 2023 , 8:29 am        
រូបភាព
កោះទទឺង ក្នុងខេត្តកោះកុង។ រូបភាពពី៖ ក្រសួងបរិស្ថាន
កោះទទឺង ក្នុងខេត្តកោះកុង។ រូបភាពពី៖ ក្រសួងបរិស្ថាន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  ៦ខែឆ្នាំ២០២៣ កម្ពុជាទទួលគម្រោងចំនួន២ វិនិយោគលើវិស័យទេសចរណ៍មានទឹកប្រាក់សរុប ៣៧,៧លានដុល្លារ។ គម្រោងវិនិយោគ​ទាំងពីរនេះ​  ផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ និងសេវាសាធារណៈ ដើម្បីជំរុញដល់ការវិនិយោគវិស័យទេសចរណ៍ និងដឹកជញ្ជូនផលិតផលកសិកម្ម។



គម្រោងវិនិយោគលើវិស័យទេសចរណ៍ចំនួន២ ដែលកម្ពុជាទទួលបាននេះ  គឺមានវិនិយោគលើ«កោះទទឹង» ខេត្តកោះកុង ខណៈមួយទៀតគឺវិនិយោគនៅលើ«កោះមួយ» ក្នុងខេត្តព្រះសីហនុ។ គម្រោងទាំង២នេះ មានទុនវិនិយោគសរុប ៣៧,៧លានដុល្លារ។ ដោយឡែក គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន ក្នុងតំបន់មេគង្គជំហានទី២ សម្រេចបាន៨០ភាគរយ។ 
 
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO., LTD បានវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើ«កោះទទឹង» នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ។ ចំពោះគម្រោងវិនិយោគអភិវឌ្ឍន៍ «កោះមួយ» ខេត្តព្រះសីហនុ ត្រូវបានវិនិយោគដោយក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD ក្រោមទុន៧,៧លានដុល្លារ។

ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ ក្រសួងទេសចរណ៍ បន្តរៀបចំកែលម្អសោភ័ណភាព និងពង្រីកលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត សម្រាប់បម្រើក្នុងវិស័យទេសចរណ៍។ បន្ថែមពីនេះ ក្រសួងទេសចរណ៍ ក៏បានផ្ដល់ប្រាក់កម្ចីដល់អាជីវកម្មទេសចរណ៍ ចំនួន៣៤៧ទីតាំង មានទឹកប្រាក់សសរុប ៣៥,៥៥លានដុល្លារ ផងដែរ។ 
 
៥ខែនេះ កម្ពុជាបានទទួលទេសចរជាតិមានប្រមាណ ១០លាននាក់​ និងភ្ញៀវអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង៥៣០,៥ភាគរយ។ ទេសចរអន្តរជាតិ ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺថៃ វៀតណាម និងចិន។ 
 
សូមជម្រាបថា រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង នឹងក្លាយជាសមាជិករបស់អង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៊ីប៉ាស៉ីហ្វិក ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅអន្តរជាតិផងដែរ៕
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com