កីឡាជាតិ
ជាតិ
JBM Cup៖ វិសាខា បរាជ័យក្រោមថ្វីដៃក្រុមមកពីតៃវ៉ាន់ Win Streak ក្នុងលទ្ធផល ៣-១សិត
23, Jun 2023 , 10:35 am        
រូបភាព
ការលោតធ្វើរនាំងរបស់ក្រុមវិសាខា កីឡាករ សួន ចាន់ណារ៉ូ ក្នុងការប្រកួតទល់នឹង Win Streak របស់តៃវ៉ាន់។ រូបពី VSK
ការលោតធ្វើរនាំងរបស់ក្រុមវិសាខា កីឡាករ សួន ចាន់ណារ៉ូ ក្នុងការប្រកួតទល់នឹង Win Streak របស់តៃវ៉ាន់។ រូបពី VSK
ដោយ:
ក្រុមរបស់តៃវ៉ាន់ Win Streak Taiwan បានយកឈ្នះក្រុមមកពីប្រទេសកម្ពុជា វិសាខា ដោយលទ្ធផល ៣-១សិត ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់បាល់ទះក្នុងសាល Johor Bahru-Mayor’s Cup 2023 នាទីលានបាល់ទះ MBJB ទីក្រុងJohor Bahru ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ឆ្លងកាត់ពីរប្រកួត ក្រុមវិសាខា ឈ្នះ១ចាញ់១ និងសល់មួយប្រកួតចុងក្រោយដើម្បីប្រជែងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

 
ក្រុមខ្លាំងមកពីតៃវ៉ាន់ Win Streak បើការនាំមុខក្រុមវិសាខា ក្នុងពីរសិតដំបូងដោយនៅក្នុងសិតទី១ នាំមុខលទ្ធផលដាច់ឆ្ងាយ ២៥-១៧ និងសិតទី២ ក្នុងលទ្ធផល ២៥-១៨។
 

ការលោតបាំងពីកីឡាករក្រុមវិសាខា ពិន សារុន(ស្តាំ) និង ផុល រតនៈ(ឆ្វេង) ក្នុងជំនួបទល់នឹងក្រុមតៃវ៉ាន់ Win Streak ។ រូបពី VSK
 
នៅក្នុងសិតទី៣ វិសាខា បើកការតដៃមកវិញបានមួយសិតដោយការប្រកួតដ៏តានតឹងបានអូសបន្លាយរហូតដល់ពិន្ទុ ២៧-២៥។ ចូលដល់សិតទី៤ Win Streak របស់តៃវ៉ាន់ បានបន្តយកឈ្នះក្រុមម្ចាស់ពានរង្វាន់បាល់ទះសម្តេច ស ខេង វិសាខា ដោយលទ្ធផលប្រដេញពិន្ទុគ្នា ២៥-២១។
 
គួបញ្ជាក់ថា ប្រកួតបន្ទាប់របស់ក្រុមកម្ពុជា សមាគមបាល់ទះវិសាខា នឹងត្រូវជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមិថុនា។
 
សម្រាប់ពូល A ក្រុមមកពីតៃវ៉ាន់ Win Streak ២ប្រកួតមិនទាន់ស្គាល់ពាក្យចាញ់មាន ៦ពិន្ទុ  ដោយប្រកួតដំបូងយកឈ្នះក្រុមម៉ាឡេស៊ី Sarawak ក្នុងលទ្ធផល ៣-០សិត និងបន្តឈ្នះក្រុមវិសាខា ៣-១សិត។ ចំណែក វិសាខា ឈរលេខ២ មាន៣ពិន្ទុ ដោយពីរប្រកួតរបស់ខ្លួន ឈ្នះJohor SUKMA ៣-០សិត និងចាញ់ក្រុម Win Streak ១-៣សិត រីឯក្រុមម៉ាឡេស៊ីទាំងពីរ Sarawak និង Johor SUKMA សុទ្ធតែពុំទាន់មានពិន្ទុក្នុងដៃនៅឡើយ៕
 
 
 

Tag:
 កីឡាបាល់ទះ
 JBM Cup
© រក្សាសិទ្ធិដោយ thmeythmey.com