កីឡាជាតិ
ជាតិ
Futsal Cup៖​ ក្រុម Downtown Sport ត្រៀមរួចស្រេច ដើម្បីការពារជើងឯករបស់ខ្លួន
24, Jun 2023 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់ Down town Sport(លឿង) ប្រកួតមិត្តភាពជាមួយ Life new 3នាពេលកន្លងមក។ រូបពី Down town Sport
ក្រុមបាល់ទាត់ Down town Sport(លឿង) ប្រកួតមិត្តភាពជាមួយ Life new 3នាពេលកន្លងមក។ រូបពី Down town Sport
ដោយ:
លោក ជេតចាន់រចនា គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល Downtown Sport ជឿជាក់ថាក្រុមរបស់ខ្លួននឹងការពារតំណែងជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលខាប់ឆ្នាំ២០២៣ (FUTSAL CUP 2023)។ មានការជឿជាក់ ដ្បិតក្រុម Downtown Sport បានរៀបចំខ្លួនរូចស្រេច តាមរយៈការហ្វឹកហាត់ពេញលេញ។
 
ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលខាប់ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅទីលានបាល់ទាត់មជ្ឈមណ្ឌលស្ពតអារីណា(The Blue Sport Arena) ចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនា នេះដោយមានក្រុមខ្លាំងៗទាំង១៨ ចូលរួមប្រកួតប្រជែង។ លោក ជេតចាន់រចនា គ្រូបង្វឹកក្រុមម្ចាស់ការពារតំណែងជើងឯក Downtown Sport លើកឡើងថា បច្ចុប្បន្នបាល់ទាត់ក្នុងសាលកម្ពុជាមានការវិវត្តន៍ខ្លាំងដូច្នេះហើយក្រុមទាំងអស់សុទ្ធតែមានការប្រកួតប្រជែងខ្លាំង តែលោក រចនា ថាក្រុម Downtown Sport បានរៀបចំរួចរាល់ហើយ។
 

លោក ជាតិ ចាន់រចនា គ្រូបង្វឹកក្រុមបាល់ទាត់ Down town Sport។ រូបពី Down town Sport
 
លោក ជេតចាន់រចនា និយាយថា៖«សម្រាប់ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដោយសារយើងមានពេលហ្វឹកហាត់ច្រើន មួយថ្ងៃហ្វឹកហាត់ពីរពេល(ព្រឹក-ល្ងាច) ហើយមុនពេលលេងហ្នឹងខ្ញុំបានប្រកួតមិត្តភាពច្រើនដែរ»។ លោក រចនា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ ជាមួយនឹងការររៀបចំក្រុមបានល្អ គ្រូបង្វឹក Downtown Sport ក៏មិនអាចមើលស្រាលក្រុមផ្សេងបាននោះទេ ដោយលោកប្រុងប្រយ័ត្នចំពោះក្រុមដែលចូលរួមប្រកួតប្រជែង។
 
លោក ជេត ចាន់រចនា បញ្ជាក់ថា៖«ក្រុមខ្លាំងសម្រាប់លីគហ្វូតសាលហ្នឹងគឺមានតែក្រុម OV MAL FC មីហឹរ SEOUL YOUNG GUN, TAI CHI FT»។ ចំណែកក្រុមមួយចំនួនទៀតក៏សុទ្ធសឹងតែមានបទពិសោធ និងកម្រិតគួរសមដែរ។
 
គួបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ក្នុងសាល ឆ្នាំ២០២៣ មានក្រុមចំនួន ១៨ចូលរួមប្រកួតប្រជែងក្នុងនោះរួមមានក្រុម Downtown Sport, OVMAL FC, ALEXING FUTSAL, MV FC, FCA PHNOM PENH, TAI CHI FT, YOUNG FIGHTER FT, ALPHA&OMEGA, PREMIUM UNITED, EMPIRE OF PHOENIX, GPS SPORTS FT, AVATAR FC, C-LIGHT FT, ARIGATO UNITED, YOUNGCHESTER FT, មីហឹរ SEOUL YOUNG GUN, ស៊ីសុផន FC និងមាន់បំពងក្តៅស្រួយ។ ការប្រកួតវគ្គសន្សំពិន្ទុមានបីដំណាក់កាល ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមិថុនា​រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
  ជេតចាន់រចនា
© រក្សាសិទ្ធិដោយ thmeythmey.com