ជាតិ
«យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២»បញ្ចប់ តែបេសកកម្មបង្កើតជម្រកសុវត្ថិភាពសត្វព្រៃ មិនបញ្ចប់ឡើយ
23, Jun 2023 , 2:03 pm        
រូបភាព
បាត់ដំបង៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២» ត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី ២២ ខែមិថុនា ត្រឹមខេត្តបាត់ដំបង និងប៉ៃលិន។ ថ្វីដ្បិត យុទ្ធនាការនេះបានបញ្ចប់ ប៉ុន្តែបេសកកម្មបង្កើតជម្រកសុវត្ថិភាពដល់សត្វព្រៃ មិនទាន់បញ្ចប់នោះទេ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បន្តធ្វើការរួមគ្នាលើការត្រួតពិនិត្យទីផ្សារសាច់សត្វព្រៃ បញ្ឈប់ការបរបាញ់ និងការជួញដូរខុសច្បាប់ក្នុងប្រទេសកម្ពុជា។



លោក សេង ទៀក នាយកអង្គការ WWF កត់សម្គាល់ឃើញថា បន្ទាប់ពីអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្ដាខេត្តចំនួន១២ អស់រយៈពេលច្រើន​ខែមកនេះ ការកៀរគរសាធារណជនឱ្យងាកមកចូលរួមសកម្មភាពអភិរក្សមិនមែនជារឿងងាយស្រួលនោះទេ។
  
«យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២»  បានបញ្រ្ជាបការផ្សព្វផ្សាយដល់ពលរដ្ឋក្នុងក្រុងបាត់ដំបង។ រូបភាព៖ ឈុំ ចន្ថា 

ថ្វីដ្បិត យុទ្ធនាការអន្ទាក់សូន្យបានបិទបញ្ចប់ ប៉ុន្តែបេសកកម្ម ដើម្បីបង្កើតទីជម្រកសុវត្ថិភាពដល់សត្វព្រៃនៅមិនទាន់បញ្ចប់នៅឡើយទេ ដោយក្រសួងបរិស្ថាននិងអង្គការដៃគូ នឹងបន្តធ្វើការរួមគ្នាលើការត្រួតពិនិត្យទីផ្សារសាច់សត្វព្រៃ បញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា។ 
 
លោក សេង ទៀក បានបន្ថែមដូច្នេះថា៖ «ដើម្បីធានាថាចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងព្រៃ និងតំបន់ការពារធម្មជាតិរបស់យើង ខាងអង្គ​ការដៃគូរបស់យើង នឹងបន្តចូលរួមអនុវត្តគម្រោងបង្កើនសេដ្ឋកិច្ចមូលដ្ឋានឲ្យបានច្រើន ដែលអាចជួយដល់ជីវភាពសហគមន៍មូលដ្ឋាន​​​ ដើម្បីកុំឲ្យពួកគាត់ពឹងអាស្រ័យតែលើធនធានព្រៃឈើនិងសត្វព្រៃ»។
 
អន្ទាក់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះជីវិតសត្វព្រៃនៅកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ និងប្តេជ្ញារួមគ្នាក្នុងការលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីឲ្យសត្វព្រៃអាចផ្លាស់ទីបានដោយសេរីនិងសុវត្ថិភាពនៅក្នុងតំបន់ការពារធម្មជាតិ។
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបាន បានលើកឡើង​ថា យុទ្ធនាការអន្ទាក់សូន្យ មានគោលដៅសំខាន់ គឺផ្ដល់សុវត្ថិភាពដល់សត្វព្រៃ ជីវៈចម្រុះ និងពលរដ្ឋដែលអាស្រ័យផលពីព្រៃឈើ។ ការធានាសុវត្ថិភាពក្នុងព្រៃនេះ ដោយសារតែក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជួបបញ្ហាប្រឈមច្រើន ពាក់ព័ន្ធអន្ទាក់ ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ។
  
«យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២» នៅខេត្តបាត់ដំបង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣។ រូបភាព៖ ឈុំ ចន្ថា 

តាមទិន្នន័យរបស់ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំ មន្រ្តីជំនាញអាចអន្ទាក់បានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ នៃចំនួនអន្ទាក់ដែលគេបានដាក់ចូលក្នុងព្រៃធម្មជាតិ។ នៅឆ្នាំ ២០២១ ក្រសួង ដោះអន្ទាក់បាន ៦១៦១១ និង៣៩០០០អន្ទាក់ នៅឆ្នាំ ២០២២។
 
យ៉ាងណា ក្រសួងបរិស្ថាន ក៏បានកត់សម្គាល់ថា ព្រៃឈើក្នុងតំបន់ធម្មជាតិកម្ពុជា​មានលក្ខណៈល្អប្រសើរជាងមុន ដោយសារមានការចូលរួមពីអង្គការដៃគូ និងភាគីពាក់ព័ន្ធជាច្រើន​ ដើម្បីទប់ស្កាត់ និងផ្សព្វផ្សាយពីផលប៉ះពាល់ នៃការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ។
 
ទន្ទឹមនេះ ពលរដ្ឋក្នុងតំបន់ ក៏មានការយល់ដឹងពីតួនាទី និងសារៈសំខាន់ ធនធានធម្មជាតិ និងសត្វព្រៃផងដែរ តាមរយៈការអនុវត្តច្បាប់តឹងរឹង ជាមួយវិធានការសេដ្ឋកិច្ចមូលដ្ឋាន។

វិធានការសេដ្ឋកិច្ចមូលដ្ឋាននេះ បានរួមចំណែកបង្កើតមុខរបរ ដែលជម្រើសថ្មីដល់ពលរដ្ឋឱ្យបោះបង់ការឈើ និងបរបាញ់សត្វតទៀត តាមរយៈការបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ការបង្រៀនពីបច្ចេកទេសចិញ្ចឹមឃ្មុំ ដែលទាញប្រយោជន៍ពីផ្កាព្រៃ និងជំរុញការងារកសិកម្មជុំវិញសហគមន៍ផងដែរ។  
 
លោក នេត្រ ភក្ត្រា ថ្លែងដូច្នេះថា៖« ការបង្កើតមុខរបរថ្មីនេះ គឺជាចំណុចមួយដែលយើងឃើញអំពីការរីកចម្រើន និងការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ហើយពួកគេបានចូលរួម និងយល់ពីតួនាទី សារៈសំខាន់ នៃសត្វព្រៃ និងធនធានធម្មជាតិ កាន់តែច្រើន»។
 
ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ លោក នេត្រ ភក្ត្រា បានទទូចឲ្យសាធារណជនទាំងអស់ចូលរួមសកម្មភាពអភិរក្ស និងបញ្ឈប់ការបរិភោគ បញ្ឈប់ការជួញដូរ និងដាក់អន្ទាក់ ដែលផ្ដល់សម្ពាធដល់សត្វព្រៃតទៅទៀត។ លោក លើកទឹកចិត្តពលរដ្ឋទាំងអស់ឱ្យក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃនិងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍។
 
សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បានចាប់ផ្ដើមតាំងពីខែមីនា និងបញ្ចប់នៅខែមិថុនា ដោយធ្វើនៅតាមបណ្ដាខេត្តចំនួន ៦ ដែលរួមមាន ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងប៉ៃលិន។ ជាលទ្ធភាពនៃយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ និងទី២ មានភោជនីយដ្ឋានចំនួនកន្លែង បានបញ្ឈប់ការលក់សាច់សត្វព្រៃ ហើយពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ពីសារៈប្រយោជន៍នៃធនធានធម្មជាតិ៕
 

Tag:
 បរិស្ថាន
  យុទ្ធនាការអន្ទាក់សូន្យ
  ការអភិរក្សសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com