ជាតិ
បង្កើន​ក្រុម​ការងារដើម្បី​ពន្លឿនការងារសាងសង់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង
23, Jun 2023 , 3:44 pm        
រូបភាព
ដោយ:
កោះកុង៖ ផ្លូវជាតិលេខ៤៨ ដែល​ស្ថិតក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះកុង មានដំណើរ​ការសាងសង់យឺតយ៉ាវជាងផែនការដែលបានកំណត់ ដោយសារ​កត្តាផ្សេងៗ។ កត្តាទាំងនេះ នាំឱ្យក្រុមហ៊ុន​ដែលអនុវត្តការងារ​សាងសង់​បង្កើន​ចំនួន​ក្រុម​ការងារ​របស់ខ្លួន។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេល​ថ្មីៗ​កន្លងមក​នេះ បានចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង ដែលធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ 
 

លោក ស៊ុន ចាន់ថុល រដ្ឋាមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៤៨។ រូបភាព៖ ក្រសួងសាធារណការ
 
 នាឱកាសនោះ ក្រុមការងារបច្ចេកទេស បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមទីតាំងមួយចំនួន ដើម្បីបង្ហាញជូនរដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រួតពិនិត្យមើលដោយផ្ទាល់។ ជាលទ្ធផលនៃការធ្វើតេស្តមានភាពល្អប្រសើរ ស្របតាមបទដ្ឋានដែលបានកំណត់ និងមានភាពម៉ត់ចត់ត្រឹមត្រូវ ក្នុងការអនុវត្តការងារកន្លងមក។ 
 
«មក​ដល់ពេលនេះ ការងារ​សាង​សង់ផ្លូវជាតិលេខ៤៨ សម្រេចបាន ៣១,១ភាគរយហើយ»។ លោក ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ ហើយបន្តថា៖«តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីបម្រែបម្រួលប្រភេទការងារក្នុងកិច្ចសន្យា កត្តាភូមិសាស្រ្ត និងកត្តាអាកាសធាតុ ដែលរដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី»។
 
ដើម្បីឆ្លើយតបលើភាពយឺតយ៉ាវនេះ ក្រុមហ៊ុនអនុវត្តការសាងសង់ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពធំៗ មួយចំនួនរួមមាន បង្កើនចំនួនក្រុមការងារពី ៣ទៅ៨នាក់, ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា ក្រុមការងារត្រូវបង្វែរកម្លាំងទៅផ្តោតលើការសាងសង់គ្រឿងបង្គុំស្ពានជំនួសវិញ និងស្តុកទុកនូវសម្ភារចំបាច់ ក្នុងការចាក់ក្រាលស្រទាប់កៅស៊ូឱ្យបានរួចរាល់ ត្រៀមសម្រាប់រដូវប្រាំង។
 
 សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ចាប់ផ្ដើមសង់ត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០(ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ មានកម្រាស់ ២៥សង់ទីម៉ែត្រ។
 
ខ្សែផ្លូវនេះ មានប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើថវិកាក្នុងទំហំប្រមាណជាង ៧៨លានដុល្លារអាម៉េរិក៕
 

Tag:
 ផ្លូវលេខ៤៨
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com