ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ប្រកាសជំហរនយោបាយក្ដៅចំពោះក្រុមប្រមាថអាយុជីវិតគ្រួសារលោក
23, Jun 2023 , 4:06 pm        
រូបភាព
កូនប្រុសពៅរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញកំហឹងរបស់លោកតបនឹងគណនីហ៊្វេសប៊ុកមួយចំនួនដែលបានសរសេរ និងបង្ហោះរូបភាពកាត់តដែលប្រមាថអាយុជីវិតឪពុករបស់លោក។



លោក ហ៊ុន ម៉ានី សរសេរថា លោកនឹងត្រូវមានវិធានការចំពោះក្រុមអ្នកក្រុមអ្នកប្រមាថអាយុជីវិតសមាជិកក្រុមគ្រួសារ និងជាពិសេសឪពុកម្ដាយរបស់លោក។ «ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ។ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ។»។ នេះជាប្រតិកម្មរបស់លោក ហ៊ុន ម៉ានី តាមរយៈសំណេនៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងការបង្ហោះសាររបស់គណនីដែលសរសេរប្រមាថទាំងនោះផង។
 
សម្រាប់លោក ហ៊ុន ម៉ានី ការប្រមាថទាំងនេះ ត្រូវបានធ្វើឡើងដោយក្រុមនយោបាយប្រឆាំងដែលពុំបានធ្វើនយោបាយបែបសីលធម៌ឡើយ។ លោកគូសបញ្ជាក់ថា ការប្រមាថលើអាយុជីវិតរបស់ឪពុកលោកម្ដងហើយម្តងទៀតយ៉ាងដូច្នេះ កំពុងបង្រៀនលោកឱ្យធ្វើនយោបាយដែលឆ្លើយតបទៅនឹងការប្រមាថបែបនេះ ដោយពុំអាចលើកលែងបានឡើយ។
 
លោក ម៉ានី ដែលស្ថិតនៅក្នុងចំណោមអ្នកបន្តវេនផងនោះបានសរសេរយ៉ាងដូច្នេះថា៖« ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ចំពោះការធ្វើនយោបាយដ៏អសីលធម៌បែបនេះ តើខ្ញុំត្រូវមានជម្រើសអ្វីក្រៅពីការប្រកាន់ជំហរច្បាស់លាស់ និងដាច់ណាត់ចំពោះជនអគតិទាំងនេះ?»។
 
ចំពោះលោក ហ៊ុន ម៉ានី បើសិនជានៅតែមានស្ថានភាពបែបនេះ ការធ្វើនយោបាយដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំនោះ វានៅពុំទាន់គ្រប់គ្រាន់នោះទេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com