ជាតិ
សង្គមជាតិ
លោក សុខ លូ ឱ្យអាជ្ញាធរបង្រ្កាបករណីឈ្មួញ ចងការប្រាក់ ដោយយកអត្តសញ្ញាណប័ណ្ណពីពលរដ្ឋ
23, Jun 2023 , 7:59 pm        
រូបភាព
លោក សុខ លូ អភិបាលខេត្តបាត់ដំបង  រូបភាពពី៖ រដ្ឋបាលខេត្តបាត់ដំបង front
លោក សុខ លូ អភិបាលខេត្តបាត់ដំបង រូបភាពពី៖ រដ្ឋបាលខេត្តបាត់ដំបង front
ដោយ៖ សុង សុធាវី 
 
អភិបាលខេត្តបាត់ដំបង លោក សុខ លូ រំឭកអាជ្ញាធរមូលដ្ឋានតាមដាន និងចុះបង្រ្កាប ករណីឈ្មួញចងការប្រាក់ ដែលយកអត្តសញ្ញាណប័ណ្ណពីពលរដ្ឋ ផ្ទុយពីគោលការណ៍កំណត់របស់រដ្ឋាភិបាល។
 
អភិបាលខេត្តបាត់ដំបង បានបន្តថា មានក្រុមជនជាតិឥណ្ឌា បានដើរចងការប្រាក់ឥណទាន ដោយតម្រូវឲ្យប្រជាពលរដ្ឋខ្មែរ បង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ ពោលគឺមិនតម្រូវឲ្យមាន​ការបង់ប្រាក់​ជារៀងរាល់​ខែនោះទេ ។
 
ក្រៅពីនេះ ក៏មានស្ថាប័នឥណទាន ឬអង្គការមួយចំនួន ​បានការយកឯកសារ​សម្គាល់អត្តសញ្ញាណពលរដ្ឋ មកធ្វើជាទ្រព្យបញ្ចាំ ដែលអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល ។ នេះបើតាមលោក សុខ លូ។
 
សេចក្តីប្រកាសនាថ្ងៃទី ២២ ខែមិថុនា អភិបាលខេត្តបាត់ដំបង លើកឡើងថា៖ « ថ្មីៗនេះមានករណីមួយបាន​កើតឡើងនៅក្នុងស្រុកមួយ​ចំនួននៃខេត្តបាត់ដំបង ដែលវាកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល គឺជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ»។
 
សម្រាប់ទឹកប្រាក់កម្ចីចំនួន ២០ម៉ឺនរៀល ចុះក្រោម គឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត, សៀវភៅគ្រួសារ , បណ្ណបើកបរ , កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ។ ចំពោះទឹកប្រាក់ចាប់ពី ៤០ម៉ឺនឡើង គឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ។ នេះបើតាមអភិបាលខេត្ត។ 
 
ពាក់ព័ន្ធបញ្ហាខាងលើ លោក សុខ លូ បានធ្វើក្រើនរំលឹកអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះវាជាករណីល្មើសច្បាប់ ដែលខុសពីគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក សុខ លូ ឱ្យអាជ្ញាធរស្រាវជ្រាវ និងបង្ក្រាបក្រុមឈ្មួញដើរចងការប្រាក់ឥណទានតាមភូមិ-ស្រុកទាំងនោះ ទៅតាមច្បាប់ជាធរមាន ឲ្យទាន់ពេលវេលា។ ជាពិសេសពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង អំពីបញ្ហានេះ ជៀសវាងមានការចាញ់បោកដោយណាប្រការណាមួយ។ 
 
អភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំឭក និងដាស់តឿនទៅកាន់ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ឲ្យយកចិត្តទុកដាក់ និងសហការគ្នា ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើងទៀត ។ លោក សុខ លូ ក៏ហាមពលរដ្ឋ មិនឲ្យផ្ដល់អត្តសញ្ញាប័ណ្ណ ឬឯកសារណាមួយជាទ្រព្យបញ្ចាំ សម្រាប់ខ្ចីប្រាក់ឡើយ ព្រោះឯកសារអត្តសញ្ញាប័ណ្ណនេះ ជាឯកសារសំខាន់ សម្រាប់យកទៅប្រើប្រាស់ពេលបោះឆ្នោតខាងមុខ។  «ដូចនេះគោលបំណងនៃក្រុមខាងលើ ដើម្បីឱ្យដំណើរការបោះឆ្នោតមិនបានប្រព្រឹត្តិដោយរលូន»។ នេះបើតាមលោក សុខ លូ ៕
 

Tag:
 វិស័យសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com