ជាតិ
រដ្ឋ សម្រេចបង្កើតអគ្គនាយកដ្ឋានមួយទៀត ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​
23, Jun 2023 , 8:59 pm        
រូបភាព
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន  សម្រេច​បង្កើត​និង​បំពេញបន្ថែម​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ឱ្យ​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ប្រសិទ្ធភាព និង​ស័ក្តសិទ្ធិភាព​នៃ​ការដឹកនាំ គ្រប់គ្រង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។​ ​ការបង្កើតអគ្គនាយកដ្ឋានថ្មីនេះឡើង ជាការឆ្លើយតមនឹងសំណើររបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

 
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលចុះនៅថ្ងៃទី២២មិថុនា ឆ្នាំ២០២៣ អគ្គនាយកសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច លើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាពិសេស ស្ថាប័ននេះគឺអនុលោមតាមគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។ 
 
អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល មាន​តួនាទី និង​ភារកិច្ច​ ចូលរួម​រៀបចំ​និង​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ គម្រោង កម្មវិធី និង​ផែនការ​សកម្មភាព ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល ​និង​ចូលរួម​រៀបចំ​និង​អនុវត្ត​ច្បាប់​ រួមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល។ ស្ថាប័ននេះ មានសិទ្ធិរៀបចំ​និង​អនុវត្ត​គោលការណ៍​ណែនាំ​ ឬ ​បទដ្ឋាន​បច្ចេកទេស​នានា​សំដៅ​គាំទ្រ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល និង​ចូលរួម​ស្រាវជ្រាវ វិភាគ តាមដាន និង​វាយតម្លៃ​ការវិវឌ្ឍ​និង​និន្នាការ​សេដ្ឋកិច្ច​ឌីជីថល ​ក្នុង​បរិការណ៍​តំបន់​និង​សកល។ 
 
អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ក៏មានតួនាទីដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដែល​គាំទ្រ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។ ជាពិសេស​ ស្ថាប័ននេះគឺត្រូវ​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​គ្រឹះ​និង​ថ្នាល​សេដ្ឋកិច្ច​ឌីជីថល ជា​គុណប្រយោជន៍​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។​
 
អនុក្រឹត្យដដែលបន្តរៀបរាប់ថា អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ត្រូវ​ចូលរួម​រៀបចំ​កិច្ចសន្យា​និង/ឬ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​បរិការណ៍​ជាតិ តំបន់ និង​សកល ចូលរួម​រៀបចំ​សេចក្តី​ព្រាងច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ច្បាប់​ហិរញ្ញវត្ថុ​កែតម្រូវ និង​ច្បាប់​ទូទាត់​ថវិកា​។ លើសពីនេះ ត្រូវកសាង​ភាពជា​ដៃគូ ព្រមទាំង​ធ្វើ​កិច្ចសហការ​និង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ក្នុង​បរិការណ៍​ជាតិ តំបន់ និង​សកល និង​ជាមួយនឹង​អង្គការ​អន្តរជាតិ​និង/ឬ​ដៃគូ​អភិវឌ្ឍ​។ ស្ថាប័នជំនាញដែលរដ្ឋសម្រេចបង្កើតថ្មីឡើងនេះ ត្រូវ​រៀបចំ​និង​លើកកម្ពស់​ការអប់រំ ការបណ្ដុះបណ្តាល និង​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល និង​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ការងារ​និង​សមិទ្ធកម្ម​របស់​អគ្គនាយកដ្ឋាន​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ បំពេញ​តួនាទី​និង​ភារកិច្ច​ផ្សេងទៀត​តាមការ​ប្រគល់ជូន​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។
 
អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល មាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ចំនួន ៣។ ក្នុងនោះមាន នាយកដ្ឋាន​កិច្ចការ​ទូទៅ នាយកដ្ឋាន​ហេដ្ឋា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល និង​នាយកដ្ឋាន​កម្មវិធី​សេដ្ឋកិច្ច​ឌីជីថល។
 
ការបង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនេះ ជាការឆ្លើយតបនឹងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល​ សេដ្ឋកិច្ច និងសង្គមឌីជីថល វៃឆ្លាត និងរស់រវើក ខណៈរដ្ឋាភិបាលបានអភិវឌ្ឍនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដើម្បីបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។
 
ក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ«កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសម្ទុះ​កំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្នែកលើប្រក្រតីភាពតាមគន្លងថ្មី»។​ ចក្ខុវិស័យនេះត្រូវសម្រេចឱ្យបានក្នុងរយៈពេល១៥ឆ្នាំ​ ដោយចាប់ផ្តើមពីឆ្នាំ២០២១ដល់ ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន៣ គឺ ការកសាងមូលដ្ឋានគ្រឹះឌីជីថល  ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តជាដំណាលគ្នា ប៉ុន្តែផ្តល់អទិភាពទៅលើវិធានការដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។  បើតាមក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ត្រង់ចំណុចមានន័យថា បរិវត្តកម្មឌីជីថល គឺជាគោលដៅចុងក្រោយដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឱ្យគ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com