ជាតិ
​​​ន​យោ​បាយ​ជាតិ​
សិក្ខាកាមយោធាឥណ្ឌូណេស៊ី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់ពីនយោបាយឈ្នះឈ្នះ
23, Jun 2023 , 9:59 pm        
រូបភាព
ជំនួបរវាងមន្រ្តីយោធាកម្ពុជា (ជួរឆ្វេងដៃ) និងសិក្ខាកាមយោធាឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។ រូបពីក្រសួងការពារជាតិ
ជំនួបរវាងមន្រ្តីយោធាកម្ពុជា (ជួរឆ្វេងដៃ) និងសិក្ខាកាមយោធាឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។ រូបពីក្រសួងការពារជាតិ
គណៈ​ប្រតិភូដែល​ជា​សិក្ខា​កាម​ប្រមាណ៣០នាក់ ​មក​បំពេញ​ទស្សន​កិច្ច​សិក្សានៅកម្ពុជាលើកនេះ គឺដើម្បី​ចង់​ដឹង​ថា ​កម្ពុជា​ ​អនុវត្ត​នយោ​បាយ​ឈ្នះឈ្នះ​ តាម​របៀប​ណា​។ នេះជាការលើកឡើងរបស់លោក រ៉ូប៊ី ស៊ូហ្វារីយ៉ាឌី (Rudy Sufahriadi) មន្រ្តីយោធានជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងជាប្រធានគណៈប្រតិភូ ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពាតិកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

 
លោក នាង ផាត បាន​ឆ្លើយតប​ទៅកាន់​គណៈ​ប្រតិភូជា​សិក្ខាកាម​នៃ​វិទ្យាស្ថា​ន​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​​ឥណ្ឌូ​ណេស៊ី អំពី​យុទ្ធសាស្ត្រ​នយោ​បាយ​ឈ្នះ​ឈ្នះ ​ដែល​មានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​មគ្គុទ្ទេស​​ក៏ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ 
 
​លោក រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី ដែលជាអគ្គ​លេខា​ធិការ​នៃ​វិទ្យាស្ថា​ន​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិឥណ្ឌូណេស៊ី បង្ហាញវត្ថុបំណងទៀតថា ការបំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលជួបលោក នាង ផាត ក៏ដើម្បី​ទទួល​បទ​ពិសោធ​លើ​កិច្ច​ការ​មួយ​ចំនួន​ ដែ​ល​កម្ពុជា​សម្រេច​បាន​កន្លងមកផងដែរ។ ​បន្ទាប់ពីបានដឹកនាំសិក្ខាកាមទៅទស្សនកិច្ច​នៅ​សារមន្ទីរ​គុក​ទួល​ស្លែង ​លោក​ លោក រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី បង្ហាញការយល់ឃើញនៅចំពោះមុខលោក នាង ផាត ថា ​របប​ប្រល័យ​ពូជ​សាសន៏ ​ពុំអា​ច​អត់​ឱន​ឲ្យ​បាន​ឡើយ។ 
 
ក្រៅពីនេះ ​សិក្ខាកាមឥណ្ឌូណេស៊ី ចង់ដឹងពីទស្សនៈកម្ពុជា ទៅលើបញ្ហាអន្តរជាតិមួយចំនួន ដូចជា ​ជម្លោះ​នៅ​សមុទ្រ​ចិន​​ខាង​ត្បូង​ ​ជម្លោះ​ចិន-​អាម៉េរិក​ ​បញ្ហា​សន្តិសុខ ​ការរៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ការរៀបចំកីឡាស៊ីហ្គេម បូករួមទាំង​ទំនាក់​ទំនងកម្ពុជា​-​ឥណ្ឌូ​ណេស៊ី។ 
 
លោក នាង ផាត អធិប្បាយថា អំឡុងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា ​ប្រឈម​នឹង​ដំណោះ​ស្រាយ​លើ​បញ្ហា​ធំៗជា​ច្រើ​ន ​រួមមាន​​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ជម្លោះ​ចិន-អាម៉េរិក​ វិបត្តិនៅមីយ៉ាម៉ា ​និង​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែន​ ​ជាអាទិ៍។  
 
លោក បន្តថា បញ្ហាស​មុទ្រ​ចិ​នខាង​ត្បូង​ និង​ជម្លោះ​​ចិន-​អាម៉េរិក ​កម្ពុជាក្នុងនាមជាប្រធាន​​កិច្ចប្រជុំអាស៊ានកន្លងមក ​បាន​ខិត​ខំខ្លាំង​ណាស់​ ក្នុង​ការ​ស្វែង​រ​កដំណោះ​ស្រាយ​រួម ​ដើម្បី​បញ្ចៀសការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ ហើយ​ស្វែង​រក​​ដំណោះ​ស្រាយ​តាម​ការ​ចរចា​វិញ។  
 
​ចំពោះ​ការរៀបចំ​កិច្ច​ប្រជុំ​អាស៊ាន​ និងកីឡាស៊ី​ហ្គេម​​នៅកម្ពុជានាពេលកន្លងទៅ លោក អះអាងថា កម្ពុជា​ បាន​អនុវត្ត​យ៉ាងល្អនូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​កម្លាំងសមត្ថកិច្ច​គ្រ​ប់ជាន់​ថ្នាក់​ ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់៕ 
 

Tag:
 កម្ពុជា
  សិក្ខាកាមឥណ្ឌូណេស៊ី
  នយោបាយឈ្នះឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com