ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ ៖ វិស័យអចលនទ្រព្យកម្ពុជាកំពុងផ្គត់ផ្គង់លើសតម្រូវការ
23, Jun 2023 , 6:09 pm        
រូបភាព
បច្ចុប្បន្នសំណង់លំនៅឋានមួយចំនួននៅកម្ពុជា បានកំពុងជាប់គាំងហើយលក់មិនដាច់ ។អ្នកជំនាញជាច្រើនបានអះអាងស្រដៀងគ្នាថា​ ការផ្គត់ផ្គង់លំនៅឋានលើសពីតម្រូវការជាក់ស្តែងនិងមិនស្របតាមស្តង់ដារ ជាដើមចមនៃបញ្ហាជាប់គាំង។នេះក៏ដោយសារក្រុមអ្នកអភិវឌ្ឍលំនៅឋានទាំងនោះ និយមផ្តោតលើផលចំណេញក្នុងរយៈពេលខ្លី។ ​

 
លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានលើកឡើងថានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាអ្នកសាងសង់ពុំទាន់មានតួលេខពិតនៃទីផ្សារនៅឡើយទេ​។ លោកបន្ត ៖ «
យើងកំពុងប្រកួតប្រជែងទីផ្សារដោយគ្មានតម្លាភាពដែលនាំឱ្យមានការសាងសង់លើសតម្រូវការ » ។
 


សំណង់មួយចំនួននៅកម្ពុជាមិនសមស្របនិងតម្រូវការទីផ្សារ គឺផ្តោតលើតម្លៃខ្ពស់និងគ្មានចំណតសម្រាប់យានយន្តជាដើម ។ចំណែកឯការកែប្រែដីកសិកម្មទៅជាដីអភិវឌ្ឍន៍លំនៅឋានលឿនជ្រុល បញ្ហាបច្ចេកទេសរចនាបទសំណង់ បញ្ហាទីផ្សារក៏ជាកត្តានាំឱ្យការផ្គត់ផ្គង់លំនៅឋានកើនហួសការផ្គត់ផ្គង់ផងដែរ។ នេះបើតាមលោក តាន់មុនីវណ្ណ។
 
ការរីកចម្រើន និងការសាង់សង់លំនៅឋានថ្មីៗដូចជា ខុនដូ បុរី អគារពាណិជ្ជកម្មអគារការិយាល័យ ដែលមិនបានសមស្របនឹងតម្រូវការទីផ្សារបានបណ្តាលឱ្យមានភាពឆ្អែតនៃទីផ្សារអចលនទ្រព្យ និងការផ្គត់ផ្គង់លើសតម្រូវការជាពិសេសនៅក្នុងវិស័យផ្ទះល្វែង។ នេះជាអះអាងរបស់លោក សន សៀបជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ខែមិថុនា។
 
បើតាមលោក សន សៀប តម្រូវការក្នុងស្រុកពុំសូវជាមានផលប៉ះពាល់ប៉ុន្មានដូចតម្រូវការមកពីខាងក្រៅនោះទេ ។
 
លោកបានបញ្ជាក់ថា​៖ «ការវាយតម្លៃអត់មានតួលេខជាក់លាក់ ពីតម្រូវការបរទេស​បានធ្វើអ្នកអភិវឌ្ឍន៍លំនៅឋានមកពីខាងក្រៅជាពិសេសសំណង់អគារខ្ពស់ៗមិនស្របតាមតម្រូវការទីផ្សារ សំណង់ទាំងអស់នេះនឹងងាយមានវិបត្តិនៅពេលដែលតម្រូវការពីខាងក្រៅថយចុះដូចជាអំឡុងពេលមានវិបត្តិជំងឺ-១៩ »។
 
ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចពីរាជបណ្ឌិត្យសភាកម្ពុជាលោក គី សិរីវឌ្ឍន៍បានផ្តោតសំខាន់លើ៤ចំណុចដែលនាំឱ្យការផ្គត់ផ្គង់អចលនទ្រព្យនៅកម្ពុជាខ្ពស់ជាងតម្រូវការ។ ទីមួយ
បណ្តាលមកពីផលចំណេញខ្ពស់ធ្វើឱ្យមនុស្សវិនិយោគលើវិស័យនេះ ,ទីពីរទីផ្សារអចលនទ្រព្យនាមុនអំឡុងកូវីដ-១៩ មានហាងឆេងដែលជាទូទៅគេនិយមទិញផ្ទះដើម្បីលក់បន្ត។
 
សម្រាប់ចំណុចទីបីវិញ គឺការទិញផ្ទះដែលអត់មានហានិភ័យដែលលោកចង់សំដៅលើការយកលុយធនាគារទៅទិញ និងចុងក្រោយគឺការទិញផ្ទះដោយប្រាក់កម្ចីក្នុងរយៈពេលវែង ឬបង់រំលោះ។ទាំងអស់នេះហើយដែលនាំឱ្យសន្ទុះនៃវិស័យអចលទ្រព្យមានការកើនឡើងខ្លាំងស្របពេលដែលវិបត្តិកូវីដ-១៩ ដល់បានធ្វើឱ្យអតិថិជនថយប្រាក់ចំណូល។
 
ស្រដៀងគ្នានេះដែរ លោក ជូ វណ្ណៈ ដែលជាអគ្គនាយកនិយ័តករអាជីវកម្មអចលនទ្រព្យនិងបញ្ចាំ ក៏បានមើលឃើញពីបញ្ហាប្រឈមនៅក្នុងវិស័យអចលទ្រព្យកម្ពុជាបច្ចុប្បន្នដោយកម្ពុជាពុំទាន់មានច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យអភិវឌ្ឍអចលនវត្ថុនោះទេ។ជាងនេះទៅទៀតកង្វះព័ត៌មាន ទិន្នន័យដើម្បីវិភាគស្ថានភាពហរិញ្ញវត្ថុពីក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុគ៏ជាឧបសគ្គក្នុងការវាយតម្លៃផងដែរ។
 
បច្ចុប្បន្នគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅនៅទូទាំងប្រទេសមានចំនួន ២៥៨៦អគារ ក្នុងនោះភ្នំពេញមានចំនួន ១ ៧១១អគារ ខេត្តព្រះសីហនុមានចំនួន៦៩០អគារ ខេត្តបន្ទាយមានជ័យមាន ១៤២អគារ និងខេត្តផ្សេងៗទៀត ៤៣អគារ។ នៅឆ្នាំ២០៣០ កម្ពុជានឹងមានតម្រូវការលំនៅឋានថ្មីប្រមាណជាង ១,១លានលំនៅឋានដែលក្នុងនោះភ្នំពេញ ទីក្រុង និងទីប្រជុំជនមានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន។
 
តម្រូវការលំនៅឋានជាមធ្យមក្នុងមួយឆ្នាំមានប្រមាណ ៥ម៉ឺនលំនៅឋាន។នេះបើតាមទិន្នន័យពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
 
បើទោះជាមានការអះអាងពីមន្តី្រក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ពីតម្រូវការលំនៅឋានកើនឡើងក៏ពិតមែន លោក គី សិរីវឌ្ឍន៍បានអះអាងថានោះមិនមែនជាតម្រូវការលំនៅឋានសម្រាប់ការស្នាក់នៅនោះទេ គឺសម្រាប់ទិញ-លក់ ។នេះក៏ជាផ្នែកមួយដែលជុំរុញឱ្យវិបត្តិអចលនទ្រព្យកើតឡើងនៅពេលដែលផ្ទះក្លាយជាទំនិញសម្រាប់ទិញ-លក់ដែលនឹងបាត់បង់តម្លៃបន្ថិចម្តងៗទៅតាមឆ្នាំ។ ៕

Tag:
 អចលនទ្រព្យ
  តាន់ មុនីវណ្ណ
  សន សៀប
  គី សិរីវឌ្ឍន៍
  ជូ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com