កីឡាជាតិ
ជាតិ
ឈឿង ល្វៃ នឹងប្រើគ្រប់ក្បាច់ដើម្បីសងសឹក សាមី បេនឆាមេក
24, Jun 2023 , 9:29 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ឈឿង ល្វៃ និងបង្គោលខៀវ សាមី បេនឆាមេក។
ការប្រកួតរវាងបង្គោលក្រហម ឈឿង ល្វៃ និងបង្គោលខៀវ សាមី បេនឆាមេក។
ដោយ:
កីឡាករគុនខ្មែរ ឈឿង ល្វៃ នឹងត្រូវតទល់កីឡាករថៃ សាមី បេនឆាមេក នៅសង្វៀន ទទក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ជំនួបសងសឹកនេះ ល្វៃ រំពឹងថាខ្លួននឹងឈ្នះ ដោយការប្រើគុនវុធគ្រប់ក្បាច់ដែលខ្លួនមាន។

 
ថ្លែងក្នុងបទសម្ភាសតាមសារអេឡិចត្រូនិក នៅថ្ងៃទី២២ ខែមិថុនា ម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីង ឈឿង ល្វៃ ប្រាប់សារព័ត៌មានថ្មីៗថា សាមី បេនឆាមេក ជាកីឡាករល្អដែលកម្លាំងហ្ស៊ូសធន់ និងក្បាច់ស្នៀតល្អទាំងព្រម ប៉ុន្តែខ្លួនក៏បានត្រៀមសម្រាប់ទប់ទល់ទៅវិញផងដែរ។
 
កីឡាករ ឈឿង ល្វៃ និយាយថា៖«សម្រាប់ជំនួនសងសឹកនេះ ខ្ញុំសង្ឃឹម ៥០ភាគរយ ព្រោះជាក់ស្តែងគឺនៅលើសង្វៀន ដរាបណាការប្រកួតមិនទាន់មកដល់យើងមិនអាចថាមុនបានទេ»។ ល្វៃ បន្តថាខ្លួនបានហ្វឹកហាត់ច្រើនដូចរាល់ដងដែរទាំងការចូលស៊ីប រត់ចម្ងាយ គឺបុកហាត់បានគ្រប់គ្រាន់ ធានាចំពោះការប្រយុទ្ធនៅលើសង្វៀនទល់សាមី។
 
កីឡាករគុនខ្មែរមានដើមកំណើតមកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បន្ថែមថា៖«ចំពោះការប្រើគុនវុធជាក់ស្តែងនៅពេលការប្រកួតអាចប្រើអាវុធណាបានផល គឺប្រើអាវុធហ្នឹងឱ្យបានច្រើន»។ កីឡាករមកពីក្លិបប្រដាល់នាគរាជចតុមុខ ដដែលក៏មិនហ៊ានដាក់ក្តីសង្ឃឹមខ្ពស់ព្រោះកីឡាករថៃ​សាមី មកពីក្លិប បេនឆាមេក នេះគឺល្អគ្រប់ស្នៀត។ 
 
គួបញ្ជាក់ថា កីឡាករគុនខ្មែរ ឈឿង ល្វៃ នឹងត្រូវសងសឹកកីឡាករ សាមី បេនឆាមេក មកពីប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា នៅសង្វៀន ទទក លើប្រភេទទម្ងន់ ៧១គីឡូក្រាមបន្ទាប់ពីរងបរាជ័យនាប្រកួតទីមួយរបស់ខ្លួនចាញ់ សាមី នៅទឹកទី៤ ដោយបញ្ហារបួសជើង៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ឈឿង ល្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com