ជាតិ
មន្រ្តីទេសចរណ៍៖ បុគ្គលិកត្រូវមានជំនាញឌីជីថលបន្ថែម​ពីជំនាញទេសចរណ៍
24, Jun 2023 , 9:59 pm        
រូបភាព
លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍
លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍
ភ្នំពេញ៖ ការពង្រឹងលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា កំពុងដំណើរការទៅមុខ ដោយមានការចូលរួមពីវិស័យឯកជន ដូចជាការអភិវឌ្ឍផលិតផល និងសេវា ,ការពង្រឹងគុណភាពទេសចរណ៍, ការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាដើម។ ដោយឡែក ផែនការឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងវស័យទេសចរណ៍។ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងថា បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវមានជំនាញឌីជីថលបន្ថែម លើសពីបដិសណ្ឋារកិច្ច។



ការងារអភិបាលកិច្ចទេសចរណ៍ បានដោយផ្តោតលើផ្នែកសំខាន់ៗមួយចំនួនដូចជា ការពង្រឹងយន្តការស្ថាប័ន ថ្នាក់ជាតិ តំបន់ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះក៏មាន ការគ្រប់គ្រងតាមគោលដៅទេសចរណ៍អាទិភាព និងពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា។
  
នាយកដ្ឋានបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ បានរៀបចំបើកវគ្គបណ្តុះបណ្តាល  បន្ថែមដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍។ រូបភាពពី៖នាយកដ្ឋានបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍
លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លើកឡើងថា ការបណ្ដុះបណ្តាលមូលធនមនុស្ស​ផ្តោតលើការកសាងសាលាវិជ្ជាជីវៈទេសចរណ៍។ បន្ថែមលើនេះ ការជំរុញផែនការឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានដើរតួយ៉ាងសំខាន់ ដូចជាការចូលរួមពីវិស័យឯកជន និងឌីជីថលភារូបនីយកម្ម​ ដោយចាប់យកបច្ចេកវិទ្យាបម្រើដល់ការផ្តល់សេវា និងការអភិវឌ្ឍផលិតផលនៅក្នុងវិស័យទេសចរណ៍ជារួម។
 
អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ រូបនេះបន្តថា ពាក់ព័ន្ធនឹងការពង្រឹងគុណភាពទេសចរណ៍​ ឃើញថាមានការដាក់ចេញនូវសកម្មភាពជាច្រើន ទាំងការអភិវឌ្ឍស្តង់ដាបៃតងនានា ។ នាពេលកន្លងមក ក្រសួងទេសចរណ៍​ និងដៃគូសហការ បានបើកការបណ្តុះបណ្តាលជំនាញទេសចរណ៍ ទាំងជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងការវិនិយោគទុន និងអក្ខរកម្មឌីជីថល។
  
រូបភាពពី៖នាយកដ្ឋានបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍

លោក សុវណ្ណរ័ត្ន បញ្ជាក់ដូច្នេះ៖ ​«បច្ចុប្បន្ននេះ ក្នុងទិសដៅគឺ បុគ្គលិកម្នាក់ ជំនាញមួយ ប៉ុន្តែក្នុងទិសដៅទៅថ្ងៃមុខ យើងនឹងបន្ថែមលើសពីនេះ គឺបុគ្គលិកម្នាក់ក្រៅពីជំនាញទេសចរណ៍ បុគ្គលិកត្រូវមានជំនាញឌីជីថលបន្ថែមទៀត។»
 
សូមជម្រាបថា វិស័យទេសចរណ៍បានរងនូ​វផលប៉ះពាល់ពីវិបត្តជំងឺកូវីដ-១៩ យ៉ាងណាមិញក្នុងដំណាក់កាលទី១ រដ្ឋាភិបាលក៏បានស្តារឡើងវិញ គឺទាមទារឱ្យមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួន ដូចជាការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តា និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបានឆ្លងដល់ដំណាក់កាលទី២ គឺការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ២០២២-២០២៣ ហើយនាពេលខាងមុខនេះ នឹងដំណើរការដំណាក់កាលទី៣ បន្តទៀតស្តីពី ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា ២០២៤-២០២៥ផងដែរ៕
 

Tag:
 ThmeyThmey25
 លោក អាំង សុវណ្ណរ័ត្ន
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com