ជាតិ
អាជ្ញាធរចាប់បានសាច់បង្កក៥តោន មាន់ និងទន្សាយនាំពីវៀតណាមខុសច្បាប់ ជាង៥០០ក្បាល
24, Jun 2023 , 4:39 pm        
រូបភាព
រូបភាពពី៖ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
រូបភាពពី៖ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
ភ្នំពេញ​៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានរឹបអូស សត្វរស់ចំនួន ៥២០ក្បាល និងសាច់បង្កកចំនួន ៥តោន ខុសច្បាប់ដែលនាំចូលពីប្រទេសវៀតណាម។ នេះ បើតាមលោក ហ៊ុន​ សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។



លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា សត្វរស់និងសាច់បង្កកទាំងនោះរួមមាន​ មាន់រស់ចំនួន ៣៧០ក្បាល សត្វទន្សាយ ១៥០ក្បាល។ ចំណែក សាច់បង្កកមាន ជើងជ្រូកចំនួន ១៦៨កេះ ស្មើនឹង៣,៣៦០គីឡូក្រាម, ពោះវៀនជ្រូកចំនួន ១,១៤០គីឡូក្រាម និងស្លាបមាន់ ៥០០គីឡូក្រាម ដោយសាច់បង្កកមានចំនួន ៥តោន ត្រូវបាននាំចូលពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ  ដើម្បីចែកចាយបន្តនៅភ្នំពេញ។ ក្រុមការងារ បានស្ទាក់ចាប់ម្ចាស់ឡានដឹក សត្វនិងសាច់ខុសច្បាប់ នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែមិថុនា។
 
អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ បានបន្ថែមថា ផលិតផលទាំងនេះ ពុំមានលិខិតអនុញ្ញាតឡើយ ហើយបច្ចុប្បន្នអាជ្ញាធរ បាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានរឹបអូសសត្វគោក្របីរស់ចំនួន ៤០ក្បាល ដែលនាំចូលពីប្រទេសថៃ ដោយគ្មានការអនុញ្ញាតផងដែរ៕
 

Tag:
 ThmeyThmey
  សាច់ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com