ជាតិ
ក្រសួងវប្បធម៌ហាមអ្នកបង្កើតមាតិកាគ្រប់ទម្រង់ មិនឱ្យផលិតវីដេអូប៉ះពាល់តម្លៃស្ត្រី និងកុមារ
24, Jun 2023 , 5:19 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមអ្នកបង្កើតមាតិកា និងទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត(Entertainment Content) គ្រប់ទម្រង់ ដែលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៣ ខែមិថុនា។



នាពេលកន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កេតឃើញថា មានអ្នកផលិតវីដេអូ អ្នកបង្កើត មាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធ បានបង្ហោះវីដេអូតាមបណ្តាញទំនាក់ទំនងសង្គម។ ផលិតវីដេអូខ្លីៗមួយចំនួន មានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ខ្មែរ។
 
ជាមួយគ្នានេះ ក្រសួង ក៏បានឱ្យអ្នកផលិតវីដេអូទាំងនោះបញ្ឈប់ជាបន្ទាន់ នូវការផលិត ផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។ ការហាមឃាត់នេះ ក្នុងគោលបំណងបញ្ចៀសផលប៉ះពាល់ និងរក្សាគុណតម្លៃ ភាពថ្លៃថ្នូរ  ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ជាពិសេសលើកស្ទួយសិទ្ធិស្ត្រី និងកុមារ។ 
 
ករណីបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួង នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ញត្តិច្បាប់ ដែលមានជាធរមាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថា អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវអនុវត្តតាមសេចក្តីណែនាំ នេះដោយស្មារតីទទួលខុសត្រូវបំផុត៕
 

Tag:
 ThmeyThmey
  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com