ជាតិ
ក្រសួងការងារសហការជាមួយសាលាសិង្ហបុរីមួយ ផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់
25, Jun 2023 , 7:59 am        
រូបភាព
លោក តាន់ វីភីន (TAN Wee Pin) នាយកសាលាអន្តរជាតិ SCIA    រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ front
លោក តាន់ វីភីន (TAN Wee Pin) នាយកសាលាអន្តរជាតិ SCIA រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ front
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១,៥លាននាក់ ដែលនឹងអនុវត្តន៍ នាខែសីហា ឆ្នាំ២០២៣។ ក្នុងន័យនេះ គឺធ្វើយ៉ាងណា ភាគីសាលរៀននឹងជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន កាន់តែមានសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

 
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យរៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ១,៥លាននាក់ ដោយរាជរដ្ឋាភិបាលនឹងរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
 
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត  សំហេង   រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោក អ៊ិត សំហេង បានគូសបញ្ជាក់បែបនេះ៖ « ដោយទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះហើយ ទើបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវការដៃគូបន្ថែម ដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនក្នុងចំណោម១,៥លាននាក់នោះ។  ការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិ SCIA នេះ ក៏ជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជាដែរ»។
 
ស្របគ្នានេះដែរ លោក តាន់ វីភីន (TAN Wee Pin) នាយកសាលាអន្តរជាតិ SCIA បានថ្លែងថា៖ «យើងមានកម្មវិធីអប់រំបណ្ដុះបណ្ដាលមកពីសិង្ហបុរីស្រាប់ ដោយមិនចាំបាច់សរសេរកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនោះទេ យើងគ្រាន់តែយកមកផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមតែម្ដង រួមទាំងគ្រូបណ្ដុះបណ្ដាលមកពីសិង្ហបុរីផងដែរ។ គោលដៅនៃកិច្ចសហការជាមួយក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានេះដែរ គឺសំដៅធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន ឱ្យកាន់តែបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា»។
 


គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបប្រមាណ១,៥លាននាក់។ ការបណ្ដុះបណ្ដាលនេះ  ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ព្រមទាំងបង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ គោលនយោបាយជាតិឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់៕
 

Tag:
 វិស័យការងារ
© រក្សាសិទ្ធិដោយ thmeythmey.com