ជាតិ
«គម្រោងអភិវឌ្ឍន៍កុមារតូច» បង្រៀនបច្ចេកទេសដាំបន្លែសុវត្ថិភាពដល់ស្រ្តី ដើម្បីរកចំណូលបន្ថែម
25, Jun 2023 , 8:59 am        
រូបភាព
ដោយ:
«គម្រោងអភិវឌ្ឍន៍កុមារតូច» ជាគម្រោងមួយដែលបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ស្រ្តីមានកូនតូចៗ និងស្រ្តីវ័យកំពុងបន្តពូជ។ គម្រោងនេះ ជ្រើសរើសយកស្រ្តីចូលរួម ដើម្បីលើកកម្ពស់យ៉ែនឌ័រ ព្រមទាំងជួយឱ្យពួកគេអាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងអាចមើលថែកូននៅផ្ទះ។ ចំពោះស្ត្រីចូលជាសមាជិក គឺត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំ របៀបប្រើប្រាស់ដី និងការធ្វើជីកំប៉ុស្តធម្មជាតិ។



លោក ជីម ចុន អ្នកសម្របសម្រួលលើកគម្រោងអភិវឌ្ឍន៍កុមារតូចនៅខេត្តកំពង់ធំ បានលើកឡើងថា ការបង្រៀនបច្ចេកទេសថ្មីៗដល់ស្រ្តី ដើម្បីឱ្យពួកគេដាំដំណាំទទួលបានទិន្នផលច្រើន ។ បើតាមលោក ចុន «គម្រោងអភិវឌ្ឍន៍កុមារតូច» បានណែនាំឱ្យប្រើប្រាស់ជីកំប៉ុស្តទឹក ជីកំប៉ុស្តគោក និងថ្នាំពុលធម្មជាតិ។ គម្រោងនេះ មិនអនុញ្ញាតឱ្យសមាជិកទាំងអស់ប្រើប្រាស់ជីគីមី ឬសារធាតុគីមីនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាព។
  
លោក ជីម ចុន អ្នកសម្របសម្រួលលើកគម្រោងអភិវឌ្ឍន៍កុមារតូចនៅខេត្តកំពង់ធំ។ រូបភាព៖ ញឹក សំអូន

លោក ជីម ចុន បានបន្ថែមថា ប្រើប្រាស់បច្ចេកទេសដាំតាមបែបទំនើប ប្រើជីធម្មជាតិ គឺស្ត្រីទាំងនោះ បានរកកម្រៃពីការលក់បន្លែសុវត្ថិភាព ដោយកាត់បន្ថយការចំណាយក្នុងគ្រួសារ ហើយពួកគេក៏បានហូបបន្លែសុខភាពទៀតផង។ 
 
សម្រាប់ទីផ្សារបន្លែដែលដាំបាន ត្រូវលក់ទៅតាមសាលារៀនដើម្បីយកទៅធ្វើអាហារ ពេលព្រឹកឱ្យកុមារ ព្រោះបន្លែនេះមានសារធាតុចិញ្ចឹមច្រើន ធានាសុវត្ថិភាព មិនបារម្ភមានផលប៉ះពាល់ដោយសារធាតុគីមី។ លោក ជីម ចុន បានបញ្ជាក់ថា៖«ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនដល់សិស្សដែលបរិភោគអាហារពីបន្លែសុវត្ថិភាព សម្បូរសារធាតុចិញ្ចឹម ធ្វើឱ្យសិស្សមានសុខភាពល្អ និងខួរក្បាលឆ្លាតវ៉ៃ»។
 
ចំពោះគម្រោងនេះ ជ្រើសរើសយកតែស្ត្រីប៉ុណ្ណោះ ដោយសារផ្ដោតសំខាន់លើកុមារតូចៗ។ ម្យ៉ាងទៀត ស្ត្រីនៅផ្ទះ ត្រូវមើលថែកូន និងមានទំនាក់ទំនងល្អជាមួយកូន។ សម្រាប់ស្ត្រីដែលទទួលបានការបណ្ដុះបណ្ដាលពីគម្រោងនេះ ក្នុងនោះ ៨០ភាគរយ ជាគ្រួសារមានកូនតូច និង២០ភាគរយ ជាស្រ្តីនៅក្នុងវ័យបន្តពូជ។

កញ្ញា វ៉ុន យ៉េត ជាប្រធានក្រុមដឹកនាំស្រ្តីអនុវត្តន៍លើគម្រោងអភិវឌ្ឍន៍កុមារតូច។ រូបភាព៖ ញឹក សំអូន
 
កញ្ញា វ៉ុន យ៉េត ជាប្រធានក្រុមដឹកនាំស្រ្តីអនុវត្តន៍លើគម្រោងអភិវឌ្ឍន៍កុមារតូច នៅខេត្តកំពង់ធំ បានលើកឡើងថា ស្រ្តី១៥នាក់ បានចូលរួមដាំបន្លែសុវត្ថិភាព ដើម្បីបំពេញតម្រូវរបស់សាលារៀន និងទីផ្សារនៅក្នុងតំបន់។ បើតាមកញ្ញា យ៉េត របរដាំបន្លែនេះ បានជួយឱ្យស្រ្តីទាំងនោះ រកប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ ហើយគ្រួសារបានបរិភោគបន្លែ ដែលមានសុវត្ថិភាព។
 
«ផ្ដោតទៅលើស្រ្តីៗច្រើន ព្រោះពួកគាត់នៅមើលថែកូននៅផ្ទះច្រើនជាងបុរស។ បុរសគាត់ទៅធ្វើការឆ្ងាយពីផ្ទះ ដូច្នេះហើយមានតែស្រ្តី ដែលគាត់មានទំនាក់ទំនងល្អជាមួយកូន។ គាត់ដាំបន្លែសុវត្ថិភាពនៅផ្ទះ មើលថែកូន ហើយអាចរកចំណូលបន្ថែម»។ នេះបើតាមកញ្ញា វ៉ុន យ៉េត។
 
កញ្ញា យ៉េត បានបន្តថា ការដាំបន្លែរបស់ពួកគេ គឺមានលក្ខណៈវិលជុំងាយស្រួលដាំ ហើយមិនធ្វើឱ្យដីខូច ពោលគឺសំដៅលើការដាំផ្ដាស់ប្ដូរប្រភេទបន្លែ។ ស្រ្តីទាំងនោះ បានដាំដំណាំ ត្រកួន ផ្ទី សណ្ដែកគួរ និងស្ពៃជាដើម។
  


ការដាំបន្លែបែបប្រពៃណីទទួលបានផលតិច ព្រោះពួកគេដាំមិនបានលើករង ដោយដាំនៅក្នុងជង្ហុក ហើយពេលមានទឹកដក់ធ្វើឱ្យបន្លែខូចរលួយ។ ក្រោយពេលចូលរួមក្នុងគម្រោងអភិវឌ្ឍន៍កុមារតូច គឺធ្វើតាមបច្ចេកទេស ដោយជ្រើសរើសដី ហើយកាប់ដីហាល ២សប្ដាហ៍ ឬប្រើកំបោរសសម្លាប់មេរោគ បន្ទាប់មកលើករងដាក់ជីលាយជាមួយដី និងដាក់ដាំបន្លែតែម្ដង។ កញ្ញា យ៉េត បានលើកឡើងបែបនេះ។
 
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍កុមារតូច ចាប់ផ្ដើមអនុវត្តន៍ ពីឆ្នាំ២០២០ ដែលបានដាក់គោលដៅនៅក្នុងខេត្តកំពងធំ និងខេត្តព្រះវិហារ។ ក្នុងខេត្តទាំងពីរនេះ គេបានសិក្សាឃើញថា មានកុមារខ្វះអាហាររូបត្ថម្ភច្រើន និងពុំសូវមានអ្នកចេះបច្ចេកទេសផលិតបន្លែសុវត្ថិភាព។ បច្ចុប្បន្នគម្រោងនេះ បានដើរដល់ជំហានទី២ហើយ ដោយជំហានទី១ បានធ្វើនៅស្រុកសណ្ដាន់ មាន៥២ភូមិ ទទួលបានជោគជ័យ និងជំហានទី២ កំពុងធ្វើនៅភូមិ៩២ ក្នុងខេត្តកំពង់ធំ៕
 


Tag:
 ដាំបន្លែសុវត្ថិភាព
  លើកកម្ពស់យ៉ែនឌ័រស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com